ក្រុងវ៉ាស៊ីនតោន: ពលរដ្ឋ​ហ្វាំ​ង​ឡង់ ដែល​តែងតែ​ចូល​បន្ទប់​សោ​ណា អាចជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មិន​សូវ​ឧស្សាហ៍​ទៅ។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​កាល​ពី​ថ្ងៃ​ពុធ។

របាយការណ៍​ក្នុង​ប្រតិបត្ដិ Neurology គឺជា​ការសិក្សា​ដំបូង អំពី​ទំនាក់​ទំនង​រវាង​សោ​ណា និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដោយ​ផ្អែក​លើ​មនុស្ស​ជាង ១៦០០ នាក់​ដែល​ត្រូវបាន​តាម​ដាន​រយៈពេល​មធ្យម ១៥ ឆ្នាំ។

របាយការណ៍​បន្ដថា អ្នក​ដែល​ចំណាយពេល​សោ​ណា​ពី ៤ ទៅ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ បាន​បង្ហាញ​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ៦១ ភាគរយ ជាង​អ្នក​ដែល​ទៅ​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

អត្ថប្រយោជន៍​ក៏ត្រូវ​ទទួលបាន​សម្រាប់​អ្នក​ដែល​ចូល​សោ​ណា ២ ឬ ៣ ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​មាន​កាត់​បន្ថយ​ហានិភ័យ ១៤ ភាគរយ​លើស​អ្នក​ដែល​ចូល​សោ​ណា​តែ​ម្ដង។

អ្នកនិពន្ធ​ការសិក្សា Setor Kunutsor នៃ​សាកលវិទ្យាល័យ​ប្រ៊ី​ស្ដុល បាន​ឲ្យ​ដឹងថា៖ «សោ​ណា ទំនង​ជា​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​សម្ពាធ​ឈាម ដែល​ជួយ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល»។

ការសិក្សា​កន្លងមក ក៏បាន​ភ្ជាប់​ទម្លាប់​ចូល​បន្ទប់​សោ​ណា​ទៅនឹង​ការ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​លើស​ឈាម ជំងឺ​សរសៃ​ប្រសាទ និង​មរណភាព​ពី​ជំងឺ​បេះដូង។ ប៉ុន្ដែ​ក្រុម​អ្នក​ជំនាញ បាន​និយាយ​ថា អ្នក​ខ្លះ​គួរ​តែ​ចៀស​វាង​ការ​ចូល​បន្ទប់​សោណា រួមទាំង​អ្នក​ដែល​ទើប​មាន​ជំងឺ​បេះដូង អ្នក​មាន​បញ្ហា​បំពង់ក និង​មនុស្ស​ចាស់​មាន​សម្ពាធ​ឈាម​ទាប៕