ប៉ៃលិនៈ គ្រាប់មីនមួយគ្រាប់ផ្តាច់ជើងទាំងសងខាងរបស់យុវជនអាយុ ១៩ឆ្នាំ ម្នាក់ ដែលបានដើរជាន់លើវា ក្នុងពេលគាត់កំពុងដើររកជីកទំពាំង ក្នុងតំបន់ព្រៃឫស្សី ក្នុងស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន កាលពីម្សិលមិញ។
លោក សំ សារ៉េត អភិបាលរងស្រុក សាលាក្រៅ បានឲ្យដឹងថា បើទោះជាបាត់បង់ជើងទាំងសងខាងក៏ដោយ ក៏ប៉ុន្តែ លោក ធៀន ជិន បានរស់រួចផុតពីគ្រោះថ្នាក់ដល់ជីវិតដែលបង្កពីការផ្ទុះមីននោះហើយគាត់កំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត បាត់ដំបង។
លោក សំ សារ៉េត បានថ្លែងថា៖ «ជនរងគ្រោះបានដើរចូលទៅក្នុងព្រៃតែម្នាក់ឯង ដើម្បីស្វែងរកជីកទំពាំង។ តែសំណាងមិនល្អ គាត់បានជាន់ចំគ្រាប់មីន ដែលបានកប់នៅទីនោះ តាំងពីសម័យខ្មែរក្រហម»។
អ្នកភូមិបានឮ សម្រែករបស់លោក ធៀន ជិន បន្ទាប់ពីការផ្ទុះនោះ ហើយបានជួយនាំគាត់មកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
លោក សំ សារ៉េត បានបន្ថែមថា៖ «ខ្ញុំចង់ផ្ញើសារទៅអ្នកភូមិទាំងអស់ឲ្យប្រុងប្រយ័ត្ន ហើយធានាថា ពួកគេនឹងទទួលបានព័ត៌មានអំពីទីកន្លែងដែលត្រូវទៅក្នុងករណីមានគ្រាប់មីន»។
កាលពីសប្តាហ៍មុន មនុស្ស ៦ នាក់បានស្លាប់ ហើយម្នាក់ពិការ បន្ទាប់ពីគាត់បើកត្រាក់ទ័រច្នៃកិនគ្រាប់មីនតោន ក្នុងស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ។
មន្ត្រីស៊ីម៉ាក់បានអះអាង ប្រាប់ភ្នំពេញ ប៉ុស្តិ៍ មុននេះថា ស៊ីម៉ាក់បានធ្វើការមួយផ្នែកផ្អែកទៅតាមការកំណត់អាទិភាពរបស់អាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរមីនកម្ពុជា ដើម្បីរំដោះផ្ទៃដីដែលត្រូវការជាចំាបាច់ និងជាតំបន់មានអាទិភាពខ្ពស់ៗសម្រាប់ការអភិវឌ្ឍដែរ។
តាមរបាយការណ៍ស៊ីម៉ាក់ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៣នេះ យើងបានធ្វើការរំដោះផ្ទៃដីប្រមាណជិត ៤០ គីឡូម៉ែត្រការ៉េ ហើយបានរុករកនិងកម្ទេចគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទជាង ៦ ម៉ឺនគ្រាប់»។
យោងតាមរបាយការណ៍របស់ CMAC នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៣ នេះគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះមានចំនួន ៦០ ករណីបើធៀបចំនួននេះទៅនឹងឆ្នាំ២០១២ ក្នុងរយៈពេលដូចគ្នា គឺមានការថយចុះគួរឲ្យកត់សម្គាល់៕ TK