The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​រក​ស៊ី​បញ្ចាំ​ត្រូវ​ចោរ​តាម​បាញ់​ប្លន់​អស់​៣ម៉ឺន​ដុល្លារ




អ្នក​រក​ស៊ី​បញ្ចាំ​ត្រូវ​ចោរ​តាម​បាញ់​ប្លន់​អស់​៣ម៉ឺន​ដុល្លារ

អ្នក​រក​ស៊ី​បញ្ចាំ​ត្រូវ​ចោរ​តាម​បាញ់​ប្លន់​អស់​៣ម៉ឺន​ដុល្លារ

ភ្នំពេញៈ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​២​នាក់​ដែល​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ប្លន់ កាល​ពី​យប់​ថ្ងៃ​ទី២ ខែ​មករា នៅ​ភូមិ​តាគង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ​បណ្តាល​ឲ្យ​រង​របួស​ជើង ហើយ​ឆក់​យក​បាន​គ្រឿង​អលង្ការ​និង​ប្រាក់​សរុប​ប្រមាណ​៣​ម៉ឺន​ដុល្លារ មុន​នឹង​ជិះ​ម៉ូតូ​គេច​ខ្លួន​នោះ ត្រូវ​សមត្ថកិច្ច កំណត់​មុខ​សញ្ញា​ខ្លះៗ​ហើយ។

លោក ជុំ សាវុធ នាយ​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ថ្លែង​ថា ថ្វី​បើ​ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្នុង​ទឹក​ដី​លោក​មែន​តែ​តាម​ជន​រង​គ្រោះ​បំភ្លឺ​សមត្ថកិច្ច​សន្និ​ដ្ឋាន​បាន​ថា​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​រថយន្ត​ជន​រង​គ្រោះ​ដោយ​មិន​ហ៊ាន​ធ្វើ​សកម្ម​ភាព​តាម​ផ្លូវ​បាន​ហើយ​ពេល​ជន​រង​គ្រោះ​ឈប់​ឡាន​ជន​សង្ស័យ​ក៏​ធ្វើ​សកម្ម​ភាព​ប្លន់​តែ​ម្តង។

លោកអះអាងថា ខាង​សមត្ថកិច្ច​ជំនាញ​បាន​ប្រមូល​ការ​សន្និ​ដ្ឋាន​និង​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​ខ្លះៗ​ហើយ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​មក​កាត់​ទោស។

លោក ជុំ សាវុធ បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​២​នាក់ ប្រើ​កាំភ្លើង​ខ្លី​ជិះ​ម៉ូតូ​សេ​១២៥ បាន​ធ្វើ​សកម្មភាព​ប្លន់​បាញ់​ជន​រង​គ្រោះ​ឲ្យ​របួស​ជើង ខណៈ​ពួក​គេ​ចុះ​ពី​លើ​រថយន្ត។

លោក​បាន​បញ្ជាក់​ថា៖ «ជន​រង​គ្រោះ​ជា​ប្រពន្ធ​ត្រូវ​ចោរ​បាញ់​ចំនួន​២​គ្រាប់ តែ​ត្រូវ​ចំភ្លៅ​១​គ្រាប់​របួស​ធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ទាំង​យប់»។

លោក​រំឭក​ថា មុន​កើត​ហេតុ ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​២ មករា ទាំង​២​នាក់​ប្តី​ប្រពន្ធ ដែល​រក​ស៊ី​បញ្ចាំ​របស់​នៅ​កាស៊ី​ណូ​ណាហ្គា បាន​បើក​ឡាន​លិច​ស៊ីស ៣៣០ ចេញ​ពី​កាស៊ីណូ លុះ​មក​ដល់​មុខ​ផ្ទះ​ក៏​ចុះ​ពី​ឡាន​ម្នាក់​ដើរ​បម្រុង​បើក​ទ្វារ​ចូល​ផ្ទះ ទើប​តែ​ចុះ​បាន​បន្តិច​ក៏​ត្រូវ​ជន​ប្រដាប់​អាវុធ​ដើរ​សំដៅ​មក ហើយ​ដក​កាំភ្លើង​ខ្លី​បាញ់​២​គ្រាប់​តែ​ម្តង។

លោក​ប្រាប់​ថា ស្រ្តី​រង​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​សយ គន្ធា អាយុ​៣៦​ឆ្នាំ ឯ​ប្តី​ឈ្មោះ សាន កក្កដា អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

តាម​សម្តី​ជន​រង​គ្រោះ​ថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​ភ័យ​ពេក​គិត​តែ​ពី​អ្នក​ត្រូវ​របួស ហើយ​គ្រាន់​តែ​ដឹង​ថា ពួកចោរ​ប្លន់​បាន​ឆក់​យក​ថង់​លុយ​បាន​ប្រមាណ​បី​ម៉ឺន​ដុល្លារ រួច​ពួក​វា​ប្រញាប់​ប្រញាល់​នាំគ្នា​ឡើង​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ មុន​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច។

ទាក់​ទិន​នឹង​ករណី​នេះមិន​អាច​ទាក់​ទង​ជន​រង​គ្រោះ ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ៕

អត្ថបទគួរចាប់អារម្មណ៍