
ភ្នំពេញ : មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្ម Artisans Angkors បានបង្ហាញនូវសមិទ្ធផលថ្មីមួយដែលផ្ដួចផ្ដើមចេញពីគំនិតអ្នកច្នៃម៉ូដកូនកាត់វៀតណាម-បារាំងដែលដក់ចិត្តស្រឡាញ់ប្រពៃណីនិងការស្លៀកពាក់របស់ប្រជាជនកម្ពុជាក្រោយពីនាងបានមកទស្សនាប្រទេសកម្ពុជា។
កញ្ញា ម៉ាហ្គាលី អង់ ប៊ែរតុង (Magali An Berthon) បានប្រទះឃើញស្នាដៃសូត្រខ្មែរដ៏ស្អាតពីរោងសិប្បកម្មផលិតសូត្រ Artisans Angkors នៅឯខេត្តសៀមរាប។សាច់កំណាត់សូត្រខ្មែរដ៏ទន់ល្មើយបានធ្វើឲ្យអ្នកច្នៃម៉ូដកូនកាត់មួយនេះមានគំនិតយកវាមកធ្វើជាសម្លៀកបំពាក់យ៉ាងទាន់សម័យនិងឡូយឆាយសម្រាប់មនុស្សធំ រួមទាំងកុមារផងដែរ។
អ្នកច្នៃម៉ូដពីសរសៃតម្បាញនិងអ្នកគូរគំរូសម្លៀកបំពាក់មកពីទីក្រុងប៉ារីសប្រទេសបារាំងរូបនេះបានរំឭកថា៖
«នៅពេលដែលខ្ញុំមកប្រទេសកម្ពុជាខ្ញុំមានអារម្មណ៍សប្បាយរីករាយដោយឃើញសម្រស់ដ៏ស្រស់ស្អាតនៅទីនេះ។ ម្យ៉ាងទៀតប្រជាជននៅទីនេះចូលចិត្តសម្អិតសម្អាងខ្លួនណាស់។ ពួកគេតែងស្លៀកពាក់ស្អាតៗនៅពេលចូលរួមកម្មវិធីផ្សេង។ជាពិសេសសុភាពនារីវិញគឺតែងតែស្លៀកនូវរ៉ូបប៉ាក់ឌិនជាមួយនឹងសាច់កំណាត់សូត្រដែលមើលទៅគឺគួរឲ្យទាក់ទាញមែនទែន»។
ទិដ្ឋភាពទាំងនេះបានដក់ជាប់ក្នុងចិត្ត រហូតបង្កើតជាឆន្ទៈក្នុងការច្នៃប្រឌិតនិងគូរវាសនូវគំរូម៉ូដសម្លៀកបំពាក់ដែលកញ្ញា ម៉ាហ្គាលី អង់ ប៊ែរតុង បានបង្ហាញភាពក្លាហានជឿជាក់ ដោយហ៊ានផ្ញើស្នាដៃខ្លួនទៅឲ្យមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្ម Artisans Angkors ធ្វើការពិចារណាវាយតម្លៃ។
មជ្ឈមណ្ឌល Artisans Angkor ដែលជាកន្លែងផលិតវត្ថុសិល្បៈពីសូត្រ ថ្ម ចម្លាក់ឈើ និងគំនូរដើម្បីស្វែងរកប្រាក់ចំណូលក៏ដូចជារួមចំណែកលើកកម្ពស់និងអភិវឌ្ឍជីវភាពប្រជាជនតាមរយៈការអប់រំនោះបច្ចុប្បន្នមានបុគ្គលិកប្រមាណជា១៣០០នាក់កំពុងបម្រើការក្នុងផ្នែករោងជាងសិប្បកម្ម និងច្នៃម៉ូដរបស់ខ្លួនផងដែរ។
ក្រោយពីឃើញថាគំរូច្នៃម៉ូដរបស់នាងទទួលបានការពេញចិត្តហើយ មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្ម Artisans Angkor ក៏សម្រេចសហការជាមួយអ្នកច្នៃម៉ូដកូនកាត់រូបនេះបង្កើតនូវម៉ាកសម្លៀកបំពាក់ឬខូលិចសិនថ្មី ដែលមានឈ្មោះជាភាសាអង់គ្លេសថា In the Mood for Boheme។
ស៊េរីម៉ាកសម្លៀកបំពាក់ថ្មីនេះគឺមានគោលបំណងផ្តោតលើសម្លៀកបំពាក់ជាលក្ខណៈគ្រួសារដែលឪពុកម្តាយនិងកូនស្លៀកឈុតពណ៌ស្រដៀងគ្នាប៉ុន្តែមានការរចនាម៉ូដខុសៗគ្នាបន្តិច។
ក្រៅពីឈុតលក្ខណៈគ្រួសារ កញ្ញា ម៉ាហ្គាលី អង់ ប៊ែរតុង ក៏បានកែច្នៃសម្ភារប្រើប្រាស់ជាច្រើនទៀតដូចជាតុកត្តារូបដំរីខ្នើយកាបូប និងកម្រាលពូកធ្វើពីកំណាត់សូត្រសុទ្ធសម្រាប់កុមារនិងគ្រួសាររបស់ពួកគេជាដើម។
កញ្ញាបានបន្តទៀតថា៖ «ការរចនាម៉ូដសម្លៀកបំពាក់នេះគឺប្រើដោយសាច់សូត្រសុទ្ធរបស់ខ្មែរដែលផលិតឡើងដោយសិប្បកម្ម Artisans Angkor លាយជាមួយសាច់កំណាត់ដែលខ្ញុំបានរចនាម៉ូដជាផ្កានានា និងបោះពុម្ពជាប់លើកំណាត់»។
ថ្វីដ្បិតតែតម្លៃសម្លៀកបំពាក់សូត្រខ្មែរខ្ពស់បន្តិចក៏ពិតមែន ប៉ុន្តែអ្នកច្នៃម៉ូដ ម៉ាហ្គាលី អង់ ប៊ើតុន សង្ឃឹមថា សុភាពនារីនឹងនិយមស្លៀកឈុតពីកំណាត់សូត្រ មិនថាទៅធ្វើការឬចូលរួមពិធីជប់លៀងនានានោះទេ ដោយសារតែវាមានភាពទន់ត្រជាក់ និងងាយស្រួលស្លៀកពាក់គ្រប់ពេលវេលា។
កញ្ញាក៏បានបញ្ជាក់ផងដែរថា៖ «សម្រាប់ខូលិចសិនមួយនេះគឺខ្ញុំធ្វើឡើងមិនមែនតែសម្រាប់ជនបរទេសដែលរស់នៅទីនេះទេគឺខ្ញុំបង្កើតវាឡើងសម្រាប់ប្រជាជនខ្មែរប្រើប្រាស់បានគ្រប់គ្នា។ម៉ូដទាំងនេះ អ្នកណាក៏ដោយគឺអាចស្លៀកសមគ្រប់គ្នា»៕