ភ្នំពេញៈ ព្រះសង្ឃពីរអង្គ ដែលជាសាក្សី និងជាដើមបណ្តឹងរដ្ឋប្បវេណី គង់នៅ វត្តសាមគ្គីរង្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ករណីឃាតកម្មចាក់នឹងកាំបិតលើព្រះសង្ឃមួយអង្គស្លាប់ភ្លាមៗពីសំណាក់សង្ឃដូចគ្នានៅក្នុងវត្តនេះ ដែលកើតឡើង កាលពី ខែមករា ឆ្នាំ២០១៥។
ក្រោយបញ្ចប់ការសាកសួរ នៅម៉ោងជាង ១០ ព្រឹក ព្រះសង្ឃព្រះនាម ថាច់ សុខុន ជាដើមបណ្តឹងរដ្ឋប្បវេណី និងជាប្អូនជីដូនមួយរបស់ជនរងគ្រោះ បានមានសង្ឃដីកាថា ក្នុងជំនួបបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរ លោក ហេង សុខណា គឺព្រះតេជគុណ បានស្នើឲ្យតុលាការពន្លឿនការរកយុត្តិធម៌ និងទាមទារសំណងសមរម្យ គួបផ្សំនឹងការសាងសង់ចេតិយមួយសម្រាប់តម្កល់អដ្ឋិធាតុរបស់ជនរងគ្រោះ។
ចំណែកព្រះសង្ឃ ថាច់ វណ្ណា ដែលជាសាក្សីនោះ ឲ្យដឹងដែរថា ការសួរនាំនេះ គ្រាន់តែជាការរំឭកនូវអង្គហេតុឡើងវិញ ករណីឃាតកម្ម ដែលកើតឡើងដោយជម្លោះនោះ។
មិនអាចសុំការឆ្លើយតបពីចៅក្រមស៊ើបសួរ លោក ហេង សុខណា បានទេ កាលពីម្សិលមិញ។
បើតាមចៅអធិការវត្តស្តីទី ព្រះតេជគុណ ថាច់ ហាសំអាង នោះ ដើមបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿងនេះ ក៏បានទាមទារសំណងជំងឺចិត្ត ចំនួន ២ ម៉ឺនដុល្លារពីជនល្មើសផងដែរ។ ព្រះអង្គចង់ឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះករណីឃាតកម្មនេះ ដោយដាក់ការសង្ស័យថា កើតឡើងដោយការបង្គាប់បញ្ជាពីខាងក្រោយខ្នង។
កាលពីថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៥ ព្រះតេជគុណ ថាច់ ខាន់ អតីតគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្ស៊ី ត្រូវបានអតីតលោកសង្ឃឈ្មោះ លី ទ្វឹង ធ្វើគត់ដោយចាក់នឹងកាំបិតចំបំពង់ក បណ្តាលឲ្យសុគត ហើយត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស៕