ក្រុងប្រេស៊ីលីយ៉ា: ក្រុម​អ្នក​ស្រាវជ្រាវ​អន្ដរជាតិ បាន​ព្រមាន​ថា ការវះកាត់​លើ​កំប៉េះ​គូទ​ឲ្យ​ង​ខ្ទើត​គឺជា​នីតិវិធី​កែ​សម្ផស្ស​ដ៏​គ្រោះ​ថ្នាក់​បំផុត។ នីតិវិធី​នេះ​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម ខណៈ​ស្ដ្រី​នាំគ្នា​ប្រាថ្នា​ចង់​បាន​ត្រគាក​មូល​ក្លំ ដូច​តារា​ល្បីៗ រួម​ទាំង គីម កាដាសៀន តារា​រ៉េប​នាង នីកគី មីណាច និង​នាង ក្លូ ខាន ផង​ដែរ។

ប៉ុន្ដែ​ការវះកាត់​លើក​ទម្រង់​គូទ​ក៏​បង្កើន​ហានិភ័យ​មរណៈ​ខ្ពស់ជាង​ការ​វះកាត់​កែ​សម្ផស្ស​ណាៗ​ទាំង​អស់។ នេះ​បើ​យោង​តាម Multi Society Gluteal Fat Grafting Task Force។

ក្នុង​របាយការណ៍​ដ៏​គួរ​ឲ្យ​ស្លុត​មួយ ក្រុមការងារ​បាន​ឲ្យ​ដឹងថា៖ «អត្រា​មរណៈ​ចំពោះ​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៣០០០ នាក់ ជា​អត្រា​ខ្ពស់​បំផុត​សម្រាប់​ការ​វះកាត់​កែ​សម្ផស្ស»។

ការវះកាត់​សព​អ្នកជំងឺ ដែល​បាន​ស្លាប់ បាន​បង្ហាញថា ពេទ្យវះកាត់​បាន​ចាក់​បញ្ចូល​ជាតិ​ខ្លាញ់​ច្រើន​ហួស​កម្រិត។ របាយការណ៍ បាន​បន្ថែម​ថា អ្នក​ជំងឺ ដែល​ប្រាថ្នា​គូទ​មូលក្លំ​គួរ​តែ​ធ្វើ​ទៅ​តាម​នីតិវិធី​ដំណាក់កាល​ច្បាស់​លាស់ ជា​ជាង​វះកាត់​ម្ដង​សម្រេច​លទ្ធផល។

ហានិភ័យ​នៃ​សេចក្ដី​ស្លាប់​គួរ​តែ​ត្រូវ​បាន​លើក​យក​មក​ជជែក​ប្រាប់​គ្រប់​អ្នក​ប្រាថ្នា​វះកាត់​គូទ​ទាំង​អស់។ ការ​វះកាត់​លើក​ទម្រង់​គូទ​ឲ្យ​ង​ក្លំ​ត្រូវ​ប្រើ​សារធាតុ​ខ្លាញ់​ពី​បរិវេណ​ដទៃ​នៃ​សរីរាង្គ ដូចជា​ខ្លាញ់​ក្បែរ​ចង្កេះ មក​បំពេញ​សាច់​កំប៉េះ​គូទ។

គ្លីនិក​នានា​បាន​រាយការណ៍​ពី​នីតិវិធី ដែលមាន​តម្លៃ​ចន្លោះ​ពី ៨៣០០ ទៅ ១៤០០០ ដុល្លារ (៣៦ លាន​រៀល​ទៅ ៥៦ លាន​រៀល) បាន​កើន​ឡើង​ជាង ៥០ ភាគរយ​បើ​ធៀប​នឹង​ចំនួន​កាល​ពី ៥ ឆ្នាំ​មុន៕HR