តើលោកអ្នកស្គាល់ឈ្មោះផ្កានេះទេ? មានការចោទសួរជាច្រើនចំពោះបុប្ផាម្យ៉ាងដែលមានរូបរាងដ៏ចម្លែកនេះ ខណៈមានអ្នករុក្ខសាស្រ្តនានាបានដាក់ឈ្មោះវាថា ផ្កាបបូរមាត់ស្រីខូចឬ បបូរមាត់ក្រហមឆ្អៅដោយសារតែផ្កានោះមានស្រទាប់ផ្កាទាំងពីររបស់វាមានពណ៌ក្រហមឆ្អៅដូចបបូរមាត់មនុស្សស្រីពេលលាបក្រែមនោះឯង។
បុប្ផានេះបើយើងមើលទៅវាហាក់ដូចជាការរចនាកែខៃនូវរូបភាពតាមប្រព័ន្ធកុំព្យូទ័រអ៊ីចឹង តែតាមពិតទៅមិនមែនឡើយ។ វាគឺជាបុប្ផាមួយប្រភេទមានស្រទាប់ផ្ការីកចេញមកគួរឲ្យចង់ថើបណាស់។ ផ្កាប្រភេទនេះគេបានប្រទះឃើញវានៅតំបន់ព្រៃត្រូពិកដែលស្ថិតនៅទឹកដីអាមេរិកភាគកណ្តាលនិងអាមេរិកខាងត្បូង ក្នុងនោះមាននៅប្រទេសកូឡុំប៊ី កូស្តារីកា ប៉ាណាម៉ា និងអេក្វាទ័រជាដើម។ បុប្ផានេះវាមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍មនុស្សប៉ុណ្ណោះទេ វាក៏បានឆក់យកការចាប់អារម្មណ៍ពីហ្វូងសត្វបក្សីបក្សានិងមេអំបៅជាច្រើនទៀតផងដែរ។
ទោះជាយ៉ាងណាប្រភេទបុប្ផាដ៏កម្រនេះក៏កំពុងតែរងការបាត់បង់ពូជរបស់វាដែរដោយសារការកាប់បំផ្លាញព្រៃឈើនៅបណ្តាប្រទេសខាងលើ។ ដូច្នេះប្រសិនបើចង់ឃើញឬចង់ថើបវានោះគឺមានតែឱកាសដែលនៅសេសសល់ពេលនេះប៉ុណ្ណោះ៕PR