បាត់ដំបងៈ សមត្ថកិច្ចស្រុក សំពៅលូន ខេត្ត បាត់ដំបង បានឃាត់ខ្លួនស្រីខ្ទើយអាយុ ២៩ ឆ្នាំម្នាក់ បញ្ជូនទៅតុលាការកាលពីល្ងាចថ្ងៃចន្ទ ពីបទបោកប្រាស់ក្មេងស្រីវ័យ ១៣ ឆ្នាំម្នាក់យកទៅរួមភេទក្នុងទឹកដីថៃ។
លោក ឈិត សេង អធិការរងស្រុក សំពៅលូន ឲ្យដឹងថា ម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹងមកអធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីកូនស្រីទូរស័ព្ទពីថៃមកប្រាប់ឲ្យជួយ ខណៈត្រូវជនសង្ស័យនាំទៅបង្ខំរួមភេទ។
លោកបន្តថា ឈ្មោះ ជៀម សុឃីម បាននាំក្មេងស្រីនេះពីផ្ទះកាលពីថ្ងៃទី២២ ខែ កក្កដា បានទៅដល់ប្រទេសថៃ ថ្ងៃទី២៥ ខែ កក្កដា ហើយបានបង្ខំក្មេងស្រីរូបនេះឲ្យរួមភេទជាមួយខ្លួន។
លោក ឈិត សេង ប្រាប់ថា៖ «ម្ដាយបានទៅនាំនាងត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃ ទី២៩ ខែ កក្កដា និងបានដាក់ពាក្យបណ្ដឹងមកយើង។ ក្មេងស្រីនេះប្រាប់ខ្ញុំថា សុឃីម ជាស្រីខ្ទើយបានបង្ខំនិងគំរាមវាយដំនាង បើសិននាង មិនព្រមរួមភេទជាមួយគេទេ»។
លោកអធិការរងអះអាងថា៖ «បន្ទាប់ពីបានទទួលពាក្យបណ្ដឹង និងសួរនាំក្មេងស្រីរួច យើងបានស៊ើបរកជនសង្ស័យ ហើយបានចាប់ខ្លួននាងពីថ្ងៃចន្ទនេះពេលត្រឡប់ចូលមកកម្ពុជាវិញ»។
លោក សេង បញ្ជាក់ថា ជនសង្ស័យសារភាពពីអ្វីដែលខ្លួនបានប្រព្រឹត្ត ហើយថា នេះមិនមែនជាលើកដំបូងរបស់ខ្លួនទេ នាងបានប្រព្រឹត្តបែបនេះជាមួយស្រីៗជាច្រើនទៀតផងដែរ។
លោក ជេត វណ្ណនី ស្នងការរងខេត្ត បាត់ដំបង ពីម្សិលមិញបានឲ្យដឹងថា លោកនឹងបញ្ជូនជនសង្ស័យទៅតុលាការនៅល្ងាចថ្ងៃចន្ទ។ លោកបន្តថា៖ «ខ្ញុំកំពុងរៀបចំឯកសារមួយចំនួន រួមនឹងជនសង្ស័យបញ្ជូនទៅតុលាការនៅល្ងាចនេះ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់»។
លោកបន្ថែមថា ករណីនេះមិនអាចសម្របសម្រួលបានទេ ដោយសារជនសង្ស័យបានប្រព្រឹត្តល្មើសទៅលើក្មេងក្រោមអាយុ ១៥ ឆ្នាំ ហើយលោកបានចោទប្រកាន់បឋមពីបទរំលោភផ្លូវភេទលើអនីតិជន តែមិនដឹងថា តុលាការនឹងចាត់ការយ៉ាងណាទេ ករណីនេះ៕ PN