The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ

ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ

ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ

Content image - Phnom Penh Post

ភ្នំពេញ : ក្រុមហ៊ុន​សូវរិន រីថែល គ្រុប (SOVEREIGN Retail Group) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ម៉ាក​ផលិតផល​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ មួយ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ធ្នូ កន្លង​ទៅ​នេះ​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ នៅ​សណ្ឋាគារ Raffles Le Royal ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​បង្ហាញម៉ូដ​ដ៏​ធំ​ជា​លើក​ទី​ពីរ។

បណ្ដា ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ជាច្រើន​ម៉ាក​នឹង​ធ្វើការ​ចូលរួម​ក្នុង កម្មវិធី​បង្ហាញម៉ូដ​ទ្រង់ទ្រាយ​ធំ «​ហ្វេសហ្សិន អ៊ីលូមីណេហ្សិន» (Cambodia Fashion Illumination) សម្រាប់​រដូវផ្ការីក និង​រដូវក្ដៅ​ឆ្នាំ​២០១៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ​អគារ ស៊ីធីហល នៅ​ថ្ងៃ​ទី​២១ និង​២២ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

140107_21a
លោក លី ស៊ូដែន ថ្លែងក្នុងកម្មវិធីសន្និសីទកាសែតស្ដីអំពីព្រឹត្តិការណ៍បង្ហាញម៉ូដប្រចាំឆ្នាំ២០១៤ នៅខែកុម្ភៈ សហការី
Content image - Phnom Penh Post

ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ដើរ​បង្ហាញ ម៉ូដ​របស់​ម៉ាក​ផលិតផល​សម្លៀកបំពាក់​លំដាប់​ជាតិ និង​អន្តរជាតិ​ចំនួន​១៤​។ ផលិតផល​សម្លៀកបំពាក់​អន្តរជាតិ​ទាំង​៨​ម៉ាក​នោះ រួម​មាន AXARA (អាហ្សារ៉ា) មកពី​ទីក្រុង​ប៉ារីស MANGO (មែងហ្គោ) មកពី​អេស្ប៉ាញ E.PSE (អ៊ីភីអេសអ៊ី) VNC (វីអ៊ិនស៊ី) SUBZERO (សាប់ហ្សេរ៉ូ) BONIA (បូននា) មកពី​ប្រទេស​ម៉ាឡេស៊ី LEVI'S (លីវ៉ាយ) មកពី​អាមេរិក FLAXUS TOKYO (ហ្វ្លេកសឹសតូក្យូ) មកពី​ប្រទេស​ជប៉ុន។

ចំណែកឯ​សម្លៀកបំពាក់​៦​ម៉ាក ទៀត​ត្រូវ​បាន​រចនា​ម៉ូដ​ក្នុង​ប្រទេស​កម្ពុជា​រួមមាន NATACHA VAN (ណាតាឆាវ៉ាន់) [cgbcn] (ស៊ីជីប៊ី ស៊ីអិន) SOKNAN (សុខណាន) RONG (រ៉ុង) SEAM FASHION (សៀម ហ្វេសហ្សិន) និង​ម៉ាក​សម្លៀកបំពាក់ CHIN FDESIGN (ឈិនអេហ្វ ឌីហ្សាញ)។

ក្រុមហ៊ុន​សូវរិន រីថែល គ្រុប នឹង​ពាំនាំ​នូវ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ដ៏​ធំ​នេះ​មក​ប្រារព្ធ​ឡើង ជា​លើក​ទី​២ ដែល​ជា​ការ​ចាប់ផ្ដើម​នូវ​រដូវកាល​ថ្មី​នៃ​ស្លឹកឈើ​លាស់ និង​រដូវក្ដៅ​ឆ្នាំ​២០១៤​របស់​ម៉ាក​សម្លៀកបំពាក់​ទាំងអស់​ខាង​លើ​នេះ ដូច​អ្វី​ដែល​បណ្ដា​ប្រទេស​ជឿនលឿន​លើ​សកលលោក​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ។

ព្រឹត្តិការណ៍ បង្ហាញ​ម៉ូដ​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ប្រាក់​ចំណេញ ចូលរួម​ចំណែក​ជួយ​ជំរុញ​គាំទ្រ​ដល់​វិស័យ​ច្នៃម៉ូដ​សម្លៀកបំពាក់​របស់ អ្នក​រចនា​ម៉ូដ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន ស្រប​ជាមួយ​នឹង​បរិបទ​ថ្មី​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។

អ្នក រៀបចំ​កម្មវិធី​លោក លី ស៊ូដែន បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ឆ្នាំ​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ​ភាព​ច្នៃប្រឌិត​របស់ អ្នក​រចនាម៉ូដ​សម្លៀកបំពាក់​ក្នុង​ស្រុក​តែ​ម្ដង។ ម៉្យាង​វិញ​ទៀត​ខុស​ប្លែក​ពី​ឆ្នាំ​មុន ព្រឹត្តិការណ៍​នេះ​នឹង​ស្វាគមន៍​សាធារណជន​ឲ្យ​ចូលរួម​ទស្សនា និង​ស្វែងយល់​ពី​ការ​វិវឌ្ឍនៃ​វិស័យ​ច្នៃម៉ូដ​នៅ​ប្រទេស​កម្ពុជា និង​រលក​និយម​នៃ​ម៉ូដ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ផង​ដែរ។

លោក លី ស៊ូដែន ដែល​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន សូវរិន រីថែល គ្រុប បាន​និយាយ​ថា៖ «យើង​បាន​រំលង​ឆ្នាំ​២០១៣​ដើម្បី​រៀបចំ​កម្មវិធី​នេះ ក៏​ព្រោះ​តែ​យើង​ចង់​ប្រែ​ក្លាយ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដែល​មាន ទ្រង់ទ្រាយ​កាន់តែ​ធំ​ជាង​មុន»។

លោក​បាន​ឲ្យ​ដឹង​ថា សំបុត្រ​ចូល​ទស្សនា​កម្មវិធី​នេះ​ចំនួន​៨០០​សំបុត្រ​នឹង​លក់​ចែកចាយ សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​ច្នៃម៉ូដ​សម្លៀកបំពាក់ ចំណែកឯ​២៤០​សំបុត្រ​ទៀត​នឹង​ទុក​សម្រាប់​សាធារណជន​ទាំងឡាយ​ដែល​មាន ចំណាប់​អារម្មណ៍​ជាវ​។

សំបុត្រ​នេះ​នឹង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​២០ ដុល្លារអាមេរិក​ចាប់ពី​ពេល​នេះ​តទៅ​រហូត​ដល់​កាលបរិច្ឆេទ​នៃ​ការ​រៀបចំ កម្មវិធី​តែ​ម្ដង៕

អត្ថបទគួរចាប់អារម្មណ៍