ភ្នំពេញៈ មនុស្សពីរនាក់បានស្លាប់ និង ៥ នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តក្រុងដឹកភ្ញៀវទេសចរវៀតណាម បុកទៅលើរ៉ឺម៉កកង់បី ក្នុងទិសដៅបញ្ច្រាសគ្នានៅបណ្តោយផ្លូវជាតិលេខ ១ មុខសាលាបឋមសិក្សាក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
អនុប្រធានប៉ុស្តិ៍នគរបាលសង្កាត់វាលស្បូវ លោក ធូ សាខន ដែលមានវត្តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ១២ និង ៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែមេសាម្សិលមិញនេះ។
លោក ធូ សាខន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ រ៉ឺម៉កកង់បី និងម៉ូតូដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតបានធ្វើដំណើរស្របទិសគ្នានៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីភ្នំពេញទៅកៀនស្វាយ លុះទៅដល់ចំណុចមុខសាលាបឋមសិក្សាភូមិក្តីតាកុយ ស្រាប់តែរថយន្តក្រុងដឹកអ្នកទេសចរ វៀតណាម ម៉ាកហ៊ីយ៉ាន់ដាយ បានជ្រុលចង្កូតមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះរ៉ឺម៉កកង់បីចំនួនពីរនាក់ស្លាប់ នៅកន្លែងតើតហេតុ និង ៥ នាក់ទៀតរងរបួសធ្ងន់ និងស្រាល។
លោកថា៖ «អ្នកបើកបរនោះ ជ្រុលចង្កូតទំនងជាធ្លាក់ភ្នែកពេក ពេលគ្រោះថ្នាក់ភា្លម អ្នកបើកបរនោះ បានរត់ចេញពីឡាន និងរត់ប្រមាណជា ១ គីឡូម៉ែត្រ ដោយខ្លាចប្រជាពលរដ្ឋព្រួតវាយ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបានឃាត់ខ្លួនបានវិញ»។
លោក សាខន បានឲ្យដឹងដែរថា អ្នកបើកបររថយន្តបង្កហេតុគឺជាជនជាតិខ្មែរ (មិនចាំឈ្មោះ) ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោកដើម្បីចាត់វិធានការផ្លូវច្បាប់នៅយប់ដដែលវេលាម៉ោង ៣ ទៀបភ្លឺ។
បើយោងទៅតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ងាំ ប៊ុនថន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងកាត់តរូបភាព ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកម្នាក់ទៀត ឈ្មោះ វ៉ាន់ ស្រី ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដោយឡែក អ្នករបួសធ្ងន់ស្រាលទាំង ៥ នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
លោក សាខន បានឲ្យដឹងទៀតថា ជនដែលបង្កហេតុរហូតមកដល់ពេលនេះកំពុងត្រូវបានសាកសួរដោយមន្ត្រីជំនាញនៅឡើយទេ៕