កំពតៈ យ៉ាងហោចមានមនុស្សចំនួន ៥ នាក់បានស្លាប់ និង ៨ នាក់ទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីល្ងាចថ្ងៃម្សិលមិញ នៅក្នុង ស្រុកឈូក ខេត្តកំពត។
លោក អ៊ឹម ឈុន ស្នងការរងខេត្តទទួលបន្ទុកសណ្តាប់ធ្នាប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តបីគ្រឿងបុកគ្នានៅចន្លោះផ្លូវពី កំពត ទៅ ស្រុកព្រៃនប់ ត្រង់ចំណុច ដងទង់ នៅម៉ោងជាង ៥ ល្ងាចថ្ងៃអាទិត្យ។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបង្កពីរថយន្តធុនធំកង់ ១៦ បានប៉ះទង្គិចគ្នាជាមួយរថយន្តកាមរីមួយគ្រឿងហើយបន្ទាប់បានបន្តទៅបុកពេញទំហឹងជាមួយរថយន្តទួរីសដឹកអ្នកដំណើរមួយគ្រឿងទៀតដែលបើកស្របទិសគ្នានឹងរថយន្តកាមរី។
លោកមានប្រសាសន៍ថា៖ «មកទល់ពេលនេះមនុស្ស ៥ នាក់បានស្លាប់នៅនឹងកន្លែងនិង ៨ នាក់ផ្សេងទៀតដែលរងរបួសត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត»។
លោកបន្តថា ករណីនេះខាងនគរបាលខេត្តកំពុងតែធ្វើការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ដែលពេលនេះសាកសពទាំងអស់ស្ថិតនៅកន្លែងកើតហេតុនៅឡើយ ហើយអាជ្ញាធរកំពុងស្ទូចរថយន្តជួបគ្រោះថ្នាក់មកទុកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។
បើតាមលោកស្នងការរងរូបនេះឲ្យដឹងដែរថា ជនរងគ្រោះភាគច្រើនអាចជាប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំដងទង់ ស្រុកឈូក នេះព្រោះរថយន្តនេះរត់ឈ្នួលពី ដងទង់ ទៅ កំពង់សោម។
លោកថា អ្នកស្លាប់សុទ្ធតែជាបុរសឯអ្នករបួស ៨ នាក់មានស្ត្រីម្នាក់ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ ដែលមិនទាន់ដឹងថា តើអាចសង្គ្រោះបានឬយ៉ាងណាទេ។
សមត្ថកិច្ចនៅកន្លែងកើតហេតុអះអាងថា អ្នកបើកបររថយន្តទួរីសស្លាប់ដោយកៀបជាប់នឹងរថយន្តខណៈអ្នកបើកបររថយន្តធុនធំបង្កហេតុបានរត់គេចខ្លួនបាត់៕