The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រីជា​ថៅកែ​អេត​ចាយ​និង​កូន​ស្រី​ត្រូវ​ឃាតក​សម្លាប់​កណ្តាល​ក្រុង​បាត់​ដំបង

ស្ត្រីជា​ថៅកែ​អេត​ចាយ​និង​កូន​ស្រី​ត្រូវ​ឃាតក​សម្លាប់​កណ្តាល​ក្រុង​បាត់​ដំបង

ស្ត្រីជា​ថៅកែ​អេត​ចាយ​និង​កូន​ស្រី​ត្រូវ​ឃាតក​សម្លាប់​កណ្តាល​ក្រុង​បាត់​ដំបង

121206_09
សពស្រីរងគ្រោះជាថៅកែទិញអេតចាយម្តាយនិងកូន សហការី

បាត់ដំបងៈ សមត្ថកិច្ច​កំពុង​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ឃាតក​សម្លាប់​ស្ត្រី​ថៅកែ​អេត​ចាយ​២នាក់​ម្តាយ​និង​កូន នៅ​ក្នុង​ផ្ទះ នៅ​សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់​ដំបង​កាល​ពី​ព្រលប់​ថ្ងៃ​អង្គារ។

លោក ជេត វណ្ណី ស្នង​ការ​រង​នគរបាល​ខេត្ត​បាត់​ដំបង​បាន​ប្រាប់​ពី​ម្សិល​មិញ​ថា ជន​សង្ស័យ​ជា​ឃាតក​លើ​ស្រី​ថៅកែ​អេត​ចាយ​និង​កូន សមត្ថកិច្ច​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​បន្ទាប់​ពី​បាន​សន្និដ្ឋាន​ថា​ឃាតក​មាន​តែ​ម្នាក់​ឯង​នោះ។

លោក​បាន​បញ្ជាក់​ថា៖ «ឃាតក​ជា​មនុស្ស​ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​ហើយ​អត្តសញ្ញាណ​ជន​នេះ​ក៏​ត្រូវ​បាន​កំណត់​ហើយ​ដែរ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ប្រាប់​ឲ្យ​លម្អិត​បាន​ទេ»។

លោក ឡាច ប្រុស នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​បាត់​ដំបង បាន​ឲ្យ​ដឹង​តាម​ការ​បំភ្លឺ​របស់​សាក្សី​នៅ​ក្នុង​ផ្ទះ​ថា មុន​កើត​ហេតុ​ក្មេង​រងគ្រោះ​បាន​ត្រឡប់​មក​ពី​រៀន​គួ ហើយ​ក៏​ឲ្យ​ចុង​ភៅ​ម្នាក់​ឆុង​មី​ឲ្យ​ញ៊ាំ​រួច​ហើយ​ក៏​ឌុប​ស្រ្តី​រង​គ្រោះ​ជា​ម្តាយ​ទៅ​ទារ​លុយ​គេ។ ពេល​នោះ​ប្រហែល​ជា​ជន​សង្ស័យ​ដើរ​តាម​ក្រោយ​ក្មេង​ស្រី​រង​គ្រោះ ខណៈ​នាង​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​ក៏​ធ្វើ​សកម្មភាព​រឹត​ក​សម្លាប់​ក្មេង​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​ទឹក​នាង​តែ​ម្តង។

លោកប្រាប់​បន្ត​ថា ក្នុង​ការ​សន្និដ្ឋាន​ក្រោយ​ពី​ឃាតក​សម្លាប់​ក្មេង​រង​គ្រោះ​ហើយ​នោះ​ឃាតក​បាន​សម្ងំ​នៅ​ក្នុង​បន្ទប់​ពេល​ម្តាយ​ក្មេង​រង​គ្រោះ​មក​ផ្ទះ​វិញ វា​ក៏​ធ្វើ​សកម្មភាព​សម្លាប់​ម្តាយ​បន្ត​ទៀត។

លោក​បន្ត​ឲ្យ​ដឹង​ថា៖ «ជន​រងគ្រោះ​ជា​ម្តាយ​មាន​ស្នាម​ចាក់​ចំ​ក្បាល​ពី​ក្រោយ​២​កន្លែង​ប៉ុន្តែ​មិន​ដឹង​ថា​ជា​កាំបិត​ឬ​ជា​អ្វី​ទេ​នៅ​ក្នុង​បន្ទប់​ដេក រីឯ​កូន​ស្រី​មាន​ស្នាម​រឹតក​សម្លាប់​ក្នុង​បន្ទប់​ទឹក ហើយ​ឃាតក​មាន​តែ​ម្នាក់​ទេ»។

តាម​កម្មករ​ក្នុង​ផ្ទះ​ថា ឃាតក​សម្លាប់​ម្តាយ​កូន​ហើយ​វា​បាន​រត់​ចេញ ទៅ​បុក​ស្រ្តី​ជា​កម្មករ​និង​កូន​ប្រុស​ជន​រង​គ្រោះ ខណៈ​គេ​ឆោ​ឡោ​នោះ​ដោយ​មាន​ពាក់​ម៉ាស់។

លោក​ឲ្យ​ដឹង​ដែរ​ថា ស្រ្តី​ជា​ម្តាយ​ឈ្មោះ ឈួរ មួយ អាយុ​៤៥​ឆ្នាំ​ជា​ថៅកែ​ទិញ​លក់​អេត​ចាយ រីឯ​កូន​ស្រី​រង​គ្រោះ​ឈ្មោះ តាំង គាង មាន​អាយុ​១៣​ឆ្នាំ នៅ​ក្រុម​ទី​៤០ ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង​និង​កើត​ឡើង​នៅ​ចន្លោះ​ម៉ោង​១៨​ដល់​ម៉ោង​២១ នៅ​ផ្ទះ​ជន​រង​គ្រោះ ខណៈ​ដែល​ក្រុម​កម្មករ​នៅ​ក្នុង​ផ្ទះ​បាន​ចូល​ដេក​អស់​ហើយ​ប្តី​ទៅ​មើល​ហាង​អេត​ចាយ​មួយ​ទៀត នៅ​ក្រុង​ប៉ោយ​ប៉ែត។

លោកថ្លែង​ថា ទ្រព្យ​សម្បត្តិ​ជន​រង​គ្រោះ​មិន​មាន​ការ​បាត់​បង់​អ្វី​ទេ​ប៉ុន្តែ​ឃាតក​បាន​បន្យល់​ទុក​មួក​កាតិប​មួយ ហើយ​ករណី​នេះ​ខាង សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​រឿង​គំនុំ​ព្រោះ​ប៉ុន្មាន​ខែ​មុន​ជន​រង​គ្រោះ​ជា​ម្តាយ​បាន​បញ្ឈប់ និង​បណ្តេញ​កម្មករ​ម្នាក់​នេះ​ឲ្យ​ឈប់​ធ្វើ​ការ។

បុរស​ជា​ស្វាមី និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ឃាតកម្ម​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕

អត្ថបទគួរចាប់អារម្មណ៍