ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួន ឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ដែលរងការចោទពីបទរក្សាអាវុធខុសច្បាប់ទៅឃុំក្នុងពន្ធនាគារព្រៃសវិញ បន្ទាប់ពីរកឃើញថា អ្នកទាំងពីរបំពានលើកាតព្វកិច្ចនៃការដាក់ឲ្យនៅក្រោមការពិនិត្យរបស់តុលាការនៅក្រៅឃុំ។
លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ត្រូវជាឪពុកម្តាយលោក ឧកញ៉ា ថោង សារ៉ាត់ ត្រូវប៉ូលិសឃាត់ខ្លួន នៅម៉ោង ១០ យប់ ថ្ងៃ ទី១៥ ខែកុម្ភៈ នៅត្រើយខាងកើតនៃកំពង់ចម្លងអ្នកលឿង ម្តុំស្ពានស្ទឹងស្លូត ក្នុង ស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈដែលអ្នកទាំងពីរនិងមនុស្សមួយចំនួនធ្វើដំណើរក្នុងរថយន្តពេទ្យសាមុយ ដើម្បីឆ្លងដែនទៅព្យាបាលជំងឺនៅឯប្រទេសវៀតណាម។
ជនជាប់ចោទទាំងពីរ ត្រូវបញ្ជូនខ្លួនមកសាកសួរនៅសាលាដំបូងរាជធានីនៅម៉ោង ១០ ព្រឹកខណៈដែលលោក ថោង ចំរើន ត្រូវបានគេមើលថា សុខភាពខ្សោយខ្លាំងហើយការសាកសួរត្រូវបានបញ្ចប់នៅម៉ោង ១២:៣០ នាទីរសៀល។ យ៉ាងណាក៏ជនជាប់ចោទទាំងពីរ មិនបានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មាននៅទីនោះទេ។
លោកចៅក្រម លី សុខលេង បដិសេធអធិប្បាយដោយអះអាងថា ជាប់រវល់។ ប៉ុន្តែ តាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលធ្វើឡើងនៅថ្ងៃ ទី១៦ ខែកុម្ភៈ នេះ លោកចៅក្រមបានបង្គាប់ឲ្យសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំខ្លួន លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ទៅពន្ធនាគារឬមណ្ឌលកែប្រែ «ម១» និងបង្គាប់ឲ្យប្រធានពន្ធនាគារ ទទួលឃុំខ្លួនរហូតដល់មានបទបញ្ជាថ្មី។
ព្រះរាជអាជ្ញាអមសាលាដំបូង កញ្ញា វ៉ា សក្តា បានឲ្យដឹងថា ការសម្រេចនេះ គឺមកពីជនជាប់ចោទបំពានលើកាតព្វកិច្ចខ្លួន៖ «គាត់ (ថោង ចំរើន និង កែវ សារី) បានបំពានលើកាតព្វកិច្ចដែលចៅក្រមបង្គាប់ គាត់ជាប់កាតព្វកិច្ចក្រោមការត្រួតពិនិត្យនៅក្រៅឃុំ ប៉ុន្តែ គាត់អត់អនុវត្តតាមគឺដោយសារពាក់ព័ន្ធចំណុចហ្នឹង»។

លោក ស៊ី សត្យា មេធាវីការពារក្តី បានឲ្យដឹងថា ដំបូងកូនក្តីលោក មានបំណងធ្វើដំណើរទៅព្យាបាលជំងឺ (លោក ថោង ចំរើន) នៅប្រទេសវៀតណាម មែន ប៉ុន្តែបានសម្រេចបកក្រោយវិញ បន្ទាប់ពីបងប្អូនទាក់ទងនិងរៀបចំបន្ទប់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនៅភ្នំពេញ។ លោកថា៖ «ពេលឃាត់ខ្លួន គឺគាត់ត្រឡប់មកវិញហើយ ដោយសារបងប្អូនគាត់ថា នៅកាល់ម៉ែត ក៏គេអាចព្យាបាលឲ្យបានដែរទៅលើស្ថានភាពសុខភាពគាត់ បើបន្តឃុំ ឬពន្យារពេលសវនាការទៀត គាត់អាចនឹងស្លាប់បាន»។
បើតាមបុគ្គលិកផ្នែកទីផ្សារនៃក្រុមហ៊ុនបុរី ៩៩៩ កញ្ញា វ៉ាន់ សុធារ៉ា លោក ថោង ចំរើន មានជំងឺបេះដូង ថ្លើម និងជំងឺលើសឈាមយូរមកហើយ ដែលជាញឹកញាប់គាត់ត្រូវទៅពិនិត្យសុខភាព នៅប្រទេសវៀតណាម ដោយគ្រូពេទ្យប្រចាំកាយ។
ចំណែកលោកមេធាវី ម៉ន កែវសុវិន ឲ្យដឹងដែរថា ក្រុមមេធាវីលោកមិនបានដឹងពីការចេញដំណើររបស់កូនក្តីទៅកាន់ប្រទេសវៀតណាម កាលពីយប់ថ្ងៃអាទិត្យនោះទេ ខណៈកំពុងរៀបចំដាក់ពាក្យស្នើឲ្យកូនក្តីទៅព្យាបាលនៅវៀតណាម នៅព្រឹកថ្ងៃចន្ទ។
លោកបន្តថា៖ «យើងអត់បានដឹងថា ពួកគាត់ចេញទៅទេ ដល់ពេលចាប់ខ្លួនបាននៅយប់ម៉ោង ១០ ទើបដឹង ដល់អ៊ីចឹង គម្រោងដាក់ពាក្យស្នើទៅព្យាបាលនេះត្រូវផ្អាក តែយ៉ាងណាក៏យើងនឹងពិនិត្យស្នើនៅក្រៅឃុំម្តងទៀត និងសុំទៅព្យាបាលជំងឺនៅវៀតណាម»។
កាលពីថ្ងៃ ទី៧ ខែកុម្ភៈ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយសំអាងហេតុបញ្ហាសុខភាព បន្ទាប់ពីអ្នកទាំងពីរ ត្រូវតុលាការសម្រេចឃុំខ្លួនចោទពីបទរក្សាអាវុធខុសច្បាប់កាលពីថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០១៤ ចំណែកកូនប្រុសគឺលោក ថោង សារ៉ាត់ ដែលកំពុងលាក់ខ្លួន និងអង្គរក្សមួយចំនួន រងការចោទពីបទឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
ជុំវិញចំណាត់ការរបស់តុលាការជាថ្មីនេះ ត្រូវបានសាធារណជនមួយចំនួន មើលឃើញថា បានធ្វើឡើងដោយសារតែរងការរិះគន់ចំៗ របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃ ទី១២ ខែកុម្ភៈ មុននេះ ទៅលើស្ថាប័នតុលាការ ដែលជាញឹកញាប់បានដោះលែងអ្នកទោស បើទោះជាសមត្ថកិច្ច រកឃើញភ័ស្តុតាងដាក់បន្ទុកគ្រប់គ្រាន់យ៉ាងណាក្តី៕