
ភ្នំពេញៈ មហាសេដ្ឋីរុស្ស៊ីខាងអចលនទ្រព្យឈ្មោះ Sergei Polonsky កាលពីថ្ងៃព្រហស្បតិ៍បានទៅបង្ហាញនៅសាលាឧទ្ធរណ៍សម្រាប់សវនាការធ្វើបត្យាប័នដែលការសម្រេចរបស់តុលាការនេះនឹងត្រូវបានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
នៅក្នុងសវនាការបិទទ្វាររយៈពេលជិតពីរម៉ោងលោក Polonsky ដែលពាក់អាវធំ និងអមដោយក្រុមប្រឹក្សាការពារក្ដីចំនួនបីរូប និងមិត្តភក្តិជនជាតិរុស្ស៊ីមួយចំនួនរបស់គាត់នោះបានដើរចេញពីរថយន្តនគរបាលឆ្ពោះទៅកាន់បន្ទប់តុលាការ។
ព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ លោក ហ៊ាន រិទ្ធិ បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីសវនាការនេះថា ក្រុមប្រឹក្សាចៅក្រមនឹងប្រកាសការសម្រេចនេះនៅថ្ងៃ ទី១៣ ខែ មករា។
លោក បែន សុនសម័យ មេធាវីការពារក្ដីមួយរូបរបស់លោក Polonsky បានថ្លែងនៅក្រៅបន្ទប់តុលាការថា ប៉ូលិសរុស្ស៊ីបានដាក់ការចោទប្រកាន់លើឈ្មោះ Polonsky គឺមិនមែនតុលាការទេ ហើយអះអាងថា Polonsky មិនបានធ្វើអ្វីមួយខុសនៅរុស្ស៊ីទេ។
លោកមានប្រសាសន៍ថា៖ «គាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយទេ វាជាការសង្ស័យរបស់ប៉ូលិស ហើយគាត់មិនមែនជាឧក្រិដ្ឋជនទេ។ គាត់ជាវិនិយោគិនម្នាក់ ហើយក៏គ្មានអតិថិជនណាដាក់ពាក្យប្ដឹងគាត់ឡើយ»។
លោកបានបន្តថា៖ «តុលាការរុស្ស៊ីមិនចោទប្រកាន់ទេ តែប៉ូលិសជាអ្នកចោទប្រកាន់ ហើយវាជាការកាច់កុងគ្នា។ យើងចង់ឲ្យគាត់ស្នាក់នៅកម្ពុជាដើម្បីធ្វើការបណ្ដាក់ទុនចំនួន មួយពាន់លានដុល្លារអភិវឌ្ឍនៅលើកោះចំនួន ៨»។
លោក Polonsky ដែលជាម្ចាស់កោះ ដែកគោល នៅសមុទ្រ ក្រុង ព្រះសីហនុ បាននិយាយ ថា គាត់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីដើមឆ្នាំមុនបន្ទាប់ពីគាត់បានប្រើអំពើហិង្សាទៅលើអ្នកបើកទូកចំនួន ៦នាក់។ គាត់ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា និងការឃុំខ្លួនខុសច្បាប់។
តុលាការបានដោះលែងគាត់ឲ្យនៅ ក្រៅឃុំបន្ទាប់ពីបានជាប់គុករយៈពេលពីរបីខែ ហើយបានចាប់ខ្លួនគាត់ម្ដងទៀតបន្ទាប់ពីអាជ្ញាធររុស្ស៊ីបានស្នើឲ្យធ្វើបត្យាប័នរូបគាត់។
ចៅក្រមតុលាការខេត្ត ព្រះសីហនុ លោក ស្វាយ តុញ បានមានប្រសាសន៍ថា លោកមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់សវនាការនៃករណីរបស់លោក Polonsky នៅឡើយទេ ព្រោះលោករវល់រឿងក្ដីជាច្រើននៅក្នុងដៃ។
លោកចៅក្រម ស្វាយ តុញបានថ្លែងថា៖ «ខ្ញុំទើបតែបានទទួលករណីមួយនេះពីប្រធានតុលាការដូច្នេះខ្ញុំ នឹងត្រូវពិនិត្យមើលជាមុនសិន»៕ PN