The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្ធរណ៍​ជំនុំ​ជម្រះ​ទោស​ស្ត្រី​វៀតណាម ២ នាក់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

ឧទ្ធរណ៍​ជំនុំ​ជម្រះ​ទោស​ស្ត្រី​វៀតណាម ២ នាក់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

ឧទ្ធរណ៍​ជំនុំ​ជម្រះ​ទោស​ស្ត្រី​វៀតណាម ២ នាក់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

20140425_10
ស្ត្រីជាប់ចោទវៀតណាម ២ នាក់ នៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ គឹម សារុំ

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ស្រ្តី​ជាតិ វៀតណាម ពីរ​នាក់​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៤ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៣ លាន​រៀល​បង់​ចូល​ថវិកា​រដ្ឋ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ជិត ២០ ក្រាម។

លោក ស្រី ចាន់ម៉ាឌីណា ប្រធាន​ក្រុម​ប្រឹក្សា​បាន​ថ្លែង​ថា ស្រ្តី​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ មាន​ឈ្មោះ ង្វៀង ធីគុក អាយុ ៤៦​ឆ្នាំ និង ង្វៀង ធីគាវ ហៅ ប៊ែ អាយុ ៣៤​ឆ្នាំ។

តាម​អង្គហេតុ​ស្រ្តី ង្វៀង ធីគុក នៅ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ថ្ងៃ ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៣ ហើយ​នៅ​ថ្ងៃ ទី​១៤ ខែ​មិថុនា សមត្ថកិច្ច​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ង្វៀង ធីគាវ រក​ឃើញ​និង​រឹប​អូស​ថ្នាំ​ញៀន មេតំហ្វេតាមីន ១០​គ្រាប់ និង​ថ្នាំ​ម៉ា​ទឹកកក ៦ កញ្ចប់​តូច​ស្មើ ១៩,៨៥ ក្រាម។ ស្ត្រី​ជាប់​ចោទ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ៣ លាន​រៀល​ចូល​ថវិការ​រដ្ឋ​។

ង្វៀង ធីគុក បាន​និយាយ​ក្នុង​សវនាការ​ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ដោយ​ថា សមត្ថកិច្ច​ចាប់​អ្នក​ស្រី​នៅ​តាម​ផ្លូវ ហើយ​ក្នុង​ខ្លួន ក៏​គ្មាន​ថ្នាំ​ញៀន​ដែរ។ ឯ ង្វៀង ធី គាវ និយាយ​ថា សមត្ថកិច្ច​បាន​នាំ ង្វៀង ធីគុក ចូល​ផ្ទះ​នាង ខណៈ​ដែល​នាង​កំពុង​នៅ​ក្នុង​ផ្ទះ​ហើយ​នាង​ក៏​គ្មាន​ថ្នាំ​ញៀន​អី​ដែរ។ ស្រ្តី​ជាប់​ចោទ​ទាំង​ពីរ​នាក់​ថា៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​មេត្តា​បន្ធូរ​បន្ថយ​ទោស​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​វិញ»។

លោក សរ យសថាវរៈ តំណាង​មហា​អយ្យការ បាន​ថ្លែង​ថា ក្រោយ​ពី​ក្រុមប្រឹក្សា​សួរ​ដេញ​ដោល​និង​ផ្អែក​តាម​របាយ​ការណ៍​របស់​ជន​ជាប់​ចោទ​ឆ្លើយ​នៅ​មុខ​សមត្ថកិច្ច​និង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថ្នាក់​ក្រោម គឺ​ត្រឹម​ត្រូវ​តាម​នីតិវិធី​ច្បាប់។

«ដូច្នេះ​សូម​ក្រុម​ប្រឹក្សា មេត្តា​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល»។

លោក ទូច ឆាយ មេធាវី ស្ត្រី​ជាប់​ចោទ​ទាំង​ពីរ​នាក់​បាន​ថ្លែង​ថា ដូច​ដែល​កូន​ក្តី​លោក​ឆ្លើយ​នៅ​សាលា​ដំបូង​ថា មិន​បាន​លាក់​ទុក​ថ្នាំ​ញៀន​ទេ ហើយ​ពេល​ធ្វើ​របាយ​ការណ៍​នៅ​ប៉ូលិស ពួក​គាត់​ក៏​គ្មាន​មេធាវី​ការពារ​គាត់​ដែរ ខណៈ​ពួក​គាត់​មិន​ចេះ​ភាសា​ខ្មែរ​ផង ពួក​គាត់​ក៏​ត្រូវ​គេ​ឲ្យ​ផ្តិត​មេដៃ​ទៅ។

លោក​ថា យោង​តាម​ចម្លើយ​បដិសេធ​របស់​កូន​ក្តី​លោក​ទាំង​ពីរ​នាក់​ក្នុង​សវនាការ លោក​សូម​ឲ្យ​ក្រុម​ប្រឹក្សា​មេត្តា​ពិចារណា​លើ​បទ​ចោទ​និង​បន្ថយ​ទោស​តាម​ការ​ស្នើ​សុំ។

ចៅក្រម​បាន​ប្រកាស​ឲ្យ​ដឹង​ថា សាលដីកា​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤ ខាង​មុខ៕

អត្ថបទគួរចាប់អារម្មណ៍