ស្វាយរៀងៈ នគរបាលនៅក្នុងខេត្តស្វាយរៀង បានចាប់ខ្លួនបុរសម្នាក់ដែលគេរាយការណ៍ថា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP)ជាគណបក្សប្រឆាំង ក្រោមការចោទប្រកាន់ពីបទបង្កហិង្សាលើប្រពន្ធគាត់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា(CPP)ដែលកំពុងកាន់អំណាច។
លោក សម សំអុល អធិការនគរបាលស្រុករមាសហែក បានឲ្យដឹងថា ក្រុមមន្ត្រីនគរបាលបានចាប់ខ្លួនបុរសឈ្មោះ ពៅ ម៉េ អាយុ៤០ឆ្នាំ បន្ទាប់ពីគាត់វាយប្រពន្ធនឹងដំបងឲ្យរងរបួសធ្ងន់នៅក្នុងជម្លោះ ក្នុងគ្រួសារកាលពីយប់ថ្ងៃអាទិត្យ។
លោក សម សំអុល បានថ្លែងថា ឈ្មោះ ពៅ ម៉េ ដែលធ្លាប់ជាសមាជិកគណបក្សប្រជាជននោះ បានប្តូរចិត្តងាកមកគាំទ្រគណបក្សសង្គ្រោះជាតិវិញបន្ទាប់ពីមានជម្លោះមួយចំនួន ហើយត្រូវអាជ្ញាធរដែនដីកោះហៅគាត់ទៅធ្វើការអប់រំ នៅពេលគាត់មានជម្លោះក្នុងគ្រួសារនិងដុតផ្ទះកន្លងមក។លោក សំអុល បញ្ជាក់ដែរថា ៖ «គាត់ស្រវឹង ហើយបានយកដំបងវាយទៅលើក្បាលប្រពន្ធគាត់នៅក្នុងជម្លោះពាក្យសម្ដីគ្នា។ បន្ទាប់មកត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធគាត់»។
តាមលោក សំអុល អះអាងតាមរបាយការណ៍ពីអាជ្ញាធរភូមិបូស ឃុំត្រស់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សំអុន អាយុ៣៨ឆ្នាំជាសមាជិកគណបក្សប្រជាជនកម្ពុជា តែងមានជម្លោះក្នុងគ្រួសារជាមួយប្ដីពិសេសនៅពេលអ្នកស្រីទៅចូលរួមក្នុងវេទិកាឬកិច្ចប្រជុំជាមួយ ក្រុមមន្ត្រីគណបក្សប្រជាជន។ លោកបន្ថែមថា ឈ្មោះ ពៅ ម៉េ ដែលពិការជើងម្ខាងតែងស្រវឹងស្រានិងបង្កជម្លោះជាមួយប្រពន្ធគាត់ជាញឹកញាប់។
លោកអធិការថ្លែងថា៖«បើតាមមេភូមិ ឈ្មោះ ពៅ ម៉េ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយប្រពន្ធគាត់ជាសមាជិកគណបក្សប្រជាជន»។ លោកបន្តថា ប្រពន្ធគាត់អ្នកស្រី វ៉ា សំអុន ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។
លោក រៀល ខេមរិន្រ្ទ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀងបានថ្លែងថា លោកបានស៊ើបអង្កេតករណីនេះបន្ទាប់ពីមានការរាយការណ៍ពីហេតុការណ៍នេះតែលោកបដិសេធថា ឈ្មោះ ពៅ ម៉េ មិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិទេ។
លោក រៀល ខេមរិន្រ្ទ បន្តថា៖«គាត់មិនមែនជាសមាជិកយើងទេ តែសាច់ញាតិ និងមិត្តភក្តិគាត់ជាសមាជិកយើង។ យើងបានសុំឲ្យគាត់(ពៅ ម៉េ) ចូលរួមនឹងយើងដែរ តែគាត់មិនទាន់សម្រេចចិត្តនៅឡើយ»។
អ្នកស្រី នេត គឹមឆន មន្ត្រីអង្កេតការណ៍របស់ខុមហ្វ្រែលប្រចាំខេត្តស្វាយរៀងបានថ្លែងថា អ្នកស្រីមិនទាន់ដឹងពីឧប្បត្តិហេតុនេះនៅឡើយទេ ព្រោះអ្នកស្រីទើបត្រឡប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងខេត្ត កំពង់ចាម ប៉ុន្តែ ថាអ្នកស្រីនឹងស៊ើបអង្កេតពីករណីនេះថា តើវាជាអំពើហិង្សាក្នុងគ្រួសារ ឬក៏មានការពាក់ព័ន្ធនឹងនយោបាយ៕ PN