The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហាង​ទិញ​វត្ថុ​បុរាណ​ពី​ចោរ លក់​នៅ​ម្តុំ​ទួល​ទំពូង​ត្រូវ​ប៉ូលិល​ឆ្មក់​ចូល​ឆែក​ឆេរ




ហាង​ទិញ​វត្ថុ​បុរាណ​ពី​ចោរ លក់​នៅ​ម្តុំ​ទួល​ទំពូង​ត្រូវ​ប៉ូលិល​ឆ្មក់​ចូល​ឆែក​ឆេរ

ហាង​ទិញ​វត្ថុ​បុរាណ​ពី​ចោរ លក់​នៅ​ម្តុំ​ទួល​ទំពូង​ត្រូវ​ប៉ូលិល​ឆ្មក់​ចូល​ឆែក​ឆេរ

130124_10
សមត្ថកិច្ចរឹបអូសយកវត្ថុបុរាណដែលចោរលួចមកលក់ឲ្យហាង ឧត្តមឆៃ អាស៊ានអាត ម្តុំទួលទំពូង ម៉ៃ វីរៈ

ភ្នំពេញៈ ផ្ទះ​លក់​វត្ថុ​បុរាណ នៅ​ខាង​ត្បូង​ផ្សារ​ទួល​ទំពូង យីហោ ឧត្តម​ឆៃ អា​ស៊ាន អាត នៅ​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន ត្រូវ​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ភ្នំពេញ ឆ្មក់​ចូល​ឆែក​ឆេរ​កាល​ពី​ម៉ោង​៨​កន្លះ​ព្រឹក​ម្សិល​មិញ។

ប្រតិបត្តិការនេះ សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុ​បុរាណ​៤មុខ ពី​ក្នុង​៦មុខ ដែល​សង្ស័យ​ថា ចោរ​លួច​ពី​វត្ត​រាជ​បូព៌ ក្រុង​សៀម​រាប​មក​លក់​នៅ​ហាង​មួយ​នេះ។

កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ និង​ស្លៀក​ពាក់​ស៊ីវិល​បាន​សម្រុក​ចូល​ទៅ​ក្នុង​ហាង តែ​ហាម​មិន​ឲ្យ​អ្នក​កាសែត​ចូល​ថត​រូប​ទេ ខណៈ​ជន​សង្ស័យ​ជា​ម្ចាស់​ផ្ទះ​មិន​នៅ​ផ្ទះ តែ​បាន​នាំ​ខ្លួន​កូន​ប្រុស ដែល​នៅ​មើល​ខុស​ត្រូវ​ទៅ​សាក​សួរ​នៅ​ក្រសួង​មហា​ផ្ទៃ។

លោក​ឧត្តម​សេនីយ៍​ត្រី ជ័យ រិទ្ធី អនុប្រធាន​នាយក​ដ្ឋាន​នគរបាល​ការ​ពារ​បេតិក​ភណ្ឌ​ក្រសួង​មហា​ផ្ទៃ ដែល​ដឹក​នាំ​កម្លាំង​ចុះ​ឆែក​ឆេរ​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា «សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុ​បុរាណ​ដែល​លួច​ចេញ​ពី​ខេត្ត​សៀម​រាប​មួយ​ចំនួន ប៉ុន្តែ មិន​បាន​ឃាត់​ខ្លួន​ម្ចាស់​ហាង​ជា​ឪពុក​ម្តាយ​ទេ គ្រាន់​តែ​បាន​នាំ​ខ្លួន​កូន​ប្រុស​២​នាក់​យក​ទៅ​សួរ​នាំ​តែ​ប៉ុណ្ណោះ»។

លោក ដួង សុខា នាយ​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត​សៀមរាប ដែល​ស៊ើប​អង្កេត​ករណី​នេះ​និង​បាន​ចុះ​ឆែក​ផ្ទាល់​ដែរ​នោះ​បាន​ប្រាប់​ថា៖​«វត្ថុ​បុរាណ​ដែល​បាត់​ពី​ក្នុង​វត្ត​បូព៌​នោះ មាន​ជួង​សំរឹទ្ធិ​២គូ កង​សំរឹទ្ធិ​៤គូ ទុំ​ហ៊ូ​សំរឹទ្ធិ​២គូ កាវ​សំរឹទ្ធិ​១គូ និង​បន្តោង​ខ្សែក​សំរឹទ្ធិ​២​គូទៀ​ត។ ប៉ុន្តែ ថ្ងៃ​នេះ​សមត្ថកិច្ច​រក​ឃើញ​និង​រឹប​អូស​បាន​វិញ មាន​កង១​គូ ក្រវិល​២គូ បន្តោង​ខ្សែ​ក១ និង​កាវ​១គូ គឺ​នៅ​បាត់​វត្ថុ​បុរាណ​ខ្លះ​ទៀត»។

ប្រតិបត្តិ​ការ​នេះ​គឺ​បន្ទាប់​ពី​មាន​របាយ​ការណ៍​ថា វត្ថុ​បុរាណ​ដែល​បាត់​នៅ​វត្ត​រាជបូព៌​ត្រូវ​ជន​សង្ស័យ​នាំ​មក​ដាក់​លក់​នៅ​ផ្ទះ​លក់​វត្ថុ​បុរាណ​ខាង​ត្បូង​ផ្សារ​ទួល​ទំពូង​នេះ ប៉ុន្តែ សមត្ថកិច្ច​មិន​បាន​រក​ឃើញ​គ្រប់​មុខ​ទេ និង​កំពុង​តែ​ស្រាវ​ជ្រាវ​រក​ជា​បន្ត​ទៀត។

លោក ដួង សុខា ប្រាប់ថា៖​«យើង​កំពុង​នាំ​ខ្លួន​កូន​ប្រុស​ម្ចាស់​ហាង​២​នាក់​ទៅ​សាក​សួរ​នៅ​ក្រសួង​មហាផ្ទៃ​សិន និង​នៅ​រង់​ចាំ​ការ​សម្រេច​របស់​ព្រះ​រាជ​អាជ្ញា ក្នុង​ការ​ចាត់​វិធាន​ការ​ចំពោះ​ម្ចាស់​ផ្ទះ ដែល​មិន​ចូល​ខ្លួន​មក​បំភ្លឺ»។

លោកបន្តថា វត្ថុ​តាង​ដែល​រឹប​អូស​បាន​វិញ​នោះ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ហើយ ហើយ​ហាង​លក់​វត្ថុ​បុរាណ​ផ្ទះ​លេខ​១២៤ ផ្លូវ​៤៥០ ត្រូវ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​ស៊ើប​អង្កេត​បញ្ចប់។

លោក ដួង សុខា បន្តឲ្យ​ដឹង​ថា មាន​វត្ថុ​បុរាណ​៦​មុខ ត្រូវ​ចោរ​លួច​គាស់​ទូ​យក​ពី​វត្ត​រាជ​បូព៌ ក្នុង​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី ៩ ខែ មករា ខណៈ​វត្ថុ​ទាំង​នោះ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​សារមន្ទីរ និង​នៅ​ឯ​ក្រសួង​វប្បធម៌​រួច​ហើយ។

បន្ទាប់​ពី​បាត់​វត្តុ​បុរាណ​ទាំង​នេះ សមត្ថកិច្ច​ខេត្ត​សៀមរាប ស្រាវ​ជ្រាវ​ឃើញ​យុវជន​សង្ស័យ​ម្នាក់​ឈ្មោះ ឫទ្ធី សែន អាយុ​២០​ឆ្នាំ ជា​កូន​សិស្ស​លោក​មក​ស្នាក់​នៅ​រៀន​ធម៌​បួស ឯ​ឪពុក​ជន​នេះ​ជា​អ្នក​ទុក​ដាក់​វត្ថុ​បុរាណ​ក្នុង​វត្ត​ក៏​ត្រូវ​តុលាការ​ខេត្ត​ឃុំ​ខ្លួន​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍