ភ្នំពេញៈ អ្នកភូមិបឹងកក់រំពឹងថា ការផ្លាស់ប្តូរទីកន្លែងឃុំខ្លួន អ្នកស្រីយ៉ោម បុប្ជា ពីពន្ធនាគារព្រៃស មកកាន់ពន្ធនាគារ PJ កាលពីថ្ងៃសុក្រ ជាសញ្ញាវិជ្ជមាន ឈានទៅដោះលែងស្ត្រីជាប់ឃុំរូបនេះ ក្នុងពេលឆាប់ៗ។
អ្នកស្រី យ៉ោម បុប្ផា អាយុ ២៩ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ កាលពីចុងខែវិច្ឆិកាឆ្នាំ ២០១២ ក្រោមបទចោទប្រកាន់ថាបានរួមគ្នាប្រើអំពើហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់។ ប៉ុន្តែក្រុមអ្នកភូមិបឹងកក់ និងអង្គការសង្គមស៊ីវិលបានទាមទារឲ្យដោះលែងដោយសំអាងថា ការចាប់ឃុំស្រ្តីដែលមានភាពសកម្មក្នុងការចូលរួមតវ៉ាការពារផ្ទះសម្បែង និងដីធ្លីដែលត្រូវបានគេរំលោភបំពាននេះថា ជាការបំបាក់ស្មារតីទៅលើអ្នកតវ៉ា។ ជាមួយគ្នានេះ អង្គការលើកលែងទោសអន្តរជាតិ បានហៅអ្នកស្រីបុប្ជាថា ជាអ្នកទោសមនសិការ។ យ៉ាងណាក៏ដោយ មានក្រុមអ្នករត់ម៉ូតូឌុបមួយក្រុម បានគាំទ្រ ការផ្តន្ទាទោសអ្នកស្រីបុប្ជា។
កាលពីព្រឹកម្សិលមិញ ប្ដីនិងកូនប្រុសរបស់អ្នកស្រី បុប្ផា រួមទាំងអ្នកតំណាងមួយចំនួននៃសកម្មជនដីធ្លីបឹងកក់ ត្រូវបានមន្ត្រីនគរបាលនៅមណ្ឌលឃុំខ្លួន PJ អនុញ្ញាតឲ្យមានការរៀបចំពិធីហូបបាយជុំគ្នាជាមួយស្ត្រីជាប់ឃុំរូបនេះ។ លោក លួស សាខន ប្ដីអ្នកស្រី បុប្ជា បានឲ្យដឹងថា អ្នកភូមិជាង ១០០ នាក់បាននាំគ្នាទៅ PJ ជាទីដែលភរិយារបស់លោកត្រូវបានគេផ្ទេរពីពន្ធនាគារព្រៃស យកទៅឃុំខ្លួននៅទីនោះ។ លោកថ្លែងថា៖«ក្រៅពីជួបសួរសុខទុក្ខពួកយើងត្រូវបានអនុញ្ញាត ឲ្យរៀបចំហូបបាយជុំគ្នានៅទីនោះ និងធ្វើពិធីព្រលែងចាបជានិមិត្តរូបនៃសេរីភាពផងដែរ»។
អ្នកភូមិរំពឹងថា ការផ្ទេរអ្នកស្រីបុប្ផា ពីពន្ធនាគារព្រៃស ទៅ PJ គឺជាសញ្ញាវិជ្ជមានមួយឈានទៅរកការដោះលែងស្ត្រីជាប់ឃុំរូបនេះក្នុងពេលឆាប់ៗ។ អ្នកស្រី ហេង មុំ តំណាងម្នាក់ក្នុងចំណោម ៥នាក់ដែលបានចូលរួមនៅក្នុងពិធីហូបបាយជុំគ្នាជាមួយអ្នកស្រី បុប្ផា និយាយថា អ្នកស្រី បុប្ផា ទំនងជាត្រូវទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ នៅក្នុងថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គ ដែលនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះ។ អ្នកស្រីជឿថា៖ «រាជរដ្ឋាភិបាលកំពុងរកវិធីដើម្បីដោះលែងគាត់ឲ្យមានសេរីភាពវិញ ព្រោះគាត់ពិតជាមិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់នោះទេ គាត់ជាស្ត្រីដែលមានចរិតទន់ភ្លន់ និងស្លូតបូត»។
ប៉ុន្តែបើតាមមន្ត្រីពន្ធនាគារម្នាក់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ការផ្ទេរនេះ ពីព្រោះតែចំនួនអ្នកទោស និងជនជាប់ចោទនៅមណ្ឌលកែប្រែម-២មានការកើនឡើង។ មន្ត្រីរូបនោះបន្តថា នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ព្រះបាទនរោតម្ត សីហមុនី ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានព្រមព្រាងគ្នាថា នឹងមានរៀបចំពិធីលើកលែង និងបន្ធូរបន្ថយទោស ដល់អ្នកទោសជាង ១០០នាក់ ដែលបានអនុវត្តទោសបាន២ ភាគ ៣ និងដែលបានផ្លាស់ប្ដូរអត្តចរិតបានល្អប្រសើរ។ មន្ត្រីរូបនោះបន្ថែមថា៖«ទោះជាបែបណាក្ដីក្នុងចំណោមអ្នកទោស និងជនជាប់ចោទទាំងនោះខ្ញុំមិនបានដឹងថាមានឈ្មោះអ្នកណាខ្លះនោះទេ»៕