កំពតៈ អតីតទាហានខ្មែរក្រហមភ្នំវល្លិ ២៦ គ្រួសារ បានជំទាស់និងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍តបទៅនឹងសាលក្រមសាលាដំបូងខេត្តកំពតដែលសម្រេចឲ្យពួកគាត់ចាញ់ក្តីជម្លោះដីធ្លី និងដាក់ពន្ធនាគារម្នាក់២ឆ្នាំ និងឲ្យចេញសំណងរួម១៨លានរៀល ថែមទៀត។
លោក ឃុត ឃាន តំណាងម្នាក់ក្នុងចំណោម៤នាក់ ដែលត្រូវសាលាដំបូងខេត្តកំពតចេញដីកាចាប់ខ្លួនកាលពីម្សិលមិញបានប្រាប់ថា ពួកគាត់មានឈ្មោះ មាស អាង ស៊ ចេង យ៉ាវ រុណនិងផាន់ សារ៉េត ដែលជាតំណាងឲ្យអតីតទាហានខ្មែរក្រហមភ្នំវល្លិទាំង២៦គ្រួសារនោះកំពុងរងការបង្គាប់ឲ្យចាប់ខ្លួនបន្ទាប់ពីតុលាការចេញសាលក្រមឲ្យចាញ់ក្តីកាលពីដើមខែវិច្ឆិកានេះ ក្នុងរឿងទាមទារដី៥៨ហិកតា នៅភូមិត្រពាំងព្រីងខាងជើង ស្រុកទឹកឈូ។
លោកបន្តឲ្យដឹងថា ដីទំនាស់គឺជាដីដែលអតីតទាហានខ្មែរក្រហមកាន់កាប់តាំងពីឆ្នាំ១៩៩៤ បន្ទាប់ពីធ្វើសមាហរណកម្មតាមការស្នើសុំរបស់អតីតមេបញ្ជាការរងលោក ឈូក រិន ស្នើទៅអាជ្ញាធរស្រុកកំពតជំនាន់លោក មាស សាផន ដែលបានចុះហត្ថលេខាទទួលស្គាល់ឲ្យពួកគាត់ធ្វើស្រែដាំដំណាំចិញ្ចឹមគ្រួសារហូតមក។ប៉ុន្តែ ក្រោយមកក៏ត្រូវអង្គភាពកងទ័ពដឹកនាំដោយលោកពៅ ណាត ជាមេក្រុមចំណុះឲ្យវរសេនាតូចលេខ១ ក្រុងកែប ដឹកនាំកម្លាំងចុះមករឹបអូសយក។លោកឲ្យដឹងបន្តថា នៅថ្ងៃទី២៩ តុលា ២០០៥ ស្រាប់តែមានដីកាពីតុលាការនិងឈ្មោះ ពុធ ធាវី ប្តឹងពួកគាត់ទាំង២៦គ្រួសារថា បានរំលោភយកដីគេចំនួន៣០ហិកតា ហើយនៅចុងឆ្នាំ២០០៧ តុលាការកោះហៅពួកគាត់១៨គ្រួសារឲ្យចូលបំភ្លឺ តែដោយពួកគាត់មានចុងសន្លឹកនិងឯកសារគ្រប់គ្រាន់ ព្រះរាជអាជ្ញារង តុប ឈុនហេង ក៏សម្រេចតម្កល់រឿងមិនចាត់ការ។ លោកបន្តថា៖ «លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍានា បានចារលើលិខិតពួកគាត់ឲ្យចៅក្រមបង្ហាញអង្គហេតុឲ្យច្បាស់លាស់មុននឹងសម្រេចចោទប្រកាន់ពលរដ្ឋ តែតុលាការមិនចាត់ការណាមួយទេមកដល់ពេលនេះ»។
លោកបន្តថា តែពេលនេះត្រូវតុលាការខេត្តកំពតចេញសាលក្រមសម្រេចឲ្យស្ត្រីឈ្មោះ ហៀវ លន ថាជាម្ចាស់ដីដែលបានប្តឹងពីឆ្នាំ២០០៩ ឈ្នះក្តីនិងឲ្យពួកគាត់ជាប់ពន្ធនាគារទៀតផង។
លោក អ៊ឹម ផាន់ណា មេធាវីការពារក្តីឲ្យអតីតទាហានខ្មែរក្រហមទាំង២៦គ្រួសារបានឲ្យដឹងថា កូនក្តីគាត់ត្រូវសាលាដំបូងខេត្តកាត់ក្តីឲ្យចាញ់អ្នកស្រីហៀវ លន់ និងបានដាក់ទោសឲ្យម្នាក់ៗជាប់ពន្ធនាគារ២ឆ្នាំនិងពិន័យរួមជាប្រាក់១៨លានរៀលថែមទៀត។
លោក មាស សាផន អតីតអភិបាលស្រុកកំពត បានប្រាប់ថា ពលរដ្ឋជាអតីតខ្មែរក្រហមនៅភូមិបុះញិញ ឃុំកូនសត្វ ស្រុកកំពត ទាំងនោះក្រោយពីផ្តាច់ខ្លួនអាជ្ញាធរបានបែងចែកដីជូនពួកគាត់ក្នុង១គ្រួសារ៥ហិកតាឲ្យរស់នៅនិងអាស្រ័យផលនិងមានចុងសន្លឹកសម្គាល់កាន់កាប់ផង។
ប្រធានក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់នាយករដ្ឋមន្ត្រី លោក ស តារ៉ា ប្រាប់ពីម្សិលមិញថា លោកកំពុងតែវាស់វែងដីដែលអ្នកស្រី ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិហើយនិងមានការឯកភាពពីលោកអភិបាលខេត្តកំពតផង។
លោក ខូយ ឃុនហួរ អភិបាលខេត្តកំពតពីម្សិលមិញប្រាប់ថា ដីនោះមិនពាក់ព័ន្ធនឹងអតីតទាហានខ្មែរក្រហមទេ ហើយថា អ្នកខ្លះបានលក់ដីនោះបន្តអស់ដែរ ប៉ុន្តែពលរដ្ឋដែលជាអ្នកភូមិចាស់ពួកគាត់មានដីធំៗណាស់ ឯអ្នកតវ៉ានិងធ្លាប់ប្តឹងទៅតុលាការនោះ គឺជាមនុស្សដែលទិញដីបន្តពីគេ និងមានមន្ត្រីនគរបាលពាក់ស័ក្តិ៥នៅខេត្តកំពតជាអ្នកលក់ឲ្យអ្នកទាំងនោះ។
លោកបន្តថា៖ «ពេលនេះខ្ញុំកំពុងរកមុខមន្ត្រីនគរបាលនោះ ដើម្បីចាត់ការតាមច្បាប់ព្រោះគាត់យកដីគេទៅលក់បន្ត»៕