ភ្នំពេញៈ សមត្ថកិច្ចជាជំហានដំបូងបានដាក់ការសង្ស័យទៅលើករណីឧកញ៉ាម្នាក់ ត្រូវបានខ្មាន់កាំភ្លើងពីរនាក់បាញ់ ៦ គ្រាប់ស្លាប់ភ្លាមៗនៅខាងមុខហាងលក់ផ្លែឈើមួយម្តុំផ្សារអូឡាំពិក កាលពីយប់ថ្ងៃសៅរ៍ ថាជារឿងគំនុំ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធបានកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនល្មើស ដោយជំហានដំបូងសង្ស័យថា ជារឿងគំនុំ។
លោកថា៖ «យើងទាមទារឲ្យមានកិច្ចសហការពីពលរដ្ឋផងដែរ ដើម្បីបង្ការកុំឲ្យមានបទល្មើសបែបនេះកើតឡើងបន្តទៀត។ ជាធម្មតាជនអាក្រក់ទាំងនោះ នៅទីងងឹតប៉ូលិស ពិបាកធានា ១០០% ចំពោះបញ្ហាទាំងនេះណាស់»។
លោក ខេង ទីតូ បន្ថែមថា ពលរដ្ឋទូទៅមានសិទ្ធិស្នើការការពារបើសង្ស័យថា ខ្លួនអាចនឹងរងគ្រោះថ្នាក់ ចំណែកក្រុមគ្រួសារឧកញ៉ានោះ ក៏អាចស្នើការការពារផងដែរ រហូតដល់សំណុំរឿងនេះ ត្រូវបានរកឃើញការពិត។
ចំណែកឯ លោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មិនបាននិយាយអ្វីច្រើនទេ ដោយលោកគ្រាន់តែបញ្ជាក់ថា៖ «អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការលើរឿងនេះហើយ»។
ហេតុការណ៍នៃការបាញ់លោក ឧកញ៉ា អ៊ឹង ម៉េងជឺ បានកើតឡើងនៅម៉ោង ជាង ៧យប់ នៅចំណុចមុខហាងលក់ផ្លែឈើ យីហោ ឡោ តិចសេង តាមផ្លូវព្រះសីហនុ កែងផ្លូវ ១០៥ ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

លោក ចេង ភេទ បុគ្គលិកផ្នែកយាមរថយន្ត និងម៉ូតូនៃហាងលក់ផ្លែឈើ ដែលមានវត្តមាននៅទីតាំងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះនោះ បានបើករថយន្តមកឈប់មុខហាងនៅម៉ោង ៧ និង ១២ នាទី និងចុះបានប្រហែលបីជំហាន បន្ទាប់ពីលោកបានបើកទ្វារឲ្យនោះ ស្រាប់តែខ្មាន់កាំភ្លើងពីរនាក់ ជិះម៉ូតូ មកចតនៅកែងហាងក្បែរបង្គោលភ្លើង ៣ ទៅ ៤ ម៉ែត្រពីរថយន្តជនរងគ្រោះ រួចដើរតម្រង់មកបាញ់ជនរងគ្រោះពីក្រោយ ១ គ្រាប់ និងខាងមុខចំដៃ និងខ្លួន ៥ គ្រាប់ទៀត។
លោក ចេង ភេទ ថា៖ «គាត់នៅក្បែរខ្ញុំប្រហែល ១ ម៉ែត្រ ដំបូងខ្ញុំស្មានតែជនល្មើសនោះជា អង្គរក្សរបស់ជនរងគ្រោះ ព្រោះឃើញឈប់ដើរតម្រង់មកជនរងគ្រោះតែម្តង ហើយនៅពេលបាញ់មួយគ្រាប់ដំបូង ខ្ញុំក៏រត់ទៅក្រោយប្រមាណ ៥ ម៉ែត្រ។ ខ្ញុំឃើញ ជនរងគ្រោះលើកដៃ ព្យាយាមប្រាប់កុំឲ្យបាញ់ តែជនល្មើសបានបន្តបាញ់បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ រួចក៏ត្រឡប់ឡើងម៉ូតូគេចបាត់ទៅ ដោយមិនមានអ្នកហ៊ានឃាត់ឡើយ។ ខ្ញុំសង្កេតឃើញថា ទឹកមុខជនរងគ្រោះពេលចុះពីឡាន គឺមិនសូវសប្បាយចិត្តឡើយ»។
បើតាមលោក ចេង ភេទ ក្រោយកើតហេតុប្រមាណ ៥ ទៅ ៦ នាទី ទើបប៉ូលិសមូលដ្ឋានមកដល់កន្លែងកើតហេតុ ប៉ុន្តែជនល្មើសបានគេចខ្លួនបាត់ទៅហើយ។
តាមរយៈកំណត់ហេតុរបស់ប៉ូលិស បុរសរងគ្រោះ មានតំណែងជាឧកញ៉ា មានឈ្មោះ អ៊ឹង ម៉េងជឺ បានបើករថយន្ត ឡិចស៊ីស ៥៧០ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2M-1683 ចំណែកជនល្មើសទាំងពីរនោះ ជិតម៉ូតូហុងដាឌ្រីម សេ ១២៥ ប្រើកាំភ្លើងម៉ាក ឡុក CZ 89 និងបានបាញ់អស់ចំនួន ១០ គ្រាប់តែផ្ទុះចំនួន ៦ គ្រាប់ក្នុងនោះ ៤ គ្រាប់ បានធ្លាយចូលទៅក្នុងខ្លួនរបស់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ។ តាមរយៈខ្សែអាត់វីដេអូ ដែលមានភ្ជាប់នៅខាងលើហាងទំនិញ ជនដៃដល់ ស្លៀកសម្លៀកបំពាក់ស៊ីវិល និងពាក់មួកកន្តឹប ហើយបង្កសកម្មភាពស្ទើរមិនដល់ ១ នាទីផង។
លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានស្គាល់ថា ជាម្ចាស់សហគ្រាស Shimmex Group (ក្រុមហ៊ុនសំណង់ ហេង ហុងសេង)។ ភរិយារបស់លោក ឈ្មោះ តាំង គឹមឆេង ដែលជាថៅកែហាងពេជ្រ ហុង កុង មានទីតាំងនៅជិតផ្សារធំថ្មី។ អ្នកទាំងពីរ មានកូនប្រុស ២ នាក់ និងកូនស្រីម្នាក់។
លោក ខាន ពិសិដ្ឋ ប្រធានគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ បានឲ្យដឹងថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាថោកែក្រុមហ៊ុនរបស់លោក គឺជាមនុស្សសប្បុរសធម៌ ចិត្តល្អចំពោះបុគ្គលិក និងមានស្នាដៃការងារ មិនប្រកួតប្រជែងនឹងអ្នកដទៃឡើយ។ លោកថា៖ «តាមខ្ញុំដឹង គាត់ធ្វើការរកស៊ីធម្មតា ហើយក្រុមហ៊ុននេះ មិនមានជម្លោះអ្វីនឹងដៃគូឡើយ។ ប៉ុន្តែរឿងផ្ទាល់ខ្លួនរបស់គាត់ គឺខ្ញុំមិនដឹងច្បាស់ឡើយ»។
លោក ហិនរី ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ បានបដិសេធការឆ្លើយតប កាលពីម្សិលមិញនេះ ខណៈជាប់រវល់ពិធីបុណ្យសព៕