ភ្នំពេញៈ សាលារាជធានីភ្នំពេញបានចេញសារាចរកំណត់ឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈនិងហ្គាស មានទីតាំងស្ថិតនៅតាមដងវិថីសំខាន់ៗ ដែលក្បួនគណៈប្រតិភូឆ្លងកាត់តម្រូវឲ្យផ្អាកអាជីវកម្មពីថ្ងៃទី១៩-២០ខែវិច្ឆិកា ។
មហាវិថីដែលត្រូវហាមឃាត់អាជីវកម្មប្រេងឥន្ធនៈ រួមមាន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស មហាវិថីសុធារស និងតាមបណ្តោយមហាវិថីព្រះនរោត្តម។ ខ្សែទី១ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្តុបបេកាសេ និងពីស្តុបបេកាសេតាមមហាវិថីព្រះមុនីវង្ស ដល់រង្វង់មូលស្តាតចាស់។ ខ្សែទី២ ចាប់ពីសណ្ឋាគារសូហ្វីតែល ភ្នំពេញ កាត់តាមមហាវិថីព្រះសុធារស មហាវិថីព្រះ នរោត្តម និងមហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់វិមានសន្តិភាព។ ខ្សែទី៣ ចាប់ពីសណ្ឋាគារអាំងទែរកុងទីណង់តាល់ តាមមហាវិថីម៉ៅសេទុង មហាវិថីព្រះនរោត្តម និងមហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់វិមានសន្តិភាព។ នេះបើយោងតាមសារាចរណែនាំ របស់សាលារាជធានី ចេញថ្ងៃទី១៦ ខែវិច្ឆិកា។
លោក ឡុង ឌីម៉ង់ នាយកទីចាត់ការនិងជាអ្នកនាំពាក្យសាលារាជធានីបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីបានកំណត់ទៅលើស្ថានីយប្រេងឥន្ធនៈនិងស្ថានីយហ្គាស ត្រូវផ្អាកធ្វើអាជីវកម្មសិន ព្រោះរយៈ២ថ្ងៃនេះ ជាថ្ងៃសំខាន់ដែលគណៈប្រតិភូប្រទេសមហាអំណាចមកចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី២១ នៅប្រទេសកម្ពុជាយើង។
លោកបន្តថា៖ «មុននឹងឲ្យផ្អាកការធ្វើអាជីវកម្មនេះ សាលារាជធានីបានប្រាប់ទៅម្ចាស់ស្ថានីយទាំងអស់ហើយ ហើយពួកគាត់ក៏ឯកភាពយល់ព្រមទៅតាមសំណើនេះដែរ»។
លោកបន្តថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមពីថ្ងៃ១៣ដល់ថ្ងៃទី២៣ខែវិច្ឆិកា សាលារាជធានីក៏បានកំណត់បិទជាបណ្តោះអាសន្ន នូវផ្លូវឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី៦កន្លែង រួមមាន៖ច្រកផ្លូវលេខ២១៥ ច្រកផ្លូវចូលវត្តទឹកថ្លា មុខស្ថានីយប្រេងឥន្ធនៈតេលាទឹកថ្លា ច្រកផ្លូវខាងលិចរោងចក្រកាត់ដេរទឹកថ្លា និងរោងចក្រចូលផ្សារកាណាឌីយ៉ាប្លាហ្សា ផ្លូវមុខធនាគារកាណាឌីយ៉ាណា និងផ្លូវចូលវត្តអង្គតាមិញ។ ក្នុងនោះ ការធ្វើចរាចរណ៍រថយន្តដឹកប្រេងឥន្ធនៈនិងដឹកទំនិញ កំណត់ឲ្យចូលក្រុងត្រឹមម៉ោង១២យប់ដល់ម៉ោង៥ភ្លឺ៕