The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាដហុក​នឹង​ស៊ើប​អង្កេត​ករណី​ពិរុទ្ធ​ជន​ស្លាប់​នៅ​រតនគិរី

អាដហុក​នឹង​ស៊ើប​អង្កេត​ករណី​ពិរុទ្ធ​ជន​ស្លាប់​នៅ​រតនគិរី

អាដហុក​នឹង​ស៊ើប​អង្កេត​ករណី​ពិរុទ្ធ​ជន​ស្លាប់​នៅ​រតនគិរី

រតនគីរីៈ អង្គការ​អាដហុក ប្រចាំ ខេត្ត​រតនគិរី នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ពិរុទ្ធ​ជន​អាយុ ៣២​ឆ្នាំ ម្នាក់​ដែល​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​កាល​ពី​យប់​ថ្ងៃ​ពុធ ខណៈ​ដែល​មន្រ្តី​ពន្ធនាគារ​និង​មន្រ្តី​ពេទ្យ​អះអាង​ថា ការ​ស្លាប់​នេះ​ដោយ​សារ​តែ​ជំងឺ​រ៉ាំរ៉ៃ។

លោក ឆាយ ធី មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ ខេត្ត​រតនគិរី កាល​ពី​ម្សិល​មិញ​ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ករណី​ពិរុទ្ធ​ជន​ស្លាប់​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ចុះ​ទៅ​ពន្ធនាគារ​ដើម្បី​សុំ​ជួប​ជាមួយ​ប្រធាន​និង​អ្នក​ទោស​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជន​រងគ្រោះ​ដើម្បី​សាក​សួរ​ពី​គាត់។

លោក ឆាយ ធី កត់​សម្គាល់​ឃើញ​ថា អ្នក​ទោស​ច្រើន​តែ​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ទើប​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែល​ភាគ​ច្រើន​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តែ​ម្តង។

លោក​បន្ត​ថា៖ «នេះ​ជា​ករណី ទី២ ហើយ តាំង​ពី ឆ្នាំ​២០១២ ដែល​មាន​អ្នក​ទោស​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ពន្ធនាគារ រួច​ទើប​បញ្ជូន​មក​មន្ទីរពេទ្យ​ក្នុង​បំណង​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នៅ​មន្ទីរពេទ្យ​តែ​ម្តង។ នេះ​ជា​បញ្ហា​ដែល​យើង​ទាម​ទារ​ឲ្យ​មន្រ្តី​ពន្ធនាគារ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​របស់​អ្នក​ទោស និង​ធ្វើ​ការ​កែប្រែ ផ្លាស់​ប្តូរ​ចំណុច​នេះ»។

លោក ទីន សុវណ្ណី ប្រធាន​ពន្ធនាគារ ខេត្ត​រតនគិរី ឲ្យ​ដឹង​ដែរ​ថា ពិរុទ្ធជន គីម ស៊ុន អាយុ ៣២​ឆ្នាំ ត្រូវ​ចោទ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ទៅ​លើ​បង​ថ្លៃ​និង​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ ខែ​ឧសភា ដើម្បី​រង់ចាំ​ការ​បើក​សវនាការ ប៉ុន្តែ​គាត់​បាន​ស្លាប់​ទៅ​ហើយ។

លោក​បន្ត​ថា៖ «តាំង​ពី​បញ្ជូន​មក​ឃុំ សុខភាព​គាត់​ដូច​ជា​មិន​កើត​អី​ទេ តែ​នៅ​សប្តាហ៍​មុន​គាត់​មាន​អាការ​ប្លែក​និង​ប្រកាច់​ញឹក​ញាប់​តែ​មិន​ជា​ធ្ង​ន់ធ្ងរ​ទេ។ យើង​បាន​ព្យាបាល​គាត់ ប៉ុន្តែ​ជំងឺ​គាត់​មិន​បាន​ធូរ​ស្បើយ​ទេ»។ លោក​ថា លោក​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ព្យាបាល ប៉ុន្តែ​មិន​អាច​ជួយ​គាត់​បាន ចំ​ពេល​ដែល​រូប​លោក​សរសេរ​លិខិត​ទៅ​ព្រះ​រាជអាជ្ញា សុំ​ការ​លើក​លែង​ទោស​ដល់​គាត់។

លោក​ថា៖ «យើង​សង្ស័យ​គាត់​ធ្លាប់​មាន​ជំងឺ​តេតាណូស​រើ​ឡើង​វិញ តែ​វា​ពិបាក​ព្រោះ​ពេទ្យ​មិន​បាន​ផ្តល់​របាយ​ការណ៍​ពី​ជំងឺ​របស់​គាត់»។

វេជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប្រាប់​ថា ជន​រង​គ្រោះ​ខ្វះ​ជីវជាតិ​ដូច​ជា ជាតិ​ស្ករ កាល់ស្យូម និង​បញ្ហា​ខួរ​ក្បាល។ លោក​ថា៖ «ជំងឺ​គាត់​ធ្ងន់​ធ្ងរ​តាំង​ពី​មុន​បញ្ជូន​មក​មន្ទីរពេទ្យ»។ ចំណែក លោក ផែន ឌីណា ស្នងការ​រង ខេត្ត​រតនគិរី ប្រាប់​ថា លោក​ទៅ​ពិនិត្យ​សាក​សព​មិន​ឃើញ​មាន​ស្លាក​ស្នាម​ឬ​របួស​នៅ​លើ​រាង​កាយ​គាត់​គួរ​ឲ្យ​សង្ស័យ​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍