ភ្នំពេញៈ ព្រះសង្ឃដែលចាក់សម្លាប់សង្ឃកម្ពុជាក្រោមដូចគ្នា នៅវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌដែលអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីម្សិលមិញ។
មន្ត្រីតុលាការបានឲ្យដឹងថា ជនដៃដល់ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ត្រូវចៅក្រមសម្រេចឃុំខ្លួននៅពន្ធនាគារក្រោយពីបានបញ្ចប់ការសាកសួរពីរសៀលថ្ងៃពុធ ទី១៤ ខែមករានេះ។
លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកបានសម្រេចចោទប្រកាន់ជនដៃដល់រួចហើយ។
លោកបន្តថា៖ «ខ្ញុំធ្វើការចោទប្រកាន់ពីបទប្រើហិង្សាដោយមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ»។ បទចោទមួយនេះ ដូចនឹងអ្វីដែលនគរបាលខណ្ឌមានជ័យ បានធ្វើការចោទប្រកាន់ជាបឋមដែរ ដែលអាចនឹងជាប់ ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ។
ព្រះសង្ឃព្រះនាម ថាច់ ខាន់ ព្រះជន្ម ៣៤ វស្សា ជាសង្ឃខ្មែរកម្ពុជក្រោមមានដើមកំណើតនៅខេត្តឃ្លាំង ត្រូវព្រះសង្ឃវ័យក្មេង ចាក់នឹងកាំបិតចិតផ្លែឈើចំកញ្ចឹងក និងត្រូវដៃ បណ្តាលឲ្យរងគ្រោះដល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងជម្លោះរឿងវិន័យក្នុងវត្ត កាលពីថ្ងៃទី១២ ខែមករា។
ទោះយ៉ាងណាក្រោយការចាប់ខ្លួន ជនដៃដល់បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនក៏ត្រូវលោកគ្រូសូត្រឆ្វេងអង្គនេះវាយទាត់ធាក់ស្ទើររាល់ថ្ងៃដែរដោយសារតែចោទថា ខ្លួនជាអ្នកបង្កបក្ខពួកប្រឆាំងនឹងលោក។
ព្រះតេជគុណ ថាច់ ខាន់ តែងចូលរួមយ៉ាងសកម្មភាពធ្វើការតវ៉ាក្នុងសង្គម ទាក់ទិននឹងបញ្ហាជម្លោះដីធ្លី សិទ្ធិមនុស្ស និងការចូលរួមតវ៉ានៅមុខស្ថានទូត វៀតណាម ដូចគ្នានឹងសង្ឃដទៃទៀត នៅក្នុងវត្តដែលសុទ្ធតែសង្ឃខ្មែរកម្ពុជាក្រោមនេះដែរ។
ទោះយ៉ាងណា សមាគមខ្មែរកម្ពុជាក្រោម បានស្នើទៅសមត្ថកិច្ចឲ្យធ្វើការស៊ើបអង្កេតបន្ត ព្រោះគេយល់ថា អាចមានអ្នកនៅពីក្រោយ ហើយសុំឲ្យស្វែងរកចាប់ខ្លួនជននៅពីក្រោយ មកដាក់ទោសតាមច្បាប់៕