បាត់ដំបងៈ អ្នកកាសែតនិងមន្រ្តីសាលារាជធានីភ្នំពេញ បានស្លាប់និងរងរបួសធ្ងន់ស្រាល ប្រមាណ ៧ នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្ត ១២ កៅអី បុកនឹងរថយន្តក្រុងដឹកអ្នកដំណើរមួយ នៅក្នុងស្រុក មោងឫស្សី ខេត្ត បាត់ដំបង នៅពីវេលាម៉ោង ៣ រសៀល កាលពីថ្ងៃ ទី២៣ ខែ តុលា ខណៈកំពុងធ្វើដំណើរចុះបំពេញបេសកកម្ម។
លោក សាត គឹមសាន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្ត បាត់ដំបង ពីម្សិលមិញបានឲ្យដឹងថា មានអ្នកស្លាប់ពីរនាក់ ក្នុងនោះ មានម្នាក់ជាអ្នកកាសែត កោះសន្តិភាព និងម្នាក់ទៀតជាអ្នកបើកបរ។ លោកថា៖ «ឡានរងគ្រោះថ្នាក់នោះជាឡានកាកបាទក្រហម ដែលផ្ទុកមនុស្ស ៧ នាក់ រួមមានអ្នកកាសែតផង»។
លោកបន្ថែមថា ឡាននេះបានធ្វើដំណើរពីភ្នំពេញទៅខេត្ត បាត់ដំបង មកដល់ចំណុចកើតហេតុបានវាក់នឹងឡានក្រុងក្រុមហ៊ុន កាពីតូល ឈប់ដាក់អ្នកដំណើរប្រុងនឹងបើកចេញ។ ឡានដឹកអ្នកកាសែតប្រុងនឹងវ៉ានោះបានវាក់នឹងឡានមួយទៀតដែលបើកបញ្ច្រាសទិសគ្នាធ្វើឲ្យអ្នកបើកបរងាកចង្កូតមកវិញ រួចទៅប៉ះនឹងកន្ទុយរថយន្ត កាពីតូល បង្កឲ្យមានគ្រោះថ្នាក់តែម្តង។លោកថា អ្នករបួសត្រូវបញ្ជូនទៅមណ្ឌលសុខភាពនៅក្បែរនោះដើម្បីសង្គ្រោះ។
លោក ណាន់ សំណាង ភ្នាក់ងារទូរទស្សន៍ ស៊ីអិនស៊ី ដែលធ្វើដំណើរទៅខេត្ត បាត់ដំបង ដែរ តែជិះឡានផ្សេងគ្នា បាននិយាយថា៖ «អ្នកកាសែតដែលស្លាប់មានលោក ទី អ៊ុយសុង ភ្នាក់ងារកាសែត កោះសន្តិភាព និងលោក សុខ ពិសិដ្ឋ មន្រ្តីកាកបាទក្រហមនៃសាលារាជធានីភ្នំពេញ»។
លោកបន្តថា អ្នកដែលរងរបួសធ្ងន់ លោក ស្រូយ នីកា អ្នកកាសែត រស្មីកម្ពុជា លោក អ៊ុក ប៉ុណ្ណរ៉ា នៅទូរទស្សន៍ ហង្សមាស និងមន្ត្រីសាលារាជធានីបីនាក់។
លោក រឿន នី មន្រ្តីកាកបាទក្រហមដែលដឹកនាំអ្នកកាសែតចុះយកព័ត៌មានឲ្យដឹងកាលពីម្សិលមិញថា ពួកគេនឹងត្រូវចូលរួមយកព័ត៌មានពីការចែកអំណោយរបស់កាកបាទក្រហម ដឹកនាំដោយលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅស្រុក បាណន់ ខេត្ត បាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។ លោកមានការសោកស្តាយចំពោះឧបទ្ទវហេតុនេះណាស់ តែ ដំណើរការនៃការចែកអំណោយនឹងនៅតែបន្ត។
លោកថា សាកសពអ្នកទាំងពីរ បានបញ្ជូនទៅឲ្យក្រុមគ្រួសារនៅភ្នំពេញហើយ៕