
ភ្នំពេញ : ដំណេកគឺជាផ្នែកមួយដ៏សំខាន់ដែលទ្រទ្រង់សុខភាពផ្លូវកាយ និងចិត្ត។ ការមានកន្លែងសម្រាកប្រកបដោយផាសុកភាព គឺជាកត្តាមួយដែលរួមចំណែកឲ្យជីវភាពស្រស់ថ្លា។ ដូច្នេះហើយទើបនៅរាជធានីភ្នំពេញ អាជីវកម្មលក់ពូកខ្នើយបានរីករាលដាលដូចផ្សិតគ្រប់ទីកន្លែង។
ក្នុងនោះក៏មានក្រុមហ៊ុនកូរ៉េ Everpia ដែលបានសម្ពោធលក់ឈុតពូកកម្រាលពូកនិងភួយខ្នើយម៉ាក Everon កាលពីសប្ដាហ៍មុនផងដែរ។
ផលិតដោយអ្នករចនាម៉ូដកូរ៉េសុទ្ធសាធ ម៉ូដទាំងអស់ត្រូវបានបែងចែកជាប្រភេទកំណាត់ប្រភេទផ្កានិងប្រភេទលាតមានក្រឡាផុសៗ។
លោក លី ក្វាងហូ (Lee Kwang Ho) ជាអ្នកគ្រប់គ្រងក្រុមហ៊ុន សម្ដែងក្ដីសង្ឃឹមថា៖ «ផលិតផលកូរ៉េជាផលិតផលល្អដែលអាចធ្វើឲ្យប្រជាជនខ្មែរមានការពេញនិយមដូចជាបទចម្រៀង Gangnam style របស់លោក PSY ដែលអ្នកបានទស្សនាលើកញ្ចក់ទូរទស្សន៍ជារៀងរាល់ថ្ងៃអ៊ីចឹងដែរ»។
ក្រុមហ៊ុនបាននំាពូកបត់ផលិតឡើងដោយបច្ចេកវិទ្យាខ្ពស់ពីសរសៃជ័រស្វិតបញ្ចូលទៅក្នុងស្រទាប់នីមួយៗនៃពូក និងឆ្លងកាត់កម្ដៅដ៏ក្តៅមុននឹងប្រែក្លាយជាបន្ទះស្តើងៗដែលមានកម្រាស់ ៥,៩ និង១៥សង់ទីម៉ែត្រ។ ពូកបត់នេះផ្សំពីស្រទាប់ច្រើន ឆាប់ស្ងួតនិងសមនឹងសម្រាប់អាកាសធាតុស្ងួតហើយសើមនៅប្រទេសកម្ពុជា។ លោក លី ក្វាងហូ ក៏បានអះអាងផងដែរថា ភាពស្តើងរបស់ពូកនេះក៏អាចជួយធ្វើឲ្យសម្ពាធឈាមរត់បានស្រួលនិងធ្វើឲ្យក្មេងមានការលូតលាស់រាងកាយបានល្អផងដែរ។
ពូកបត់ត្រូវបានរចនាឡើងជា៣ផ្នត់មានន័យថាវាអាចប្រើប្រាស់ជាពូកគេងធម្មតាទោះបីជាមិនមានគ្រែក្ដី ឬក៏អាចបត់ជាសាឡុងសម្រាប់អង្គុយក៏បាន។ក្រៅពីនេះ ក្រុមហ៊ុនក៏មានលក់ពូកម៉ាក Charcoal Memory Foam ដែលបានរួមបញ្ចូលនូវភាពទន់និងមានធ្យូងនៅក្នុងពូកអាចរក្សាកម្ដៅបានល្អនិងជួយបំបាត់ក្លិនថែមទៀតផង។
អគារលក់ផលិតផលស្ថិតនៅផ្ទះលេខ៣៩៤ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ទំនាក់ទំនងទូរស័ព្ទលេខ០២៣ ៩៨៧ ៦១២៕