The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​កាសែត​បរទេស​ពីរ​នាក់​ត្រូវ​ឃាត់​ខ្លួន​និង​ឲ្យ​លុប​រូបភាព

អ្នក​កាសែត​បរទេស​ពីរ​នាក់​ត្រូវ​ឃាត់​ខ្លួន​និង​ឲ្យ​លុប​រូបភាព

អ្នក​កាសែត​បរទេស​ពីរ​នាក់​ត្រូវ​ឃាត់​ខ្លួន​និង​ឲ្យ​លុប​រូបភាព

កណ្តាលៈ អ្នក​សារ​ព័ត៌មាន​បរទេស​២រូប​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​មួយ​រយៈ​ពេល​ខ្លី​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ហើយ​ត្រូវ​បាន​បញ្ជា​ឲ្យ​លុប​នូវ​រូបថត​ដែល​ខ្លួន​បាន​ថត​។ នេះ​បើ​តាម​សមត្ថកិច្ច​នគរបាល​បាន​អះ​អាង​ឲ្យ​ដឹង​ម្សិលមិញ។

នាយ ប៉ុស្តិ៍​នគរបាល​ឃុំ​សិតត្បូរ​លោក ម៉ី សារិន បាន​ថ្លែង​ថា អ្នក​កាសែត​បរទេស​ទាំង​ពីរ​នាក់​ដែល​ធ្វើ​ការ​ឲ្យ​កាសែត​កាណាដា​ឈ្មោះ The Globe and Mail ត្រូវ​បាន​ឃាត់​ខ្លួន​ប្រហែល​កន្លះ​ម៉ោង​នៅ​រោងចក្រ​កាត់ដេរ Dignity Knitter Limited បន្ទាប់​ពី​ពួកគេ​ចូល​ទៅ​ក្នុង​រោងចក្រ​នោះ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ជា​មុន។

លោក ម៉ី សារិន បាន​ថ្លែង​ថា​៖ «ពួក​គេ​បាន​ចូល​តាម​ច្រក​ទ្វារ​តូច​របស់​រោងចក្រ​នៅ​ពេល​ដែល​កម្មករ​កំពុង​ចេញ​ពី​រោងចក្រ​តាម​ទ្វារ​ធំ​ហើយ​សន្តិសុខ​រោងចក្រ​មិន​បាន​ប្រទះ​ឃើញ​ពួក​គេ​នៅ​ពេល​អ្នក​ទាំង​នោះ​ដើរ​ចូល​ទៅ​ក្នុង​រោងចក្រ​នេះ​ទេ​»។

លោក​ថា ៖ «នៅ​ពេល​សន្តិសុខ​រោងចក្រ​ឃើញ​ពួក​គេ​កង​សន្តិសុខ​បាន​ហៅ​ពួក​គេ​ឲ្យ​ទៅ​អង្គុយ​នៅ​បន្ទប់​របស់​សន្តិសុខ​ហើយ​ធ្វើ​ការ​ព្រមាន​និង​បាន​ឲ្យ​ពួក​គេ​សន្យា​មិន​ចូល​មក​ក្នុង​រោងចក្រ​ឬ​ថត​រូប​នៅ​ក្នុង​រោងចក្រ​ដោយ​មិន​មាន​ការ​អនុញ្ញាត​បែប​នេះ​ទៀត​ទេ​»។

យោង​តាម លោក ម៉ី សារិន បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​សូម​ឲ្យ​អ្នក​ទាំង​ពីរ​លុប​រូប​ថត​ទាំង​អស់​ដែល​ពួក​គេ​បាន​ថត​រួច​ហើយ​ហើយ​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំទោស​មួយ​ដោយ​ធ្វើ​ការ​សុំទោស​លើ​សកម្មភាព​របស់​ពួក​គេ។

លោក សុន ហេង ជា​អ្នក​គ្រប់​គ្រង​ម្នាក់​ដែល​ឃាត់​ខ្លួន​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ​បាន​ថ្លែង​ថា លោក​ធ្វើ​ដូច្នេះ​គឺ​មក​ពី​អ្នក​ទាំង​ពីរ​ចូល​មក​ក្នុង​បរិវេណ​របស់​រោងចក្រ​ដោយ​ពុំ​មាន​ការ​សុំ​អនុញ្ញាត​។លោក ហេង បាន​ថ្លែង​បន្ត​ថា​៖ «​មិន​មែន​តែ​អ្នក​កាសែត​ទេ សូម្បី​តែ​អាជ្ញាធរ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រោងចក្រ​ដែរ​ប្រសិន​បើ​ពួក​គេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​យើង​មុន​នោះ»។

លោក​បាន​ថ្លែង​បន្ត​ថា បន្ទាប់​ពី​នាំ​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​ទៅ​បន្ទប់​សន្តិសុខ​លោក​បាន​សូម​ពិនិត្យ​រូប​ថត​និង​ឲ្យ​ពួក​គេ​លុប​រូប​មួយ​ចំនួន​។ លោក​បាន​ពន្យល់​ថា ករណី​នេះ​បាន​បញ្ចប់​នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ការ​សុំទោស​រួច​ហើយ។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​អ្នក​កាសែត The Globe and Mail ឈ្មោះ Mark MacKinnon បាន​ថ្លែង​ថា លោក និង​អ្នក​ថត​រូប​ម្នាក់​បាន​រក​មើល​ដើម្បី​សុំ​ចូល​ប៉ុន្តែ​ទ្វារ​នោះ​មិន​ឃើញ​មាន​នរណា​ម្នាក់​យាម​សោះ។

លោក Mark MacKinnon ដែល​ធ្វើ​ការ​ឲ្យ​កាសែត Globe ប្រចាំ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​បាន​ថ្លែង​បន្ត​ថា ៖ «គ្មាន​នរណា​ម្នាក់​នៅ​ទី​នោះ​ឡើយ​»។ លោក​បាន​បញ្ជាក់​ថា​៖ «ទ្វារ​បើក​ចំហ​ចោល​ហើយ​មាន​ស្លាក​សញ្ញា​សរសេរ​ថា ស្វាគមន៍​ភ្ញៀវ»។

លោក​បាន​ថ្លែង​បន្ត​ថា បន្ទាប់​ពី​១០​នាទី​ក្រោយ​មក​អ្នក​ទាំង​ពីរ​បាន​ត្រឡប់​មក​វិញ​ហើយ​អ្នក​គ្រប់​គ្រង​ម្នាក់​បាន​ដើរ​ទៅ​រក​ពួក​គេ​ហើយ​ចាប់​ផ្តើម​ស្រែក​រួច​ក៏​បាន​បិទ​ទ្វារ​។

លោក​បាន​បន្ត​ថា ៖ «អស់​រយៈ​ពេល​ជាង​៩០​នាទី​ពួក​គេ​បដិសេធ​មិន​ព្រម​ឲ្យ​ពួក​យើង​ចាក​ចេញ​វិញ​។ រាល់​ពេល​ដែល​យើង​ព្យាយាម​ចង់​ចេញ ពួក​គេ​មក​រារាំង​យើង​។ ពួក​គេ​ចង់​ឃើញ​រូប​ថត​ដែល​យើង​បាន​ថត​ប៉ុន្តែ​យើង​មិន​បាន​ថត​ច្រើន​ទេ ...ពួក​គេ​ខឹង​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​បែប​នេះ​ទេ»។

លោក​បន្ត​ថា ៖ «​ខ្ញុំ​មិន​គិត​ថា វា​ជា​ឧប្បត្តិហេតុ​អន្តរជាតិ​មួយ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​ករណី​ឈ្លើយ​ខ្លាំង​ណាស់​»៕ PS

រាយការណ៍​បន្ថែមៈ Abby Seiff

អត្ថបទគួរចាប់អារម្មណ៍