The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្ធរណ៍​តម្កល់​ទោស​អតីត​មន្ត្រី​អាវុធហត្ថ​ឲ្យ​ជាប់​គុក ៨ឆ្នាំ ដដែល

ឧទ្ធរណ៍​តម្កល់​ទោស​អតីត​មន្ត្រី​អាវុធហត្ថ​ឲ្យ​ជាប់​គុក ៨ឆ្នាំ ដដែល

ឧទ្ធរណ៍​តម្កល់​ទោស​អតីត​មន្ត្រី​អាវុធហត្ថ​ឲ្យ​ជាប់​គុក ៨ឆ្នាំ ដដែល

20140314_09a
ជនជាប់ចោទ ង៉ែត ស៊ីថាត ហៅ វេង នៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ លៀង សារិទ្ធ

ភំ្នពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ជន​ជាប់​ចោទ​ដែល​ជា​អតីត​មន្រ្តី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​និង​បក្ខពួក​នៅ​ជាប់​ទោស ៨ ឆ្នាំ​ដដែល​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​នាំ​ចូល​ឱសថ​មាន​សារធាតុ​គីមី​ផ្សំ​គ្រឿង​ញៀន។

លោក ឃុន លាងម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​ថ្លែង​ថា ជន​ជាប់​ទាំង ២នាក់ បាន​បដិសេធ​ថា ឱសថ​មាន​សារធាតុ​គីមី ដែល​ត្រូវ​សមត្ថកិច្ច​ដក​ហូត​បាន​ជាក់ស្តែង​នោះ​មិន​មែន​ជា​របស់​ខ្លួន​ទេ តែ​គ្មាន​ភ័ស្តុតាង​ណា​បញ្ជាក់​ថា ឱសថ​នោះ​ជា​របស់​អ្នក​ណា​ឡើយ​ហើយ​សំអាង​ហេតុ​របស់​តុលាការ បន្ទាយ​មាន​ជ័យ មាន​លក្ខណៈ​សមស្រប ហេតុ​នេះ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​នោះ​ទុក​ជា​បាន​ការ​ដដែល​និង «បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​តាម​នីតិវិធី​បើក​សិទិ្ធ​ប្តឹង​សារ​ទុក តាម​កំណត់​ច្បាប់»។

តាម​អង្គហេតុ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ​២០១០ ជន​ជាប់​ចោទ​ទាំង ២នាក់ បាន​បន្លំ​ឯកសារ​នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​គីមី​ផ្សំ​គ្រឿង​ញៀន​ចំនួន ៤៨ កាតុង ពី​ប្រទេស កូរ៉េ ឆ្លង​កាត់​ប្រទេស ថៃ ចូល​មក កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត ដោយ​ដាក់​បន្លំ​និង​អីវ៉ាន់​ផ្សេងៗ​ទៀត​ហើយ​ប្រកាស​ប្រាប់​សមត្ថកិច្ច​ថា ជា​អីវ៉ាន់​ចម្រុះ​រួច​យក​ទៅ​ស្តុក​ទុក​នៅ​ឃ្លាំង​ស្តុក​ទំនិញ​របស់​ឈ្មោះ ងៀង ចុង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ២នាក់ នៅ​ភូមិ ក្បាល​ស្ពាន សង្កាត់ ប៉ោយប៉ែត។

សាលា​ដំបូង ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ ទី២៩ ខែ​មីនា ឆ្នាំ​២០១១ បាន​សម្រេច​ផ្តន្ទាទោស អាន វីរៈភក្តី ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០ លាន​រៀល និង ង៉ែត ស៊ីថាត ហៅ វេង ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ពី​បទ​នាំ​ចូល​ឱសថ​មាន​សារធាតុ​គីមី​ផ្សំ​គ្រឿង​ញៀន​ខុស​ច្បាប់​តាម​មាត្រា ១២ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ឱសថ។ តុលាការ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់ និង​សម្រេច​ដោះលែង ឈ្មោះ ងៀង ចុង អាយុ ៥៤ ឆ្នាំ។ បន្ទាប់​ពី​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ខាង​លើ​បាន​ប្តឹង​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ ទី៤ ខែ​មីនា សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ។

នៅ​ក្នុង​សវនាការ អាន វីរៈភក្តី ដែល​ជា​អតីត​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​តុលាការ​ថា ទំនិញ​ដែល​សមត្ថកិច្ច​ចាប់​នោះ​មិន​មែន​ជា​របស់​ខ្លួន​ទេ គឺ​ជា​របស់​ស្ត្រី​អ្នក​ជំនួញ​ថៃ​ម្នាក់ ហើយ​ខ្លួន​គ្រាន់​តែ​ជួយ​រត់​ការ​បង់​ពន្ធ​ឲ្យ​ប៉ុណ្ណោះ។

វីរៈភក្តី បន្ត​ថា៖ «ទំនិញ​នេះ ជា​របស់​ឈ្មោះ យាយ អុន នៅ ថៃ ក្នុង​ការ​ដឹក​នេះ​ខ្ញុំ​ទទួល​បាន ២០ លាន​រៀល។ ខ្ញុំ​ប្តឹង​ឧទ្ធរណ៍ ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​ថា ថ្នាំ​នេះ​ជា​ថ្នាំ​អី​ទេ»។

ចំណែក​ជន​ជាប់​ចោទ ង៉ែត សីថាត បាន​ប្រាប់​តុលាការ​ថា ខ្លួន​មិន​បាន​ដឹង​រឿង​អី​ទេ គឺ​គ្រាន់​តែ​ជា​អ្នក​បក​ប្រែ ថៃ-ខ្មែរ ឲ្យ ភក្តី ប៉ុណ្ណោះ​ដោយ​ទទួល​បាន​កម្រៃ ៥០០ បាត តែ​លុយ​នោះ​មិន​ទាន់​បាន​ទទួល​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង៕

អត្ថបទគួរចាប់អារម្មណ៍