
ភ្នំពេញៈ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់សមាជិកសហជីព និងកម្មករចំនួន៨នាក់ របស់សហជីពសេរីកម្មករ ដែលត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីធ្វើការស៊ើបអង្កេត ក្រោមការចោទប្រកាន់ពីបទញុះញង់ក្នុងអំពើហិង្សានៅរោងចក្រសាប្រ៊ីណា កាលពីដើមខែមិថុនា។
លោក កៅ ទី មេធាវីចុងចោទ នៃសហជីពសេរីកម្មករបានថ្លែងថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដោយបដិសេធសំណើនៅក្រៅឃុំរបស់ចុងចោទ៨នាក់បន្ទាប់ពីសវនាការអសាធារណៈកាលពីថ្ងៃសុក្រមុន។
លោកមេធាវី បញ្ជាក់ថាការបដិសេធសំណើសុំឲ្យកូនក្តីនៅក្រៅឃុំនេះចៅក្រម សំអាងថា បើដោះលែងពួកគេទាំង៨នាក់ឲ្យនៅក្រៅឃុំ អាចនឹងបង្កបញ្ហាជាថ្មីទៀត តែលោកគិតថាបើពួកគេនៅក្រៅឃុំគេអាចរកចម្លើយថ្មីបាន។
លោក កៅ ទី បានសង្កត់ធ្ងន់ថា លោកនឹងបន្តប្តឹងសារទុក្ខទៅតុលាការកំពូលទៀត។ លោកថ្លែងថា៖«យើងនឹងមិនប្រឆាំងនឹងការសម្រេចឃុំខ្លួនរបស់តុលាការទេ បើពួកគេពិតជាបង្កឬបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនមែន ប៉ុន្តែ ពួកគេមិនបានធ្វើដូច្នោះទេ។ យើងសង្ឃឹមថា តុលាការកំពូលនឹងពិចារណាហើយយល់ព្រមដោះលែងពួកគេតាមសំណើយើង»។
លោក ឆែម រិទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺដែលកាន់រឿងក្តីនេះ បានប្រាប់ថា លោកមិនអនុញ្ញាតឲ្យមន្រ្តីសហជីពនិងកម្មករទាំង៨នាក់នោះ នៅក្រៅឃុំបានទេ ពីព្រោះដំណើរការស៊ើបអង្កេតមិនទាន់បានបញ្ចប់នៅឡើយ។
លោក បញ្ជាក់ថា៖«ដំណើរការនៃការសាកសួរដើមចោទនិងសាក្សីក្នុងករណីរោងចក្រសាប្រ៊ីណា មិនទាន់ចប់ទេ ដូច្នេះយើងមិនអាចដោះលែងពួកគេឲ្យនៅក្រៅឃុំបានឡើយ ព្រោះវាអាចបង្កការប៉ះពាល់ឬរំខានដល់ការស៊ើបអង្កេតរបស់តុលាការ»។
លោក ឆែម រិទ្ធី បន្តថា លោកមិនទាន់បានកំណត់ថ្ងៃបើកសវនាការលើរឿងក្តីនេះនៅឡើយទេព្រោះការស៊ើបអង្កេតមិនទាន់ចប់ហើយលោកនឹងបន្តហៅសាក្សីជាច្រើនទៀត ដើម្បីមកសាកសួរពួកគេអំពីរឿងនេះ។
អ្នកស្រី Susan Chen ប្រធានរោងចក្រកាត់ដេរសាប្រ៊ីណា បានអំពាវនាវក្នុងប្រព័ន្ធឃោសនាក្នុងស្រុកឲ្យរាជរដ្ឋាភិបាលកម្ពុជា«ប្រកាន់ខ្ជាប់ខ្ជួន នូវសិទ្ធិរបស់វិនិយោគិនដែលជាអ្នកគោរពច្បាប់ពិតប្រាកដ ដូចជា ករណីក្រុមហ៊ុនសាប្រ៊ីណានេះ ជាដើម។
អ្នកស្រីបានកត់សម្គាល់ថា៖ «ប្រសិនបើវិនិយោគិនមិនត្រូវគេផ្តល់ការការពារខាងផ្លូវច្បាប់ តាមដែលពួកយើងសមនឹងទទួលទេនោះ វាអាចនឹងប៉ះពាល់ខ្លាំងដល់មុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ហើយវាក៏នឹងធ្វើឲ្យរាំងស្ទះទៅដល់ដំណើរការវិនិយោគ នៅក្នុងប្រទេសកម្ពុជារបស់វិនិយោគិនដែលមកពីទូទាំងពិភពលោកផងដែរ»៕ NR