បារ៉ាក់ អូបាម៉ា ចេះរាំក្បាច់ Gangnam Style កូរ៉េ
ក្រុងសេអ៊ូលៈ នៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនោះ លោកបារ៉ាក់អូបាម៉ា បានប្រកាសថាលោកអាចរាំចង្វាក់ «Gangnam Style» ដ៏ល្បីរបស់កូរ៉េបាន។ នាឱកាសធ្វើកិច្ចសម្ភាសន៍តាមវិទ្យុមួយ នៅឯរដ្ឋញូវហេមសែរ លោកអូបាម៉ា និយាយថា៖ «ខ្ញុំទើបតែបានឃើញចង្វាក់រាំមួយនោះលើកដំបូងហើយគិតថាខ្ញុំក៏អាចរាំបានដែរ»។ តែនៅពេលសួរបញ្ជាក់ថា លោកអាចរាំឥឡូវនេះបានទេ? លោក អូបាម៉ា ថា៖ «ខ្ញុំ មិនទាន់ប្រាកដវាជាឱកាសស័ក្ដិសមនឹងរាំនៅថ្ងៃបោះឆ្នោតទេ ខ្ញុំទុកក្បាច់នេះរាំឲ្យ មីឆែល ភរិយាខ្ញុំមើលនៅផ្ទះ»៕ PR
បុរសអាមេរិកបង្ខាំងបក្សីជាង៥០០ក្បាលក្នុងផ្ទះខ្លួន
ក្រុងឈីកាហ្គោៈ អាជ្ញាធរតំបន់អូរ៉ូរ៉ា បានដាក់ពាក្យប្តឹងបុរសម្នាក់ពីបទចាប់សត្វស្លាបយកមកឃុំឃាំងនៅផ្ទះខ្លួនរាប់រយក្បាល។ ដាវីត ស្កេបឺឌីស វ័យ៥៧ឆ្នាំ ត្រូវតុលាការប្រកាសបើកសវនការនៅថ្ងៃទី៤ ខែធ្នូខាងមុខនេះបន្ទាប់ពីទទួលពាក្យបណ្តឹងពី អាជ្ញាធរតំបន់អូរ៉ូរ៉ា និងបានស៊ើបដឹងថា មានសត្វបក្សីជិត៥០០ក្បាលត្រូវបានលោក ស្កេបឺឌីស ចាប់ឃុំឃាំងនៅផ្ទះ និងមានលាមកសត្វទាំងនោះពាសពេញផ្ទះគាត់អស់រយៈពេល៧ឆ្នាំមក ហើយ។ ប្រសិនបើតុលាការរកឃើញថា លោកមានកំហុសមែននោះ លោកនឹងត្រូវជាប់គុកយ៉ាងហោចណាស់៦ខែពីបទបង្ខាំងសត្វខុសច្បាប់៕ PR
ក្រុងអេឌីនប៊ើកមានបញ្ហានាពេលបាញ់កាំជ្រួចអបអរ
ក្រុងអេឌីនប៊ើកៈ គ្រាប់កាំជ្រួចតម្លៃ៣ ២០០ដុល្លារដែលគេបាញ់អបអរសាទរពិធីបុណ្យមួយនៅប្រទេសស្កុតឡេន ឆេះចេញខុសទិសដៅធ្វើឲ្យផ្អើលអ្នកទស្សនា និងធ្វើឲ្យរបួសក្មេងស្រីម្នាក់។ ចំណែកអ្នករៀបចំដុតកាំជ្រួចនៅទីក្រុងអេឌីនបឺកក៏បានសុំអភ័យទោស ចំពោះកំហុសឆ្គងនោះផងដែរ។ ក្រុមអ្នករៀបចំនិយាយថា នេះជាការភ្លាត់ស្នៀតដំបូងមួយខណៈពួកគេធ្លាប់រៀបចំល្អឥតខ្ចោះ អស់ពេល១០ឆ្នាំមកហើយនៅក្នុងព្រឹត្តិការណ៍នានា៕ PR