ភ្នំពេញ : ស្ថានទូតជប៉ុនប្រចំាព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធីមហោស្រពគីហ្សូណាជប៉ុនកម្ពុជាឆ្នាំ២០១៤ជាលើក ទី៣នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ដោយនំាមកនូវវប្បធម៌ទំនើប និងវប្បធម៌ប្រពៃណីជប៉ុនលាយជាមួយវប្បធម៌ខ្មែរ។
លោក យ៉ូស៊ីហ៊ីរ៉ូ អាប៊េ (Yoshihiro Abe) លេខាទីពីររបស់ស្ថានទូតជប៉ុនប្រចំាកម្ពុជាបានឲ្យដឹងថា៖ «យើងរៀបចំកម្មវិធីនេះឡើងគឺដើម្បីចង់ណែនំាវប្បធម៌ប្រពៃណី របស់ជប៉ុនឲ្យប្រជាជនខ្មែរបានដឹងក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ ប្រពៃណីរវាងកម្ពុជានិងជប៉ុនផងដែរ»។
កម្មវិធីនេះមានរយៈពេល បីថ្ងៃដោយផ្ដើមពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈរហូតដល់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ។ នៅថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃបើកកម្មវិធីមហោស្រពគីហ្សូណា ជប៉ុនកម្ពុជាដោយមានការសម្ដែងសិល្បៈរបាំយ៉ូសាកុយសូរ៉ាន់ និងការប្រគំតន្រ្តីប្រពៃណីរបស់ប្រជាជននៅក្នុងតំបន់អូគីណាវ៉ា និងអាម៉ាមី។
ក្នុងរយៈពេលបីថ្ងៃនេះគឺមានកម្មវិធីពិសេសផ្សេងៗ ពីគ្នាដូចជាការបង្ហាញជូននូវកីឡាអៃគីដូ កីឡាកេនដូ និងកីឡាការ៉ាតេដូ ព្រមទាំងមានការចាក់បញ្ចាំងជូននូវខ្សែភាពយន្តជប៉ុនកម្មវិធី ប្រគល់រង្វាន់មូលនិធិហុងដាការធ្វើបទបង្ហាញផ្សេងៗដោយបណ្ឌិតមកពីប្រទេសជប៉ុនផងដែរ។

ក្រៅពីនោះចំពោះប្រិយមិត្តដែលចាប់អារម្មណ៍ ផ្នែកសិប្បកម្មវិញ កម្មវិធីក៏មានថ្នាក់រៀបផ្កា បត់ក្រដាសជារូបភាពផ្សេងៗ កម្មវិធីធ្វើនំម៉ូជិរបស់ជប៉ុន និងអំបុកខ្មែរ ការបង្ហាញស្នាដៃធ្វើម្ហូបជប៉ុនដោយចុងភៅជនជាតិជប៉ុនល្បីក៏ដូចជាការតាំងពិព័រណ៍ពិសេសផ្សេងៗទៀត។ សម្រាប់ប្រិយមិត្តកំពុងក្រេបជញ្ជក់ចំណេះដឹងនៅបណ្ដាសាលានានា មហោស្រពនេះក៏មានបញ្ចូលនូវកម្មវិធីផ្លាស់ប្តូរបទពិសោធរវាង និសិ្សតជប៉ុន និងកម្ពុជា។ ទន្ទឹមនឹងនោះ ក៏មានការបញ្ចាំងវីដេអូឯកសារស្តីអំពីការប្រគំតន្ត្រីរបស់ ក្រុម AUNJ នៅមុខប្រាសាទអង្គរវត្តជាភាសាជប៉ុនដែរ។
លោក យ៉ូស៊ីហ៊ីរ៉ូ អាប៊េ បានបន្តទៀតថា នៅថ្ងៃចុងក្រោយនៃកម្មវិធីថ្ងៃអាទិត្យ ទី២៣វេលាម៉ោង២រសៀលគឺមានប្រកួតប្រជែងជ្រើសរើសសុភាពនារី និងសុភាពបុរសយូកាតាដោយមានគណៈកម្មការពិសេសគឺបវរកញ្ញាជប៉ុន ឆ្នាំ២០១២ និង២០១៣ចូលរួមដាក់ពិន្ទុផងដែរ។
ចំពោះមិត្តយុវវ័យ ដែលចូលចិត្តឈុតសម្លៀកបំពាក់គួរឲ្យស្រឡាញ់ ពួកគេអាចមានឱកាសតុបតែងខ្លួន និងស្លៀកពាក់បែបតុក្កតាគំនូរជីវចលជប៉ុន (cosplay)។ សម្រាប់ការចូលទស្សនាគឺពុំត្រូវបានគិតថ្លៃទេ៕