
ភ្នំពេញ : ក្នុងឆ្នាំ២០១៣នេះគឺជាគម្រប់ខួបលើកទី១០នៃសម្ព័ន្ធភាពជាដៃ គូយុទ្ធសាស្រ្តនៃប្រទេសចិននិងកម្ពុជាហើយក៏ជាខួបលើកទី១០នៃ ពិព័រណ៍របស់ប្រទេសចិន និងអាស៊ានដែរ ដោយកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ធ្នូ សប្ដាហ៍នេះ។
គោលបំណងនៃពិព័រណ៍នេះដែរគឺដើម្បីពង្រឹងកិច្ចសហ ប្រតិ-បត្តិការពាណិជ្ជកម្មរវាងប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដោយមានសហគ្រាសចំនួន៥៩មកពីខេត្តគ័ងស៊ី ប្រទេសចិនចូលរួមដាក់តាំងផលិតផលរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលផលិតផលពីខេត្តគ័ងស៊ីមានវត្តមានតាំងពិព័រណ៍លើកទីមួយនៅប្រទេសកម្ពុជា។
នៅ ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ វេលាម៉ោង១០ព្រឹក នឹងមានពិធីសម្ពោធពិព័រណ៍ផលិតផលពីខេត្តគ័ងស៊ី នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយអ្នករៀបចំកម្មវិធីរំពឹងថានឹងមានវត្តមានពាណិជ្ជករ ព្រមទាំងភ្ញៀវកិត្តិយសចូលរួមយ៉ាងកុះករ។
ពិព័រណ៍នេះគឺមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ រហូតដល់១៨ ខែធ្នូ ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៧កន្លះយប់។
សម្រាប់ ថ្ងៃទី១៥ និង១៦ធ្នូ ពិព័រណ៍នឹងស្វាគមន៍ដល់បណ្ដាអ្នកឯកទេស ហើយសម្រាប់ថ្ងៃទី១៧ រហូតដល់១៨ខែធ្នូ គឺជាពេលវេលាទទួលសាធារណជនមកពីគ្រប់ទិសទី។
ទីតាំងពិព័រណ៍ផលិតផល ខេត្តគ័ងស៊ីគឺនៅសាលលេខមួយដែលមានចំនួន៦០តូប និងមានផលិតផលដូចជា គ្រឿងចក្រយានយន្ត ផលិតផលអេឡិចត្រូនិក សារធាតុគីមីរ៉ែ ប្រភេទឱសថថែទំាសុខភាព បរិក្ខារប្រើប្រាស់ក្នុងផ្ទះ ធ្វើដោយតម្បាញ អាហារប្រចំាតំបន់គ័ងស៊ី ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងអលង្ការ របស់តុបតែង គ្រឿងសម្អាង និងគ្រឿងសំណង់ជាដើម។
ជម្រើស ផលិតផលរាប់ពាន់មុខដែលយកមកបង្ហាញក្នុងកម្មវិធីពិព័រណ៍នេះគឺជា ប្រភេទទំនិញល្បីឈ្មោះ និងលក់ដាច់នៅទូទាំងពិភពលោក ហើយវាក៏ជាផលិតផលដែលមានឈ្មោះល្បីនៅខេត្តគ័ងស៊ីផងដែរ។
លោក ស៊ូ ហ៊ូជុន (Xu Houchun) មកពីនាយកដ្ឋានពាណិជ្ជកម្ម ខេត្តគ័ងស៊ី ប្រទេសចិន បានមានប្រសាសន៍ថា៖ «ការតាំងពិព័រណ៍នេះគឺជាស្ពានមាសរឹងមាំសម្រាប់សហការយ៉ាងល្អ រវាងប្រទេសចិនជាមួយនឹងប្រទេសកម្ពុជា»។
លោកបានឲ្យដឹងទៀតថា៖ «សម្រាប់ការតាំងពិព័រណ៍នេះគឺមិនមែនធ្វើតែមួយលើកនោះទេគឺយើង នឹងធ្វើជាអនន្តតែម្តងហើយខ្ញុំសង្ឃឹមថា កម្ពុជានឹងផ្តល់នូវកម្មវិធីជាច្រើនដូចជាការតាំងពិព័រណ៍ដើម្បី ឲ្យប្រទសចិនអាចចូលរួមផងដែរ ហើយខ្ញុំជឿជាក់ថា ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅយ៉ាងរលូន»៕