សៀមរាបៈ មនុស្សប្រាំពីរនាក់បានស្លាប់គរលើគ្នា ក្នុងអណ្តូងទឹកមួយមានជម្រៅប្រមាណ ៥ ម៉ែត្រដែលដើមហេតុដោយសារតែចុះទៅយកលុយចំនួន ៣ ពាន់រៀលដែលបានធ្លាក់ចូលទៅក្នុងអណ្តូងនេះ កាលពីថ្ងៃសៅរ៍ ស្ថិតក្នុង ភូមិសាលាក្រវាន់ ឃុំចេក ស្រុកបន្ទាយស្រី។
លោក មុយ ណន អធិការស្តីទី ស្រុកបន្ទាយស្រី បានឲ្យដឹងកាលពីម្សិលមិញថា មនុស្ស ៧នាក់ ដែលនៅក្នុងនោះ មានស្រី ២ នាក់បានស្លាប់នៅក្នុងអណ្តូងលូ ហើយក្នុងចំណោមសាកសពនោះមាន ៣ នាក់ជាកូនរបស់ម្ចាស់អណ្តូងនោះ។
លោក ណន បានរៀបរាប់ពីហេតុការណ៍នេះថា នៅព្រឹកថ្ងៃសៅរ៍ បុរសដែលជាម្ចាស់អណ្តូង និងជាឪពុករបស់ក្មេង ៣នាក់ ដែលបានស្លាប់នោះបានឱនដងទឹកដោយប្រើខ្សែយោងពីក្នុងអណ្តូង តែចៃដន្យ គាត់ក៏បានជ្រុះដែកកេះ និងលុយ ៣០០០ រៀលចូលទៅក្នុងអណ្តូង ដែលមានទឹកប្រហែលជាក្រោមជង្គង់។ «ឪពុកនោះក៏បានដាក់បង្អោងទៅក្នុងអណ្តូង រួចចុះទៅក្នុងនោះដើម្បីរកដែកកេះ និងលុយដែលបានជ្រុះ។ គាត់បានរកឃើញដែកកេះ តែលុយរកមិនឃើញទេ ក៏ឡើងមកវិញ រួចគាត់ស្រែកប្រាប់កូនគាត់ថា គាត់បានជ្រុះលុយ ៣ ពាន់រៀល ក្នុងអណ្តូង រួចក៏ដើរទៅផ្ទះអ្នកផ្សេងបាត់ ដោយមិនបានលើកយកបង្អោងនោះចេញពីអណ្តូងទេ»។
លោកបានឲ្យដឹងទៀតថា លុះនៅម៉ោងប្រមាណជា ៥ ល្ងាចថ្ងៃដដែល កូនប្រុសអាយុ ១១ ឆ្នាំរបស់ម្ចាស់អណ្តូងនេះ បានចុះទៅក្នុងអណ្តូងតាមបង្អោងដែលឪពុករបស់គេ បានដាក់កាលពីព្រឹកដើម្បីរកលុយដែលបានជ្រុះចូលទៅក្នុងអណ្តូងនោះ។ ប៉ុន្តែជាអកុសលកូននោះបានស្លាប់បាត់។ ចំណែកបងស្រីរបស់ក្មេងនោះដោយបានបាត់ប្អូនយូរពេកក៏ចុះទៅតាម ក៏ស្លាប់ទៀត រហូតឈានចូលដល់ស្លាប់មនុស្ស ៧ នាក់បន្តបន្ទាប់គ្នា ដោយសារពួកគេចុះទៅជួយអ្នកមុនៗដោយមិនគិតថា នឹងមានហេតុការណ៍ដូចនេះកើតឡើង។
លោកអធិការស្តីទីបានបន្តទៀតថា មនុស្ស ទី៨ ត្រូវបានអ្នកភូមិជួយលើកមកវិញទាន់ពេលនៅពេលដែលគាត់បានចុះទៅដល់កង់ទី៣ នៃលូអណ្តូង រួចបញ្ជូនទៅកាន់មណ្ឌលសុខភាពជួយសង្គ្រោះជីវិតទាន់ពេល។
លោកបានថ្លែងថា៖ «មន្រ្តីសុខាភិបាលបានចុះទៅចែកអំណោយជាមួយនឹងកាកបាទក្រហមខេត្តដល់គ្រួសារជនរងគ្រោះ បាននិយាយថា នៅក្នុងអណ្តូងនោះខ្វះខ្យល់អុកស៊ីសែន នៅពេលល្ងាច។ ដូច្នេះហើយ បានជាឪពុកជនរងគ្រោះមិនមានបញ្ហានៅពេលព្រឹក ដែលគាត់បានចុះទៅក្នុងអណ្តូងនោះ»។
អាជ្ញាធរបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវករណីដែលបានកើតមានឡើងដូចនេះទៀត។
អ្នកនាង ចែ ឆាន អាយុ ៣០ឆ្នាំ ដែលត្រូវជាបងស្រីរបស់កុមារ ៣ នាក់ដែលបានស្លាប់មុនគេ បាននិយាយកាលពីម្សិលមិញថា ដោយសារតែជីវភាពគ្រួសារក្រលំបាក ទើបធ្វើឲ្យប្អូនៗរបស់នាងចង់បានលុយ ៣ ពាន់រៀលនោះ។
អ្នកនាងបានថ្លែងថា៖ «ខ្ញុំពិតជាមានការសោកស្តាយអ្នកទាំងអស់គ្នាណាស់ ជាពិសេសប្អូនៗរបស់ខ្ញុំ។ ដោយសារតែចង់បានលុយនោះ ទើបពួកគេមិនគិតថា នឹងមានគ្រោះថ្នាក់អ្វីកើតឡើងចំពោះពួកគេដូចនេះ»។
ជនរងគ្រោះដែលបានស្លាប់ក្នុងអណ្តូងមាន ចែ អូន ភេទប្រុសអាយុ ១១ឆ្នាំ ចែ ជា ភេទស្រី អាយុ ១៣ឆ្នាំ ចែ រតនា ភេទស្រីអាយុ ១៥ឆ្នាំ។ ពួកគេជាបងប្អូនបង្កើតនឹងគ្នា។ ហាយ ចាន់ឌី ភេទប្រុសអាយុ ១២ឆ្នាំ និង ហាយ សង់ដា ភេទប្រុសអាយុ ២២ឆ្នាំ ត្រូវជាបងប្អូនបង្កើត។ លោក ពៀត ព្នង អាយុ ៣៥ឆ្នាំ និង តយ តៀម អាយុ ២៧ឆ្នាំ។
សាកសពជនរងគ្រោះទាំង ៧ នាក់នេះត្រូវធ្វើការបូជាកាលពីរសៀលម្សិលមិញនៅក្បែរអណ្តូងដែលពួកគេស្លាប់រួមគ្នា៕