The Phnom Penh Post Search

Search form

តាត ម៉ារីណា ទម្លាយ​អាថ៌​កំបាំង​លោក ស្វាយ ស៊ីថា

តាត ម៉ារីណា ទម្លាយ​អាថ៌​កំបាំង​លោក ស្វាយ ស៊ីថា

Content image - Phnom Penh Post
លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវជាស្វាមី ឃួន សុផល ហេង ជីវ័ន
Content image - Phnom Penh Post
បងប្រុសតាត ម៉ារីណា លោក Sequndo បង្ហាញរូបជនដៃដល់ ឃួន វណ្ឌី សហការី
Content image - Phnom Penh Post
អ្នកស្រី តាត ម៉ារីណា តុបតែងផាត់មុខយ៉ាងស្អាតមុនពេលធ្វើបទសម្ភាសពីរឿងពិត សហការី

សហ​រដ្ឋ​អាមេរិកៈ ទោះ​បី​ជា​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ទឹក​អាស៊ីត បាន​ចូល​ជា​ធរមាន​កាល​ចុង​ឆ្នាំ​២០១១​ក្តី ប៉ុន្តែ​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​នៅ​តែ​មាន​កម្រិត។ តាត ម៉ារីណា ជា​ជន​រង​គ្រោះ​ម្នាក់ ដែល​សព្វ​ថ្ងៃ​នៅតែ​ប្រើ​ជីវិត​ក្នុង​ក្តី​ភ័យ​ខ្លាច​ទោះ​បី​ស្ថិត​លើ​ទឹក​ ដី​អាមេរិក​ក្តី តែ​នាង​នៅ​តែ​ស្រែក​រក​យុត្តិ​ធម៌ គ្មាន​ថ្ងៃ​បាន​ធូរ​អារម្មណ៍​ឡើយ ខណៈ​ដែល​ជន​ដៃ​ដល់​ទាំង​ក្រុម​នៅ​តែ​យក​ច្បាប់​ទ្រាប់​គូទ​អង្គុយ និង​រស់​នៅ​ក្រៅ​រង្វង់​ច្បាប់​យ៉ាង​រីក​រាយ​នោះ​។

ជាង​១០​ឆ្នាំ​ហើយ ដែល​ម៉ារីណា បាន​រង​នូវ​ភាព​អយុត្តិ​ធម៌​ពី​ការ​ជះ​ទឹក​អាស៊ីត​យ៉ាង​ព្រៃ​ផ្សៃ​ពី​ សំណាក់​​អ្នក​ស្រី ឃួន សុផល ប្រពន្ធ​មន្ត្រី​ជាន់​ខ្ពស់ លោក ស្វាយ ស៊ីថា ដែល​ពេល​នោះ​មាន​ឋានៈ​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។ ភាព​យុត្តិ​ធម៌​នៅ​តែ​គ្មាន ខណៈ​ជញ្ជីង​តុលាការ​នៅ​តែ​លម្អៀង​ទៅ​កាន់​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​។

នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១១ លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ថ្លែង​តាម​ទូរទស្សន៍​អប្សរា​ថា តុលាការ​បាន​កាត់​សេចក្ដី​សំណុំ​រឿង​នេះ​រួច​ហើយ ដោយ​បាន​ព្យួរ​ទោស​ជន​ដៃដល់ ឃួន សុផល រយៈពេល​មួយ​ឆ្នាំ និង​កំណត់​ទោស​សាកល្បង​ចំនួន ៥​ឆ្នាំ ​ហើយ​ថា ដំណើរ​រក​យុត្តិធម៌​នេះ​បាន​បញ្ចប់​សព្វ​គ្រប់​រួច​ទៅ​ហើយ។ មហា​ជន​ចោទ​សួរ​ថា តើ​យុត្តិធម៌​នៅ​ត្រង់​ណា បើ​ជន​ដៃ​ដល់​នៅ​រស់​ក្រៅ​ពន្ធនាគារ​នោះ​?

តាត ម៉ារីណា ដែល​កំពុង​ឆ្លុះ​កញ្ចក់​មើល​មុខ​គួរ​ឲ្យ​ខ្លាច​របស់​នាង ហើយ​ចាប់​ផ្តើម​ផាត់​តុប​តែង​មុខ​ដើម្បី​លាក់​បាំង​ការ​ពិត​បាន​ខ្លះ​នោះ បាន​និយាយ​ទាំង​អួល​ដើម​ក​ថា៖​«​ឥឡូវ​ខ្ញុំ​កំពុង​គិត​ថា តើ​យុត្តិ​ធម៌​នៅ​ឯណា? ខ្ញុំ​ពិត​ជា​ខុស​ពី​មុន មិន​ដូច​អ្នក​ដទៃ​ទេ ជួន​កាល មុខ​ខ្ញុំ​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ចង់​រស់​នៅ​តទៅ​ទៀត ពីព្រោះ​មើល​ឃើញ​តែ​សម្បក​ក្រៅ មើល​ខាង​ក្នុង​មិន​ឃើញ​ទេ ជួន​កាល​ខ្ញុំ​មាន​ចិត្ត​ទន់​ខ្សោយ​ណាស់ ខ្ញុំ​មិន​ចង់​គិត​រឿង​ដែល​កន្លង​ហួស​ទៅ​ហើយ​ទេ ខ្ញុំ​មិន​ចង់​គិត​ពី​មនុស្ស​ម្នាក់​នោះ​ឡើយ​ ខ្ញុំ​មិន​ចង់​និយាយ​ពី​មនុស្ស​នោះ​ទេ ខ្ញុំ​ចង់​គិត​តែ​ពី​ជីវិត​ថ្មី​របស់​ខ្ញុំ ចង់​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ខ្ញុំបួង​សួង​សុំ​ឲ្យ​ជីវិត​ចុង​ក្រោយ​របស់​ខ្ញុំ​នេះ បាន​រីក​រាយ​ដូច​គេ តែ​រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ មិន​អាច​ផ្លាស់​ប្តូរ​បាន​ទេ តែ​ខ្ញុំ​ត្រូវ​តស៊ូ​ទៅ​មុខ​មិន​អាច​ថយ​ក្រោយ​ទេ»។

នាង​បាន​បន្ត​ថា៖«​ខ្ញុំ​មិន​ចង់​ឲ្យ​គ្រួសារ​ខ្ញុំ​មាន​រឿង​ទៀត​ទេ ឥឡូវ​ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​ទៀត​ទេ ពី​ព្រោះ​គាត់​(​ស្វាយ ស៊ីថា) បាន​យកអ្វី​ៗ​ទាំង​អស់​ពី​ជីវិត​របស់​ខ្ញុំ​ទៅ​ហើយ គាត់​បាន​បេះ​យក​អ្វី​ដែល​គាត់​ចង់​បាន​អស់​ហើយ​»។

លោក Sequndo បង​ប្រុស​បង្កើត​តារា​សម្តែង​ច្រៀង តាត ម៉ារីណា ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​មុន​ តាត ម៉ារីណា ចាប់​កំណើត​បន្តិច​នោះ បាន​លើក​រូប​ថត​បុរស បាន​លើក​រូប​ថត​បុរស​ម្នាក់​ឡើង​ ហើយ​បាន​និយាយ​យ៉ាង​ឈឺ​ចាប់​ថា​៖«​នេះ​គឺជា​រូប​ថត ឃួន វណ្ឌី វា​ជា​ជនដៃ​ដល់​ម្នាក់ និង​ជា​ក្មួយ​ ឃួន សុផល (​ប្រពន្ធស្វាយ ស៊ីថា ) យុវ​ជន​នេះ មាន​មុខ​មាត់​ស្អាត​បាត​ណាស់ តែ​វា​ជា​ក្មេង​ចិត្ត​ខ្មៅ​សាហាវ​ក្រៃ​លែង វា​នេះ​ហើយ និង​ក្មេង ២-៣​ តទៀត ដែល​បាន​វាយ​ប្រហារ​ទៅ​លើ តាត ម៉ារីណា រហូត​ដល់​នាង​សន្លប់ វា​នេះ​ហើយ​ដែល​រត់​ទៅ​យក​ទឹក​អាស៊ីត​ពី​ឡាន​ឲ្យ​មីង​វា​គឺ ឃួន សុផល​។ ពេល​នោះ ឃួន សុផល ជះ​ទឹក​អាស៊ីត​លើ​ម៉ារីណា ពេល​ ម៉ារីណា ដឹង​ខ្លួន​ឡើង ទឹក​អាស៊ីត​មិន​ទាន់​អស់​ទេ ទើប ឃួន វណ្ឌី កញ្ឆក់​យក​ទឹក​អាស៊ីត​ពី​មីង​វា ហើយ​ដេញ​តាម​ជះ​ទឹក​អាស៊ីត​លើ​តាត ម៉ារីណា ថែម​ទៀត។ សំណាង​ល្អ មាន​មនុស្ស​នៅ​ជិត​នោះ បាន​កាន់​ដំបង​ដេញ​វា​ចេញ តែ​អកុសល​ទឹក​អាស៊ីត​ដែល​សល់​ខ្លះ​នោះ បាន​ខ្ទាត​ទៅ​លើ ម៉ារីណា ហើយ​ខ្លះ​ទៀត​ក៏​ខ្ទាត​ត្រូវ​ខោ​ ឃួន វណ្ឌី ដែរ​ វា​បាន​ស្រាត​ខោ​ចោល​កណ្តាល​ផ្លូវ ហើយ​ក៏​រត់​បាត់​ទៅ​ ប្អូន​ថ្លៃ​ខ្ញុំ​រើស​ខោ​វា​ដក​យក​កាបូប​ពី​ក្នុង​ខោ​ឃើញ​រូប​ថត​របស់​វា​ នេះ​»។

លោក​បន្ត​ថា៖«​ឥឡូវ​ជាង​១០​ឆ្នាំ​ហើយ គេ​រក​យុត្តិធម៌​មិន​ឃើញ​ទេ គេ​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន​ទាំង​នោះ​នៅ​មាន​សេរី​ភាព​១០​ឆ្នាំ​ហើយ មនុស្ស​ទាំង​អស់​គ្នា​ដឹង​ថា នរណា​ជា​ជន​ឧក្រិដ្ឋ ជាង​១០​ឆ្នាំ​ហើយ​គ្មាន​ជន​ដៃ​ដល់​ណា​ម្នាក់​បាន​ជាប់​ទោស​ទេ គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ​»។

កាល​ពី​នៅ​អាយុ​១៤​ឆ្នាំ តាត​ ម៉ារីណា បាន​ឈប់​រៀន​ដើម្បី​ជួយ​លក់​ទឹក​ផ្លែ​ឈើ។ នាង​និយាយ​ថា៖​«​នៅ​ពេល​នោះ ផលិតករ​ខារ៉ាអូខេ បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ចម្រៀង​ទេ ខ្ញុំ​ក៏​សម្រេច​ថា ខ្ញុំ​ថត​វីដេអូ​តន្ត្រី»​។ ក្រោយ​ពី​ឆ្លង​ផុត​សម័យ​សង្គ្រាម​ប៉ុល ពត ឪពុក​ ម្តាយ និង​គ្រួសារ​នាង​បាន​រស់​រាន​មាន​ជីវិត​ទាំង​អស់ ហើយ​បង​ប្រុស​របស់​នាង Sequndo បាន​ចេញ​ទៅ​ប្រទេស​អាមេរិក​ជាមួយ​មា​មីង​តាំង​ពី​នាង​មិន​ទាន់​កើត​ ហើយ​នាង​ក៏​មិន​ដែល​បាន​ស្គាល់​បង​ប្រុស​នាង​ដែរ​។

ដោយ​ជក់​បារី​បង្ហុយ​ផ្សែង​យ៉ាង​ទ្រុប​ទ្រុល ភ្នែក​សម្លឹង​ទៅ​តាម​មាត់​បង្អួច​យ៉ាង​សោក​សៅ Sequndo បាន​និយាយ​ថា៖«​ខ្ញុំ​គឺ​ជា​កូន​ប្រុស​អ្នក​វាល​ពិឃាត ខ្ញុំ​រន្ធត់​ចិត្ត​ខ្លាំង​ណាស់ បើ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ច្រើន វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គ្រោះ-​ថ្នាក់ ម៉ារីណា ក៏​អាច​មាន​គ្រោះ​ថ្នាក់​»។

នារី​រង​ការ​បំផ្លាញ​សម្រស់ និង​រូប​រាង​កាយ​ តាត ម៉ារីណា និយាយ​ថា៖«​ពី​ដំបូង​ខ្ញុំ​មិន​ចេះ​និយាយ​ភាសា​អង់​គ្លេស​ទេ នៅ​ឆ្នាំ​ទី​១​ដែល​ខ្ញុំ​មក​ដល់​ទី​នេះ​(​អាមេរិក)​ ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​លែង​ចង់​រស់​ដោយ​សារ​តែ​មុខ មាត់​ខ្ញុំ​សព្វ​ថ្ងៃ ខ្ញុំ​តែង​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​ជា​មនុស្ស​ថ្មី​ម្នាក់ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​រឿង​អាក្រក់​ដូច​មុន​ទៀត​ទេ ខ្ញុំ​មាន​ការ​ខ្មាស​អៀន និង​ភ័យ​ខ្លាច ប្រសិន​បើ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​ដូច្នេះ នៅ​ពេល​មាន​គេ​និយាយ​មក​ខ្ញុំ​ថា គ្មាន​អ្នក​ណា​ស៊ី​សាច់​អ្នក​ឯង​នោះ​ទេ តើ​អ្នក​ឯង​ខ្លាច​អី​? ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា ខ្ញុំ​មិន​ដឹង​ទេ តែ​ខ្ញុំ​ចេះ​តែ​ខ្លាច»។

ម៉ារីណា បន្ត​ថា៖«​នៅ​ពេល​ខ្ញុំ​អាយុ​១៤​ជិត​១៥​ឆ្នាំ ស្វាយ ស៊ីថា គាត់​ស្រឡាញ់​ខ្ញុំ​ គាត់​ដើរ​តាម​ខ្ញុំ​គ្រប់​ទី​កន្លែង គាត់​កុហក​ខ្ញុំ​ថា គាត់​គឺ​ជា​អ្នក​ជំនួញ​នៅ​សហ​រដ្ឋ​អាមេរិក ខ្ញុំ​ជឿ ហើយ​ទុក​ចិត្ត​គាត់»។

អ្នក​ស្រី ស្រី​ពៅ បង​ស្រី​ តាត ម៉ារីណា ​និយាយ​ថា៖«​មិន​យូរ​ប៉ុន្មាន ប្រហែល​ជា​កន្លះ​ខែ​ទៅ​មួយ​ខែ​បាន​ដឹង​រឿង​ថា គាត់​ជា​មន្ត្រី​ជាន់​ខ្ពស់​ឈ្មោះ ស្វាយ ស៊ីថា។ ពួក​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់»។

Sequndo និយាយ​បន្ត​ថា៖​«​នៅ​ពេល​នាង​ដើរ​តួ​ជា​តារា នាង​បាន​ទៅ​ក្លិប គាត់​(​ស្វាយ ស៊ីថា) បាន​ទៅ​ទាក់​ទង​នាង លោក​អ្នក​ដឹង​ហើយ​នៅ​ប្រទេស​ខ្មែរ​ភាព​ក្រខ្សត់​បង្ខំ​មនុស្ស​ឲ្យ​ ប្រព្រឹត្ត​អំពើ​ច្រើន​យ៉ាង​ដោយ​គ្មាន​ភាព​អៀន​ខ្មាសទេ ពេល​នោះ ខ្ញុំ​បាន​បន្ទោស​ ម៉ារីណា ខ្លះ​ដែរ ពេល​នាង​សុខ​ចិត្ត​ទៅ​ជាមួយ​ ស្វាយ ស៊ីថា តែ​ពេល​នោះ​នាង​ជា​កុមារី​ក្មេង​ម្នាក់ មិន​ដឹង​ខុស​ត្រូវ​ទេ នាង​មាន​អាយុ​១៥​ឆ្នាំ​នៅ​ពេល​នាង​ជួប​គាត់ ឥទ្ធិពល​ទឹក​លុយ និង​អ្វី​ដែល​គាត់​បាន​ចំណាយ​លើ​នាង ដែល​ជា​កុមារី​ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ ដែល​មិន​អាច​រក​ប្រាក់​ចិញ្ចឹម​ខ្លួន​បាន ខ្ញុំ​គិត​ថា ខ្លួន​ខ្ញុំ​ក៏​ប្រហែល​ជា​ធ្វើ​ដូច​នាង​ដែរ​»។

តាត ម៉ារីណា បន្ត​ថា៖«​ពេល​ដែល​គាត់​មក​ពី​សិង្ហ​បុរី​វិញ ខ្ញុំ​ឃើញ​លិខិត​ឆ្លង​ដែន ឃើញ​រូប​កូន​គាត់​នៅ​លើ​លិខិត​ឆ្លង​ដែន បេះដូង​ខ្ញុំ​ធ្លាក់​ដល់​ដី ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ក្ឌុក»។

ស្រីពៅ បង​ស្រី តាត ម៉ារីណា បាន​និយាយ​ថា៖«​នៅ​ពេល ម៉ារីណា សុំ​ដាច់​(​ពី​ស្វាយ ស៊ីថា) ខ្ញុំ​ក៏​នៅ​ទី​ហ្នឹង​ដែរ ខ្ញុំ​ចាំ​បាន​ថា នៅ​ពេល​ម៉ារីណា សុំ​ដាច់ គាត់​មាន​អារម្មណ៍​ខឹង​ខ្លាំង គាត់​ចុះ​ពី​ឡាន​ម៉ោ គាត់​បោក​អីវ៉ែ​អីវ៉ាន់​ចោល​ពេញ​ផ្ទះ ហើយ​ក៏​ប្រុង​វ៉ៃ​ធ្វើ​បាប ម៉ារីណា...​ ​ខ្ញុំ​ក៏​ជួយធ្វើ​អន្តរាគមន៍​ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​ខ្ញុំ​នៅ​កន្លែង​ហ្នឹង​»។

Sequndo ​និយាយ​ថា៖«​ខ្ញុំ​ដឹង​ថា ពិត​ជា​មាន​រឿង​ហើយ នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា នាង​បាន​ទាក់​ទង​បុរស​ដែល​មាន​ប្រពន្ធ​ហើយ ព្រោះ​ថា​ ស្រី​ៗ​តែង​ដាក់​កំហុស​លើ​ប្រពន្ធ​លួច​លាក់​ជាមួយ​ប្តី​ខ្លួន ម៉ារីណា បាន​ទទួល​ការ​គំរាម​ពី​ប្តី​ផង ពី​ប្រពន្ធ​ផង ដូចនេះ​ នាង​បី​ដូច​ជា​កូន​សត្វ​ក្នុង​ទ្រុង​ដែល​មិន​អាច​ចេញ​ទៅ​ណា​រួច»។

ម៉ារីណា បាន​និយាយ​បន្ត​ថា៖ «​គាត់​បាន​នាំ​ខ្ញុំ​ទៅ​បាត់​ដំបង ចាក់​សោខ្ញុំ​ទុក​ក្នុង​បន្ទប់​អូតែល​១០​ថ្ងៃ​ យក​សំពត់​ខោ​អាវ​ខ្ញុំ​ទុក​ទាំង​អស់ ពេល​ខ្ញុំ​ព្យាយាម​រក​មធ្យោបាយ​រត់ គាត់​បាន​គំរាម​ខ្ញុំ បាញ់​ចន្លោះ​ជើង​ខ្ញុំ គាត់​មិន​ចង់​ឮ​អ្វី​ក្រៅ​ពី​ពាក្យ​ថា ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់ ហើយ​ចង់​នៅ​ជាមួយ​គាត់​ជានិច្ច​នោះ​ទេ បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មិន​ចង់​នៅ​ជាមួយ​គាត់​ទេ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​ប្រាកដ​ជា​មាន​គ្រោះ​ថ្នាក់ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ដាច់​ចិត្ត​និយាយ​ជាមួយ​គាត់​ថា ខ្ញុំ​ចង់​នៅ​ជាមួយ​គាត់ ដើម្បី​ឲ្យ​គ្រួសារ​ខ្ញុំ​បាន​សុខ​។ បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ ២​អាទិត្យ​ឬ​ជាង​មួយ​ខែ​ក្រោយ​មក ប្រពន្ធ​គាត់​បាន​វាយ​ធ្វើ​បាប​ខ្ញុំ​»។

បង​ស្រី​តារា​រូប​នេះ​និយាយ​ថា៖ «​ស្រី​ម្នាក់​ហ្នឹង​បាន​ដើរ​ចូល​ផ្ទះ​ម៉ារីណា ​សួរ​ថា ស្រី​អូន​ នៅ​ផ្ទះ​ទេ? ពេល​ខ្ញុំ​ចូល​ដល់​ផ្ទះ​ហ្នឹង ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ហ្នឹង​ហើយ​ ម៉ារីណា មាន​ការ​អី​? ហី​ស្រី​ម្នាក់​ហ្នឹង​មាន​អារម្មណ៍​ថា អត់​ជឿខ្ញុំ​ទេ ខឹង​ខ្ញុំ​ហើយ​ក៏​ជិះ​ឡាន​តម្រង់​ទៅ​ផ្សារ»​។

ដោយ​មិន​អាច​ទប់​កំហឹង​បាន ឃុន សុផល ប្រពន្ធ​ ស្វាយ ស៊ីថា ក៏​បាន​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ី​តទៅ​លើ​តារា​ចម្រៀង តាត ម៉ារីណា នៅ​ផ្សារ​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​១៩៩៩។

ម៉ារីណា បាន​រៀប​រាប់​ពី​ស្ថាន​ភាព​ថា៖​«​ខ្ញុំ​កំពុង​បញ្ចុក​បបរ​ក្មួយ​ស្រី​ខ្ញុំ គឺ​បបរ​ត្រី ខ្ញុំ​ដួស​បបរ​មួយ​ស្លាប​ព្រា​ រួច​ផ្លុំ​ឲ្យ​ត្រជាក់ ខ្ញុំ​បាន​ឃើញ​ស្រី​ចាស់​ម្នាក់ មក​ក្របួច​សក់​ខ្ញុំ​ពី​ខាង​ក្រោយ គាត់​ជេរ​ខ្ញុំ ខ្ញុំ​ឆ្ងល់ ខ្ញុំ​ស្រឡាំង​កាំង​ថា គាត់​នេះ​ជា​អ្នក​ណា? គាត់​ស្រែក​ដាក់​ខ្ញុំ​ថា នាង​ឯង​មិន​បាច់​សួរ​អញ​ថា​ជា​អ្នក​ណា​ទេ។ នាង​ឯង​ដឹង​ថា អញ​ជា​អ្នក​ណា​ហើយ ខ្ញុំ​មាន​ការ​តក់​ស្លុត ហើយ​ភ្លាម​នោះ ខ្ញុំ​ក៏​ដឹង​ថា គាត់​ជា​អ្នក​ណា មាន​មនុស្ស​៥-៦​នាក់​នៅ​ក្នុង​ឡាន​មួយ ហើយ​មាន​ឡាន​មួយ​ផ្សេង​ទៀត ពួក​វា​មាន​កាំភ្លើង ខ្ញុំ​ដឹង​ថា ពិត​ជា​មាន​រឿង​ហើយ នៅ​ពេល​នោះ ខ្ញុំ​បាន​ចាប់​ស្មា​គាត់​ដើម្បី​ទាញ​សក់​ខ្ញុំ​ចេញ ហើយ​ដៃ​ខ្ញុំ​បាន​ប៉ះ​ទៅ​លើ​មុខ​គាត់ ហើយ​ក្មេង​ប្រុស​ម្នាក់​បាន​មើល​ឃើញ​ថា ខ្ញុំ​បាន​វ៉ៃ​ត្រូវ​ដៃ​របស់​គាត់ វា​ក៏​រត់​មក​ដាល់​ខ្ញុំ​ជា​ច្រើន​ដៃ​យ៉ាង​ធ្ងន់ វា​ដាល់​ត្រូវ​ក្បាល​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ទាល់​តែ​ខ្ញុំ​សន្លប់​បាត់​ស្មារតី»។

បង​ប្រុស​តារា​រូប​នេះ​បាន​និយាយ​ថា៖«​ឃុន សុផល បាន​ធាក់​ម៉ារីណា នឹង​ស្បែក​ជើង​កែង​ចោទ ប្អូន​ស្រី​គាត់ និង​ក្មួយ​គាត់​ ព្រួត​គ្នា​វាយ​ទាត់​ធាក់។ ឃួន សុផល បាន​ញាក់​មុខ​ឲ្យ​ក្មួយ​គាត់​ទៅ​យក​ដប​ទាំង​អាស៊ីត គាត់​ជះ​លើ ម៉ារីណា ពី​ក្បាល​ដល់​ចង្កេះ គឺ​ចាក់​ពេញ​ខ្លួន ម៉ារីណា ប្រហែល​៤៥​ភាគ​រយ»។

សាក្សី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​ឌុប បាន​និយាយ​ថា៖«ម្នាក់​នោះ មួយ​ក្រុម​នោះ បាន​វាយ​ប្រហារ​ដោយ​ការ​វាយ​តប់ បោច​សក់ ទាត់​ក្បាល ហើយ​ចាក់​ទឹក ដែល​ក្រោយ​មក​ទើប​ដឹង​ថា នោះ​ជា​ទឹក​អាស៊ីត»។

តាត ម៉ារីណា បាន​រំឭក​ដល់​ពេល​នោះ​ថា៖​«​ខ្ញុំ​ចាប់​មាន​អារម្មណ៍​ដូច​ជា​ក្តៅ​លើ​ស្បែក ​ពី​ក​ដល់​ចង្កេះ ដល់​ខ្ញុំ​ដឹង​ខ្លួន​ឡើង ដឹង​ថា មាន​ទឹក​អាស៊ីត​នៅ​ពេញ​ខ្លួន​ខ្ញុំ នៅ​លើ​មុខ​ខ្ញុំ ខ្ញុំ​ងាក​រក​មើល​អ្នក​ជះ​ទឹក​អាស៊ីត ខ្ញុំ​ក្តៅ​ពាស​ពេញ​រាង​កាយ ហើយ​ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ ទឹក​អាស៊ីត​ពេញ​លើ​ខ្លួន​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្តៅ​ពាស​ពេញ​ខ្លួន ខ្ញុំ​មិន​អាច​បើក​ភ្នែក​បាន ខ្ញុំ​គិត​ថា ខ្ញុំ​ប្រាកដ​ជា​ខ្វាក់​ហើយ»។

សាក្សី​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នោះ បាន​បន្ត​ថា៖​«​ខ្ញុំ​បាន​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​ទ្រុឌ​ទ្រោម ហើយ​ឡើង​ពណ៌​ស​ពេញ​ខ្លួន​»។

ស្រី​ពៅ និយាយ​ថា៖ «​ពេល​ទៅ​ដល់​ខ្ញុំ​ស្លុត​មែន​ទែន ខ្ញុំ​ស្លុត​ខ្លាំង​ណាស់ នៅ​ពេល​ឃើញ​មុខ​ប្អូន​ខ្ញុំ​ដូច​បិសាច»។

Sequndo ​និយាយ​ថា៖ ​«​នៅ​ពេល​នាង​ត្រូវ​គេ​វាយ​សន្លប់​បាត់​ស្មារតី ពេល​ឃួន សុផល ជះ​ទឹក​អាស៊ីត​លើ​នាង ការ​ចុក​ចាប់​បាន​ធ្វើ​ឲ្យ​នាង​ដឹង​ខ្លួន​ឡើង​វិញ។ ស្រី​ចាស់​នោះ​បាន​រត់​ទៅ​ក្នុង​ឡាន​ទាញ​យក​កាបូប ប្អូន​ប្រុស​ខ្ញុំ​ដេញ​តាម​គាត់ ទាញ​សក់​គាត់​ ដល់​ងាក​មក​ឃើញ​ផ្សែង​ហុយ​ពេញ​ខ្លួន ម៉ារីណា ប្អូន​ខ្ញុំ​លែង​សក់​គាត់ បែរ​មក​ជួយ​សង្គ្រោះ​ ម៉ារីណា វិញ គឺ​ពេល​នោះ​ហើយ ដែល​ជន​ដៃ​ដល់​ទាំង​នោះ បាន​រត់​គេច​ខ្លួន​បាត់​ទៅ​»។​

ម៉ារីណា នៅ​តែ​ដក់​ជាប់​មុខ​ស្ត្រី​វ័យ​ចំណាស់​ក្នុង​ចិត្ត​ជា​និច្ច​ នាង​និយាយ​ថា៖​«​ខ្ញុំ​នៅ​ចាំ​មុខ​ស្ត្រី​ម្នាក់​នោះ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ បង​ស្រី​ខ្ញុំ​យក​ក្រណាត់​គ្រប​ខ្ញុំ ឱប​ខ្ញុំ​ហើយ​ដឹក​ខ្ញុំ​យក​ទៅ​មន្ទីរ​ពេទ្យ​(​ពេទ្យ​កុសមៈ​) »។

នាង​បន្ត​ថា៖«​ខ្ញុំ​មិន​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​របួស​ធ្ងន់​ប៉ុន​ណា​ទេ តែ​ក្រោយ​មក​ខ្ញុំ​បាន​ទទួល​ក្រែម​សម្រាប់​លាប​ស្បែក វេជ្ជបណ្ឌិត​ត្រូវ​កាត់​ត្រចៀក​ខ្ញុំ​ទាំង​ពីរ ខ្ញុំ​មិន​ចង់​រស់​ទៀត​ទេ»។

Sequndo បន្ត​ម្តង​ថា៖«​នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ស្រុក​ខ្មែរ​ភ្លាម ខ្ញុំ​បាន​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ នៅ​ពេល ម៉ារីណា ឮ​សំឡេង​ខ្ញុំ នាង​ក៏​ស្រែក​ហៅ​ឈ្មោះ​ខ្ញុំ ខ្ញុំ​រត់​ចូល​ទៅ​ក្នុង​បន្ទប់ អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​មនុស្ស​ថ្មី​ម្នាក់ដែល​គ្មាន​ស្បែក​មាន​បង់​ រុំ​ពាស​ពេញ ស្រី​ស្គម​រីង​រៃ​ដេក​លើ​គ្រែ... រូប​រាង​នាង​ខុស​ប្លែក​ស្រឡះ​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ពី​មុន នាង​រៀប​រាប់​ប្រាប់​ខ្ញុំ​ពី​ការ​វាយ​ប្រហារ​លើ​រូប​នាង​»។

លោក​ស្រី មូរ សុខ​ហួរ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី បច្ចុ​ប្បន្ន​ជា​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​មាន​ប្រសាសន៍​ថា៖«​ប្រជា​ រាស្ត្រ​ស្រែក​ទាមទារ​យុត្តិធម៌​ឲ្យ​នាង តាត ម៉ារីណា ក៏​ប៉ុន្តែ​ប្រព័ន្ធ​តុលាការ ការពារ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​យ៉ាង​ពេញ​ទំហឹង»។

លោក Jason Barber ប្រធាន​គម្រោង​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​របស់​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា...។

នេះ​ជា​ការ​រៀប​រាប់​ដំណើរ​រឿង​របស់​ តាត ម៉ារីណា និង​ក្រុម​គ្រួសារ នៅ​ដើម​រឿង និង​មូល​ហេតុ​មុន​នឹង​ឈាន​ដល់​ការ​ជះ​ទឹក​អាស៊ីត​យ៉ាង​សាហាវ​។ ចង់​ដឹង​ថា តើ​ជីវិត តាត ម៉ារីណា នឹង​ទៅ​ជា​យ៉ាង​ សូម​រង់ចាំ​អាន​បន្ត​នៅ​ថ្ងៃ​ស្អែក​៕

អត្ថបទគួរចាប់អារម្មណ៍