The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ

ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ

ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ

Content image - Phnom Penh Post

ភ្នំពេញៈ ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ និង​ពិភពលោក ក្រោម​ប្រធានបទ «គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត» នៅ​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​កម្មវិធី​នោះ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បាន​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​ប្រកួត​នេះ​ថា៖ «ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ចៅ​ជំនាន់​ក្រោយ​បាន​គូរ​គំនូរ​រថយន្ត​នៅ​ថ្ងៃ​អនាគត​ទៅ​តាម​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន និង​ជំរុញ​ឲ្យ​ចៅៗ​មាន​ការ​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​រថយន្ត ក៏​ដូច​ជា​លើក​កម្ពស់​ពី​សារៈ​សំខាន់​នៃ​ការ​ស្រមើ​ស្រមៃ»។

លោក​ថ្លែង​ទៀត​ថា៖ «ទាំង​នេះ​គឺ​ជា​គោល​បំណង​របស់​ក្រុមហ៊ុន​តូយ៉ូតា ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​របស់​កុមារ​ដើម្បី​ឲ្យ​សង្គម​ជាតិ​កាន់​តែ​មាន​ការ​រីក​ចម្រើន​និង​អភិវឌ្ឍន៍»។

130103_20a
ការចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងពិភពលោកអំពីការគូរគំនូររថយន្តក្នុងក្ដីស្រមៃសម្រាប់ថ្ងៃអនាគត សហការី

កម្មវិធី​ប្រកួត​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​តាំង​ពីឆ្នាំ​២០០៤ ដោយ​ក្រុមហ៊ុន​តូយ៉ូតា​ម៉ូទ័រ​ខបភើរេសិន ប្រទេស​ជប៉ុន ដោយ​មាន​ការ​ចូល​រួម​ពី​សាខា​ក្រុមហ៊ុន​តូយ៉ូតា​នានា​ទូទាំង​ពិភពលោក​។

ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា នេះ​គឺជា​លើក​ទី៣​ហើយ ដែល​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) បាន​ផ្ដល់​ឱកាស​ឲ្យ​កុមារ និង​យុវវ័យ​បាន​បញ្ចេញ​សមត្ថភាព​ផ្នែក​ច្នៃ​ប្រឌិត គូរ​ចេញ​នូវ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​លើ​ក្រដាស។

អាយុ​ដែល​អាច​ចូលរួម​ត្រូវ​បាន​បែង​ចែក​ជា​បី​ប្រភេទ​គឺ​ក្រោម​អាយុ​១០​ឆ្នាំ ១០-១២​ឆ្នាំ និង​១៣-១៥​ឆ្នាំ។

ចំពោះ​កុមារ ឬ​យុវវ័យ​ដែល​មិន​បាន​ចូល​រួម​ប្រកួត​ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) ពួកគេ​អាច​ផ្ញើ​គំនូរ​រថយន្ត​ដែល​បាន​គូរ​នៅ​ផ្ទះ​មក​ចូល​រួម​ប្រកួត​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែ​មករា។

គំនូរ​ដែល​ទទួល​ជ័យ​លាភី​ថ្នាក់​ជាតិ ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) នឹង​ធ្វើ​ការ​ប្រកាស​នៅ​ខែ​កុម្ភៈ ហើយ​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។

ចំពោះ​ជ័យ​លាភី​ថ្នាក់​ពិភពលោក​មាន មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធ រង្វាន់​ចុង​ក្រោយ​និង​រង្វាន់​ពិសេស។ អ្នក​ឈ្នះ​មេដាយ​នឹង​ទទួល​បាន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែ​សីហា ឆ្នាំ​២០១៣ ជាមួយ​នឹង​អាណា​ព្យាបាល​ម្នាក់​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍