The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្លាប់ ៤ របួស ៧ នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ស្លាប់ ៤ របួស ៧ នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

រថយន្ត​ដែល​រង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង​ពី​ម្សិលមិញ។
រថយន្ត​ដែល​រង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង​ពី​ម្សិលមិញ។ រូបថត សហការី

ស្លាប់ ៤ របួស ៧ នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

បាត់ដំបងៈ មនុស្ស​ប្រុស​ស្រី​ព្រម​ទាំង​ក្មេងៗ​ចំនួន​ ៤ ​នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ និង​មនុស្ស ៧ ​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

លោក​អនុសេនីយ៍ឯក លី រ៉ុម អធិការរង​ស្រុក​សំពៅលូន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នេះ​បាន​បង្ក​ឡើង​រវាង​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​ស័ង្កសី​បុក​ជាមួយ​រថយន្ត​ឡិចស៊ីស​ដែល​រត់​តាក់ស៊ី​មាន​ផ្ទុក​មនុស្ស​ ១២ ​នាក់​។

លោក​បាន​ថ្លែង​ថា៖ «ឡាន​ទាំង​ពីរ​បាន​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ក្រោម​ភ្លៀង​រលឹម​ស្រិចៗ ប៉ុន្តែ​មក​ដល់​ផ្លូវ​កោង​ដែល​ជា​កន្លែង​​កើតហេតុ​អ្នក​បើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​បាន​​បើក​ជ្រុល​ទៅក្នុង​គន្លង​ផ្លូវ​រថយន្ត​ឡិចស៊ីស​ធ្វើឲ្យ​បុក​ពេញ​ទំហឹង​ចំ​ពី​មុខ​តែ​ម្តង»។

លោក លី រ៉ុម បាន​បន្ត​ទៀត​ថា​លោក​ លាង សីហា អាយុ​ ៣០ ​ឆ្នាំ និង​គូដណ្តឹង​ឈ្មោះ ជ្រុយ ចិន្តា អាយុ​ ២៩ ​ឆ្នាំ​ព្រមទាំង​កុមារា​ ២ ​នាក់​ទៀត​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ដោយ​កៀប​ជាប់​នឹង​រថយន្ត​តែ​ម្តង។

លោក​បាន​​ឲ្យ​ដឹង​ទៀត​ថា រីឯ​អ្នក​ជិះ​ក្នុង​រថយន្ត​នេះ​​ចំនួន​ ៧ ​នាក់​រងរបួស​ក្នុង​នោះ​មាន​ ៤ ​នាក់​បាន​របួស​ធ្ងន់​។ ចំណែក​ទារិកា​ទើប​នឹង​កើត​ម្នាក់​មិន​រងរបួស​អ្វី​ទេ។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បញ្ជូន​ទៅ​មន្ទីរ​ទាហាន​​ដែល​នៅក្នុង​ស្រុក​នោះ​ភ្លាមៗ​ផង​ដែរ។

លោក លី រ៉ុម បាន​បញ្ជាក់​ទៀត​ថា៖ «តាម​ការ​សន្និដ្ឋាន​ដំបូង​តាមរយៈ​ការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​អ្នក​បើកបរ​រថយន្ដ​ហ៊ីយ៉ាន់ដាយ​គឺជា​អ្នក​បង្ក​ហេតុ​ដែល​ពេល​នេះ​យើង​កំពុង​តែ​ស៊ើប​អង្កេត​​រក​ចាប់​ខ្លួន​អ្នក​បើកបរ​រូប​នេះ​បន្ទាប់ពី​គេ​បាន​រត់​គេច​ខ្លួន​បាត់​ក្រោយ​បង្ក​គ្រោះថ្នាក់​ភ្លាមៗ»។

លោក​បាន​បន្ថែម​ថា​អ្នក​រងរបួស​មាន​ សៀក គឹមហាន ភេទ​ស្រី អាយុ​ ៤៩ ​ឆ្នាំ ធី គឹមរ៉ុង ភេទ​ស្រី អាយុ ២៥ ​​ឆ្នាំ ចាន់ ឃាង ភេទ​ស្រី អាយុ​ ៣០ ឆ្នាំ ជូត សារ័ត្ន​ភេទ​ប្រុស​អាយុ​ ១៨ ឆ្នាំ ជូត សារី ភេទ​ស្រី អាយុ ២២ ឆ្នាំ ជូត សាវ័ន្ត ភេទ​ប្រុស​អាយុ​ ១៦ ​ឆ្នាំ និង​ជូត សុខុម ភេទ​ស្រី អាយុ​​ ២៧​ ឆ្នាំ។

លោក​វរសេនីយ៍ត្រី ណយ សូភី នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី ​១ ​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន។

លោក​បាន​បញ្ជាក់​ថា៖ «គ្រោះថ្នាក់​ចរាចរណ៍​មាន​​ ១៣៨ ​ករណី​ថយ​ចុះ​​ ១៧ ​ករណី​បើ​ធៀប​រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន។ មាន​មនុស្ស​ ៦៣ ​នាក់​បាន​ស្លាប់​ថយ​ចុះ​ ៦ ​នាក់​របួស​ធ្ងន់​ ១២៩ ​នាក់​ថយ​ចុះ​ ២៥ ​នាក់​ចំណែក​អ្នក​របួស​ស្រាល​ ៩៧ ​នាក់​កើន ១៤ ​នាក់»។

លោក ណយ សូភី បាន​បញ្ជាក់​ទៀត​ថា​គ្រោះថ្នាក់​ទាំងនេះ​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ១៥២ ​គ្រឿង​រថយន្ត​តូច ៤០ ​គ្រឿង​​រថយន្ត​ធំ ៩ ​គ្រឿង គោយន្ត​ ១០ ​គ្រឿង​ កង់​បី​ ៥ ​គ្រឿង​ និង​កង់​ចំនួន​ ១ ​គ្រឿង។

លោក​បាន​បញ្ជាក់​​​បន្ថែម​​ថា៖ មូលហេតុ​ដែល​បង្ក​ឲ្យ​​មាន​​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក​នេះ​បណ្តាល​មកពី​អ្នក​បើកបរ​ស្រវឹង​បើកបរ​ហួស​ល្បឿន​កំណត់​មិន​គោរព​សិទ្ធិ​អាទិភាព​មិន​ប្រកាន់​ស្តាំ និង​មាន​មូល​ហេតុ​មួយ​ចំនួន​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍