
ភំ្នពេញៈ សាលាឧទ្ធរណ៍កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសសាលដីកាបន្ថយទោសស្រ្តីចំណាស់ជនជាតិ វៀតណាម ម្នាក់ពីជាប់ពន្ធនាគារ ១៧ ឆ្នាំ ឲ្យមកនៅត្រឹម ៨ ឆ្នាំវិញ ក្រោមការចោទប្រកាន់ពីការជួញដូរមនុស្សនិងសញ្ចារកម្ម។
លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា សាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសឈ្មោះ គឹម ជី អាយុ ៧៤ឆ្នាំ ដាក់ពន្ធនាគារចំនួន ៨ឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោមការចោទពីបទជួញដូរមនុស្សនិងអំពើសញ្ចារកម្ម។
លោក ចៅក្រមបន្តថា៖ «តុលាការកំពូល ឲ្យសរុបទោសចូល ហើយជនជាប់ចោទមានវ័យចាស់ទៅហើយ ហេតុនេះសាលាឧទ្ធរណ៍សម្រេចស្រូបទោសបញ្ចូលគ្នាដោយផ្តន្ទាទោសដាក់ពន្ធនាគារត្រឹម ៨ ឆ្នាំវិញ»។
តាមអង្គហេតុ នៅក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ ២០០៥ ស្រ្តីជាប់ចោទរូបនេះបានទិញនារីវ័យក្មេងម្នាក់ពីស្រ្តីម្នាក់ទៀត ក្នុងតម្លៃ ៤០០ ដុល្លារអាមេរិក។ នារីរងគ្រោះម្នាក់នេះត្រូវគេដឹកតាមរថយន្តឈ្នួលពីទីក្រុង ភ្នំពេញ ទៅកាន់ខេត្ត ស្ទឹងត្រែង ឲ្យលក់កាហ្វេ ម៉ាស្សាកោសជប់ និងបម្រើផ្លូវភេទ។
សំណុំរឿងនេះសាលាដំបូងខេត្ត ស្ទឹងត្រែង បានបើកសវនាការជំនុំជម្រះនិងប្រកាសសាលក្រម ចុះថ្ងៃ ទី២៣ ខែ មីនា ឆ្នាំ ២០០៦ សម្រេចផ្តន្ទាទោសឈ្មោះ គឹម ជី ដាក់ពន្ធនាគារ ១២ឆ្នាំ ពីបទជួញដូរមនុស្ស និងត្រូវដាក់ឃុំបន្ថែម ៥ ឆ្នាំទៀត ពីបទសញ្ចារកម្ម សរុបទោសទៅត្រូវជាប់គុក ១៧ ឆ្នាំ និងបានបង្គាប់ឲ្យសងជំងឺចិត្តជាប្រាក់ទៅ នារីរងគ្រោះ ២ ពាន់ដុល្លារអាមេរិក។
តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍នឹងការសម្រេចនេះហើយសាលាឧទ្ធរណ៍ នៅថ្ងៃ ទី១៥ ខែ មករា ឆ្នាំ ២០០៩ បានសម្រេចរក្សាសេចក្តីសម្រេចរបស់សាលាដំបូងខេត្ត ស្ទឹងត្រែង នៅដដែល ហើយជនជាប់ចោទក៏បន្តប្តឹងសារទុក្ខមកតុលាការកំពូលទៀត ហើយតុលាការកំពូលក៏បានបើកសវនាការសម្រេចបង្វិលសំណុំរឿងនេះ ទៅឲ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញ កាលពីថ្ងៃ ទី១៧ ខែ កក្កដា ឆ្នាំ ២០១៣។
ក្នុងសវនាការឧទ្ធរណ៍កាលពីម្សិលមិញ ជនជាប់ចោទអវត្តមានតែ លោក នូ ចន្ថា មេធាវីការពារក្តីឲ្យស្រី្តរូបនេះ បានស្នើសុំឲ្យតុលាការបន្ធូរបន្ថយទោសឲ្យកូនក្តីលោក ដោយសារថា គាត់មានវ័យចំណាស់។
នៅតុលាការកំពូលនាពេលកន្លងមក គឹម ជី ឆ្លើយប្រាប់តុលាការថា គាត់នៅភូមិ ចម្ការដូង ឃុំ ស្ពានថ្ម ស្រុក-ខេត្ត ស្ទឹងត្រែង ហើយនៅថ្ងៃមួយ មានស្រ្តីម្នាក់ឈ្មោះ កែវ ណាន បានមកឈប់ឡានមុខផ្ទះគាត់ជាមួយនឹងក្មេងស្រី ៣ នាក់ ចាប់ពីអាយុ ២០ ឆ្នាំឡើងទៅ។ ពេលនោះ កែវ ណាន បានមកជួបនិងខ្ចីលុយគាត់ ២០ ម៉ឺនរៀល ថា យកទៅឲ្យថ្លៃឡានគេសិន និងបានលក់នារី ព្រំ ចាន់ ឲ្យគាត់ តែគាត់ប្រកែក។ ប៉ុន្តែ ក្រោយមកគាត់ត្រូវឈ្មោះ កែវ ណាន និង ព្រំ ចាន់ណា ប្តឹងគាត់ទៅវិញ ហើយថា ឈ្មោះ ព្រំ ចាន់ណា បាននៅជាមួយគាត់តែ ៣ ថ្ងៃទេ។
ជនជាប់ចោទ គឹម ជី និយាយបន្តថា នៅផ្ទះគាត់គ្រាន់តែបើករបរលក់កាហ្វេធម្មតាប៉ុណ្ណោះ និងគ្មានបន្ទប់ផងទេ ហេតុនេះគាត់សូមស្នើឲ្យតុលាការមេត្តាពិចារណាឡើងវិញ ហើយសុំដោះលែងគាត់ឲ្យមានសេរីភាពវិញផង៕