The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការព្យាបាល​ អូស្ទីអូប៉ាត់​ អាច​ឲ្យ​អ្នកជំងឺ​ឈឺ​ឆ្អឹងសន្លាក់​ដឹង​លទ្ធផល​ភ្លាមៗ




ការព្យាបាល​ អូស្ទីអូប៉ាត់​ អាច​ឲ្យ​អ្នកជំងឺ​ឈឺ​ឆ្អឹងសន្លាក់​ដឹង​លទ្ធផល​ភ្លាមៗ

Content image - Phnom Penh Post
ការព្យាបាល​បែប​អូស្ទីអូប៉ាត់ មាន​ប្រើ​ឧបករណ៍​ជំនួយ ប៉ុន្តែ​មិន​ទាមទារ​ការប្រើ​ឱសថ​ឡើយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ការព្យាបាល​ អូស្ទីអូប៉ាត់​ អាច​ឲ្យ​អ្នកជំងឺ​ឈឺ​ឆ្អឹងសន្លាក់​ដឹង​លទ្ធផល​ភ្លាមៗ

ភ្នំពេញៈ ជា​គ្រូពេទ្យ​ដំបូង​ដែល​ជំនាញ​អូស្ទីអូប៉ាត់ (Osteopath) កូន​ខ្មែរ​ធំធាត់​នៅ​ប្រទេស​បារាំង​បាន​ព្យាបាល​អ្នកជំងឺ​ដែល​មាន​បញ្ហា​ឈឺ​ចុកចាប់​ឆ្អឹង សាច់ដុំ និង​សរសៃ​កំពុង​តែ​ទទួល​បាន​ការចាប់​អារម្មណ៍​។

លោក ថាច់ សុធារ៉ា វេជ្ជបណ្ឌិត​ផ្នែក​អូស្ទីអូប៉ាត់ ដែល​បាន​ចាកចេញ​ពី​ទីក្រុង​លីយ៉ុង​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ ២០១៣ បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​លោក​បង្កើត​គ្លីនីក Natural Wellness Center នៅ​ទីក្រុង​ភ្នំពេញ​នេះ​ថា​៖ «​ទី​ ១ ខ្ញុំ​ចង់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ក្រោយពី​រៀន​ចប់​។ ទី​ ២ ខ្ញុំ​ឃើញ​នៅ​ស្រុក​ខ្មែរ​អត់​ទាន់​មាន​កន្លែង​ព្យាបាល​តាម​បែប​អូស្ទីអូប៉ាត់​ទេ ហើយ​ខ្ញុំ​ចង់​ព្យាបាល​ប្រជាជន​យើង​ពេល​គាត់​ឈឺ​ឆ្អឹង ឈឺ​សាច់ដុំ ជាប់​សរសៃ​អី ឲ្យ​ជាសះស្បើយ ព្យាបាល​តាម​បែប​ធម្មជាតិ​ដោយ​មិន​បាច់​លេប​ថ្នាំ​»​។

អូស្ទីអូប៉ាត់ (Osteopath) គឺជា​វិធីសាស្ត្រ​ម្យ៉ាង​ដែល​ធ្វើការ​ព្យាបាល​ទៅលើ​បញ្ហា​ឆ្អឹង សន្លាក់ សរសៃ សាច់ដុំ ដែល​ជាប់គាំង ឬ​មាន​បញ្ហា​ត្រង់​កន្លែង​ណាមួយ​ដើម្បី​សម្រួល​ចលនា​កន្លែង​នោះ និង​រាងកាយ​ទាំងមូល​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ​ដោយ​មិន​ប្រើប្រាស់​ឱសថ​។

Content image - Phnom Penh Post
លោក ថាច់ សុធារ៉ា វេជ្ជបណ្ឌិត​ផ្នែក​អូស្ទ៊ីអូប៉ាត់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជាមួយ​តម្លៃ​ព្យាបាល​ម្តង ៥០ ​ដុល្លារ អូស្ទីអូប៉ាត់ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើ​ដៃ​ទាំង​ ២ ​របស់​អ្នកជំនាញ សម្រាប់​ពិនិត្យ និង​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ចលនា​ដែល​មាន​ការសិក្សា​ត្រឹមត្រូវ​ពី​សាកលវិទ្យាល័យ​ពេទ្យ​។

នៅ​គ្លីនិក​លើ​មហាវិថី​សុធារស​ក្បែរ​វាល​ព្រះមេរុ លោក ថាច់ សុធារ៉ា បាន​ពន្យល់​ប្រាប់​ថា​ប្រជាជន​ខ្មែរ​ភាគច្រើន​ឈឺសន្លាក់ ឈឺ​ឆ្អឹង ពួកគេ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ហើយ​ទុក​វា​ចោល ពេល​ខ្លះ​ពួកគេ​លេបថ្នាំ​ដើម្បី​ព្យាបាល ឬ​បំបាត់​ការឈឺចាប់ និង​ទៅ​កន្លែង​ម៉ាស្សា ដើម្បី​សម្រួល​ការចុកចាប់ ប៉ុន្តែ​កត្តា​ទាំងនេះ​អាច​ព្យាបាល​ត្រឹមតែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ បន្ទាប់ពី​នេះ​ការឈឺចាប់​នឹង​វិល​ត្រឡប់​មក​វិញ​។ ប៉ុន្តែ​ការព្យាបាល​តាមរយៈ អូស្ទីអូប៉ាត់ អ្នកជំងឺ​នឹង​ជាសះស្បើយ និង​មិន​ឈឺចាប់​បន្ត​ទៀត ព្រោះ​អ្នក​ជំនាញ​បាន​ស្វែង​រកឃើញ​ពី​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការឈឺចាប់​។

ការព្យាបាល​បែប​អូស្ទីអូប៉ាត់​មាន ៤ ដំណាក់កាល​ដូចជា​៖ ទី​១ អ្នកជំនាញ ត្រូវ​ពិភាក្សា​ជាមួយ​អ្នកជំងឺ​ស្វែងរក​ចំណុច រយៈពេល និង​មូលហេតុ​នាំ​ឲ្យ​ឈឺចាប់​។ ទី​២ អ្នកជំនាញ​ចាប់ផ្តើម​ពិនិត្យ​ដោយ​ដៃ​ទាំង​ ២ ស្ទាប​ទៅលើ​ទីតាំង​ដែល​ឈឺចាប់ ដើម្បី​កំណត់​ថា​ការឈឺចាប់​នេះ​បណ្តាល​មកពី​បញ្ហា​សាច់ដុំ សន្លាក់ ឬ​សរសៃ​ណា​មួយ​ដែល​ត្បៀត និង​ប្រភព​ទាក់ទង​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ឈឺចាប់​។ ទី​៣ ដំណាក់កាល​ព្យាបាល អ្នកជំនាញ​ធ្វើការ​កាច់ ការពត់ ឬ​ទាញ​សាច់ដុំ និង​សរសៃ​ឲ្យ​ត្រឡប់​មក​សភាព​ដើម​វិញ និង​បន្ថែម​នូវ​ឧបករណ៍​ជប់​ក្នុង​ការព្យាបាល​បន្ថែម​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទី​៤ អ្នកជំនាញ បង្រៀន​អ្នកជំងឺ​ពី​បច្ចេកទេស ឬ​របៀប​ធ្វើ​លំហាត់ប្រាណ​សម្រួល​ចលនា​រាងកាយ​កុំ​ឲ្យ​ជាប់​បន្ត​ទៀត​។

លោក​វេជ្ជបណ្ឌិត​វ័យ ៣៤ ​ឆ្នាំ​​ ​រូបនេះ​បាន​បន្ត​ថា​៖ «​យើង​ព្យាបាល​អ្នកជំងឺ​បាន​ជាច្រើន​នាក់ ហើយ​រកឃើញ​ថា​អ្នកជំងឺ​មួយ​ចំនួន​ពួកគាត់​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យូរ​ឆ្នាំ​ទើប​នាំ​ឲ្យ​គាត់​ឈឺ​នៅ​ពេល​ឥឡូវ​។ អ្នកខ្លះ​គាត់​ធ្វើការ​ធ្ងន់​ធ្វើ​ឲ្យ​វា​ជាប់​សរសៃ ឬ​សាច់ដុំ ហើយ​រាលដាល​ទៅ​ឈឺ​កន្លែង​ផ្សេង​ទៀត​។ សម្រាប់​ការព្យាបាល​បើ​អ្នក​ជំងឺ​មាន​បញ្ហា​តិច ព្យាបាល​តែ ២ ​ដង​គឺជា​សះស្បើយ​បើ​អ្នកជំងឺ​ឈឺ​យូរ​អាច​ព្យាបាល​ ៤ ទៅ ៥ ដង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។