ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ៣ នាក់ក្នុងចំណោម ៤ នាក់ដាក់ពន្ធនាគារពី ២០ ទៅ ២៥ ឆ្នាំខណៈម្នាក់ទៀតត្រូវបានដោះលែងឱ្យមានសេរីភាពវិញក្រោយពេលបើកសវនាការជំនុំជម្រះកាលពីម្សិលមិញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម។
ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញលោក សាន សុផាត បានប្រកាសសាលក្រមផ្តន្ទាទោសប្តីប្រពន្ធជនជាតិវៀតណាម សញ្ជាតិខ្មែរ ២ នាក់ឈ្មោះ ចាន់ បញ្ញា និងឈ្មោះ លួង ដាវី ភេទស្រីដែលកំពុងរត់គេចខ្លួនដាក់ពន្ធនាគារកំណត់រយៈពេល ២៥ ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៥០ លានរៀលចូលថវិការដ្ឋ និងបានចេញដីកាតាមចាប់ខ្លួនជនជាប់ចោទជាប្តីប្រពន្ធមកអនុវត្តទោសដាក់ពន្ធនាគារ។
ចំណែកជនជាប់ចោទឈ្មោះ សែន សាយ ភេទប្រុស អាយុ ៤៥ ឆ្នាំជនជាតិខ្មែរដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ លានរៀលចូលជាថវិការដ្ឋខណៈជនជាប់ចោទឈ្មោះ ឌីង មីងហូ ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិវៀតណាមត្រូវបានតុលាការលើកលែងការចោទប្រកាន់ និងសម្រេចដោះលែងវិញបន្ទាប់ពីរកមិនឃើញបទល្មើស។
ជនជាប់ចោទទាំង ៣ នាក់ត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៣ ដុំទម្ងន់ជាង ១ គីឡូក្រាមដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១៥ នៅចំណុចមុខមន្ទីរពេទ្យជោរៃ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីនោះចៅក្រមសម្រេចរឹបអូសរថយន្ត Lexus 470 និងរថយន្ត Camery និងវត្ថុតាងផ្សេងទៀតដែលបានរកឃើញនៅផ្ទះជនជាប់ចោទពីរនាក់ប្តីប្រពន្ធទុកជាទ្រព្យសម្បត្តិរដ្ឋ។
បើតាមអង្គហេតុក្នុងពេលជំនុំជម្រះចៅក្រមឱ្យដឹងថានៅថ្ងៃកើតហេតុជនជាប់ចោទឈ្មោះ សែន សាយ បានជិះម៉ូតូយកគ្រឿងញឿនទៅឱ្យភ្ញៀវនៅម្តុំមុខមន្ទីរពេទ្យជោរៃបន្ទាប់មក ២ នាក់ប្តីប្រពន្ធជិះរថយន្ត Lexus 470 តាមពីក្រោយចាំយកលុយភ្លាមៗ។ គ្រានោះឈ្មោះ សែន សាយ បានបោះគ្រឿងញៀនចូលរថយន្តប្រភេទមួយបាំងកន្លះរបស់ភ្ញៀវហើយភ្ញៀវក៏បោះលុយដុល្លារ ២៩០០០ ដុល្លារចូលរថយន្តជនជាប់ចោទវិញ។
ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សែន សាយ និងបានដេញតាមរថយន្តរបស់ ២ នាក់ប្តីប្រពន្ធដល់វាលស្បូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅតែពួកគេគេចខ្លួនពីឡានបាត់ដោយទុកតែរថយន្ត Lexus 470។ បើតាមអង្គហេតុដដែលឈ្មួញដែលទិញគ្រឿងញៀននោះគឺជាសមត្ថកិច្ចដែលបានបន្លំធ្វើអ្នកទិញគ្រឿងញៀនហើយលុយដុល្លារនោះគឺជាលុយក្លែងក្លាយ៕