តាំមី ជុង ជាស្រ្តីស្រស់ស្អាតវ័យ២៣ឆ្នាំម្នាក់បានបង្ខំចិត្តខ្លួនឯងញុំាអាហារដ៏ច្រើនលើសលប់រាល់ថ្ងៃដោយប្រើទុយោធំមួយបង្ហូរតាមមាត់នាងតែម្តងដើម្បីឲ្យក្លាយជាមនុស្សកន្ធាត់ម្នាក់។ នាងធ្វើបែបនេះដោយសារតែនាងមានបំណងចង់រកប្រាក់ពីការក្លាយជាបវរកញ្ញាធាត់ញ៉ុកខ្លាញ់ម្នាក់របស់BBWនៅតាមប្រព័ន្ធអ៊ីនធឺណិត។
កន្លងមកនាងតាំមី ជុងគឺជាស្រ្តីម្នាក់មានសុខភាពល្អនិងមានរាងស្គមដូចជានារីដទៃទៀតជាមិត្តភក្តិនាងដែរ។ តែមិនដឹងជាមូលហេតុអ្វីបានជានាងលែងចង់បាននូវរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនទៅរកការញុំាអាហារដ៏ច្រើនសន្ធឹកសន្ធាប់ដូចជាមាន់ចៀន នំដូណាត់ និងសាច់ដទៃទៀត។
នាងបានស្នើឲ្យមិត្តប្រុសនាងចនហាន អ័របឺមែន វ័យ២៨ឆ្នាំគឺជាអ្នកបញ្ចុកនំចំណី ឬអាហារទាំងឡាយសម្រាប់នាងដោយវាមានចំនួន៥០០០កាឡូរីក្នុងមួយថ្ងៃ។ ត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះនាងឡើងទម្ងន់ដល់ទៅ២២គីឡូក្រាម ខណៈពេលនេះទម្ងន់នាងឡើងដល់១០៥គីឡូក្រាមទៅហើយ។
ដោយសារតែមហិច្ឆតាចង់បានប្រាក់រង្វាន់ពីការប្រកួតបវរកញ្ញាធាត់តាមអ៊ីនធឺណិតBBWនោះទើបនាងខំប្រឹងញ៉ាំអាហារដ៏ច្រើនបែបនេះ ខណៈការប្រកួតនេះឲ្យអ្នកចូលរួមមានទម្ងន់ដល់ទៅ១៩០គីឡូក្រាមឯណោះទើបអាចចូលរួមប្រកួតបាន។
នាងតាំមី ជុង បានទទួលការគាំទ្រនិងស្រឡាញ់ពីសំណាក់បុរសៗទាំងឡាយនៅលើពិភពលោក តែនាងក៏ត្រូវគេដាស់តឿនថានឹងត្រូវប្រឈមមុខនឹងបញ្ហាសុខភាពនិងមានអាយុខ្លីដែរបើនាងធាត់បែបនេះ។ តែនាងមិនបានខ្វល់ខ្វាយចំពោះរឿងអាក្រក់ទាក់ទងនឹងការខូចសុខភាពនាងនោះឡើយ។
នាងនិយាយថា៖«ខ្ញុំគ្មានអ្វីដែលសប្បាយចិត្តជាងការធ្វើឲ្យឡើងទម្ងន់នោះឡើយ ហើយក៏គ្មានអ្នកណាអាចហាមឃាត់នូវក្តីស្រមៃរបស់ខ្ញុំបាន។ ខ្ញុំដឹងថានេះជារឿងមិនល្អ តែវាក៏មិនមែនជារឿងរបស់អ្នកណាម្នាក់នោះទេ។ ការញ៉ាំទើបបានធ្វើខ្ញុំសប្បាយចិត្ត។ ខ្ញុំចំណាយប្រាក់ច្រើនសម្រាប់អ្វីដែលខ្លួនឯងស្រឡាញ់និងចង់ធ្វើបន្តទៀតផង។ អ្វីដែលនាងខ្ញុំបារម្ភនាពេលកន្លងមកនោះគឺខ្លាចមិនបានធាត់ដូចក្តីប្រាថ្នា»។
នាងនិងមិត្តប្រុសបានចំណាយប្រាក់មួយថ្ងៃប្រមាណជា១០៧ដុល្លារសម្រាប់ទិញអាហារថោកៗដើម្បីទទួលទាន។
តាំមីនិយាយថា៖«ខ្ញុំចាប់ផ្តើមដំបូងដោយការញ៉ាំអាហារពេលព្រឹកដ៏ច្រើនសន្ធឹកសន្ធាប់ដូចជាសាច់ប្រូម៉ាត សាច់ជ្រូកបីជាន់និងសាច់ក្រក។ លុះដល់ពេលរសៀលទើបទៅកាន់ហាងMcDonaldsញ៉ាំប៊ឺហ្គឺមួយចំនួន។ ខ្ញុំអាចញ៉ាំអាហារសម្រន់នានាទៀតបានរាល់ថ្ងៃគ្មានអ្វីចោទជាបញ្ហាឡើយសម្រាប់ការញ៉ាំនេះ។ លុះពេលល្ងាចនាងខ្ញុំនឹងញ៉ាំភីហ្សានិងអាហារម៉ិកស៊ិកដទៃទៀត»។
នាងបន្តថា៖«ក្រោយមកនាងខ្ញុំចាប់ផ្តើមមានរាងដូចជាយក្ខិនីអ៊ីចឹងជាមួយនឹងការអាហារដ៏ច្រើនលើសលប់ ដោយមានសង្សារខ្ញុំចនហានជាអ្នកជួយបញ្ចុកអាហារទាំងនោះរាល់ថ្ងៃ»។
កាលពីក្មេងនាងតាំមីជុងជាក្មេងស្រីចូលចិត្តលេងកីឡាបាល់ទះនិងលើកទម្ងន់ តែពេលនេះនាងមិនបានខ្វាយខ្វល់នឹងសុខភាពសោះ។
នាងថា៖«ខ្ញុំធ្លាប់ជាមនុស្សបារម្ភចំពោះរាងកាយខ្លួនណាស់ ដោយតែងតែគិតពីវាជាពិសេសពីការឡើងទម្ងន់។ បន្ទាប់ពីខ្ញុំឈប់លេងកីឡាមកខ្ញុំចាប់ផ្តើមឡើងទម្ងន់។ ដំបូងខ្ញុំមិនពេញចិត្តនឹងសភាពនេះឡើយ។ តែមួយថ្ងៃក្រោយមកខ្ញុំបានឆ្លុះកញ្ចក់មើលខ្លួនឯងឃើញថាខ្លួនពិតជាធាត់មែនទែន។ តែមានអារម្មណ៍ថាខ្លួនឯងស្អាតអស្ចារ្យម្យ៉ាង។ រាងកាយនាងខ្ញុំមើលទៅសិចស៊ីណាស់តើ!ខ្ញុំមានអារម្មណ៍ថាពិតជាចង់បានមាឌធំបន្ថែមទៀត»៕