ភ្នំពេញៈ សាលាឧទ្ធរណ៍បានតម្កល់ទោសជាប់ពន្ធនាគារ១០ឆ្នាំទៅលើបុរសម្នាក់ដែលសាលាដំបូងខេត្តកំពង់ចាមបានកាត់ទោសកាលពីឆ្នាំមុនពីបទជះទឹកអាស៊ីតទៅលើស្រ្តីម្នាក់ ធ្វើឲ្យនាងពិការភ្នែកម្ខាង។
លោក ញូង ថុល ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានថ្លែងថា៖ «តុលាការសម្រេចតម្កល់សាលក្រមនោះ ហើយប្រសិនបើជនល្មើសមិនពេញចិត្តគាត់អាចប្តឹងសារទុក្ខទៅតុលាការកំពូលទៅតាមច្បាប់បាន»។
កាលពីខែមិថុនា ពៅ កុលាប អាយុ២២ឆ្នាំត្រូវសាលាដំបូងខេត្តកំពង់ចាមកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៥ពាន់ដុល្លារចំពោះការវាយប្រហារដោយទឹកអាស៊ីតទៅអ្នកស្រី គង់ ទូច អាយុ៥២ឆ្នាំ។
ការវាយប្រហារដ៏ឃោរឃៅកាលពីខែកញ្ញា ឆ្នាំ២០១១ នេះកើតពីជម្លោះមួយកាលពីឆ្នាំ២០១០ រវាង ពៅ កុលាប និងក្មួយប្រុសអ្នកស្រី គង់ ទូច។
នគរបាលបាននិយាយថា បន្ទាប់ពីការឈ្លោះគ្នាដែលមានការវាយតប់គ្នារវាង កុលាប និងក្មួយអ្នកស្រី ទូច ត្រូវឈ្មោះ កុលាប ទាមទារប្រាក់សំណងចំនួន៤លានរៀល។ ក្មួយប្រុសអ្នកស្រី ទូច អង្វរសុំសង៥ ម៉ឺនរៀល ប៉ុន្តែ កុលាប បានបដិសេធមិនទទួលយក។
នគរបាលថ្លែងថាដោយការសងសឹក កុលាប បានទៅផ្ទះអ្នកស្រី ទូច ដោយមានកាន់ប៊ីដុងទឹកអាស៊ីតនៅវេលាម៉ោង៤ព្រឹក នៅខែកញ្ញាហើយបានជះលើអ្នកស្រី។ ក្រៅពីការបាត់បង់ភ្នែកម្ខាងអ្នកស្រី ទូច បានទទួលរងការរលាកមុខ ទ្រូង និងដៃស្តាំ។
អ្នកស្រី ទូច បានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកាសសាលដីកានៅក្រៅតុលាការ ថា៖ «ខ្ញុំទទួលយកសាលាដីកានេះ ហើយខ្ញុំរីករាយដែលឮយ៉ាងដូច្នេះ»។
ចំណែកលោក គឹម ប៉ៃលិន ឪពុករបស់ កុលាប វិញថ្លែងថា កូនប្រុសគាត់មិនអាចជះទឹកអាស៊ីតទៅលើអ្នកស្រី ទូច បានទេ ដោយសារយប់នោះគេទៅធ្វើការនៅឆ្ងាយពីផ្ទះដែលរងការវាយប្រហារកើតឡើង។
លោក ប៉ៃលិន បានបន្តថា៖ «សេចក្តីសម្រេចនេះ មិនយុត្តិធម៌ទេសម្រាប់កូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំមិនបានប្រព្រឹត្តទេ។ ខ្ញុំនឹងប្តឹងសារទុក្ខទៅតុលាការកំពូល»។
នៅក្នុងអ៊ីមែលពីម្សិលមិញលោកស្រី Erin Bourgois អ្នកគ្រប់គ្រងគម្រោងនៅអង្គការជួយជនរងគ្រោះកម្ពុជាដោយទឹកអាស៊ីតថ្លែងថា គាត់រីករាយដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់ឈ្មោះ កុលាប។ អ្នកស្រីបន្តថា អង្គការលោកស្រីកំពុងតាមដានករណីវាយប្រហារដោយទឹកអាស៊ីតចំនួន១១ករណីក្នុងនោះ៣ករណីកាត់ទោសរួចហើយ។
អ្នកស្រីបន្តទៀតថា៖ «យុត្តិធម៌សម្រាប់ជនរងគ្រោះម្នាក់ៗខុសៗគ្នា។ ជាអកុសល ករណីខ្លះពួកគេទទួលបានសំណង»៕ PS