The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឡាន​ដឹក​ក្បឿង​កិន​មីន​តោន​ផ្ទុះ​ស្លាប់ ១ របួស​ម្នាក់​នៅ​មេមត់




ឡាន​ដឹក​ក្បឿង​កិន​មីន​តោន​ផ្ទុះ​ស្លាប់ ១ របួស​ម្នាក់​នៅ​មេមត់

ឡាន​ដឹក​ក្បឿង​កិន​មីន​តោន​ផ្ទុះ​ស្លាប់ ១ របួស​ម្នាក់​នៅ​មេមត់

កំពង់ចាមៈ ព្រូ​ឡាន​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ឯ​អ្នក​បើកបរ​បាន​រង​របួស​ធ្ងន់ ដោយ​សារ​តែ​បើកបរ​រថយន្ត​ដឹក​ក្បឿង​ទៅ​កិន​លើ​មីន​តោន​ផ្ទុះ កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ដ​កំពង់ចាម។

លោក អ៊ុំ ហឿង នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ស្លាប់​ឈ្មោះ អាន ទូច ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​ព្រូ​ឡាន ឯ​អ្នក​បើកបរ​រង​របួស​ឈ្មោះ ស្វិត ឃ្លោក ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់​នៅ ភូមិ​ត្របែក ឃុំ-ស្រុក​មេមត់ ខេត្ដ​កំពង់ចាម។

លោក​ប្រាប់​ថា មុន​កើត​ហេតុ​ជន​រងគ្រោះ​បាន​បើក​រថយន្ត​ដឹក​ក្បឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3B 1523 នៅ​លើ​ផ្លូវ​ក្នុង ភូមិ​ត្របែក លុះ​មក​ដល់​ទី​កើត​ហេតុ​ក៏​កិន​ចំ​មីន​តោន​កប់​ដី​មួយ​គ្រាប់​ផ្ទុះ​ឡើង​តែ​ម្តង បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដែល​ស្លាប់​រង​អំបែង​គ្រាប់​ស្ទើរ​សុស​ពេញ​ខ្លួន។

លោក​បន្ត​ថា អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឯ​អ្នក​ស្លាប់​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ហើយ​រថយន្ត​ខូច​ខាត​ត្រូវ​សមត្ថកិច្ច​ស្ទូច​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក។

លោក​ថា តំបន់​កើត​ហេតុ​ជា​អតីត​តំបន់​ឈរ​ជើង​និង​ផ្លូវ​ឆ្លង​កាត់​របស់​អតីត​ទ័ព​ខ្មែរ​ក្រហម​ក្នុង​សម័យ​សង្គ្រាម​ដែល​ខាង​ស៊ីម៉ាក់​មិន​ទាន់​បាន​សម្អាត​គ្រាប់​អស់​នៅ​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍