ស្វាយរៀងៈ បុរសម្នាក់រងរបួសធ្ងន់រលាកពេញខ្លួន ត្រូវបញ្ជូនទៅមន្ទីរពេទ្យវៀតណាម ភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ រីឯផ្ទះ ៥ ខ្នងរបស់ប្រជាពលរដ្ឋ ៩ គ្រួសារបានរងការឆេះខូចខាត ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ។ ហេតុការណ៍នេះ បានកើតឡើងក្នុង ភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក តូច ទីទួន នាយរងនៃអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង បានឲ្យដឹងកាលពីម្សិលមិញថា អគ្គិភ័យនេះ បានកើតឡើងនៅម៉ោងជាង ៤ រសៀលរហូតដល់ម៉ោងជិត ៧ យប់ដែលនាំឲ្យបុរសម្នាក់ របួសធ្ងន់ និងមនុស្សមួយចំនួនទៀតរងរបួសបន្តិចបន្តួច។ លោកបានបន្តថា ក្រោយកើតហេតុនេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ព្រមជាមួយនឹងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្ត បានសហការជួយពន្លត់អគ្គិភ័យនោះ ដោយប្រើប្រាស់ឡានទឹកចំនួន ២ គ្រឿង ស្របពេលដែលមានភ្លៀងរលឹមតិចៗ នៅម៉ោងជាង ៦។
លោក តូច ទីទួន បានឲ្យដឹងថា សមត្ថកិច្ចនៅមិនទាន់កំណត់បានពីមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាតបាននៅឡើយទេកាលពីយប់មិញនេះ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតលម្អិតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕