ក្រុងអេឌីនប៊ឺក : ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​និយាយ​ថា ជំងឺ​ផ្ដាសាយ​ធម្មតា​អាច​ត្រូវ​បាន​ព្យាបាល​តាម​វិធី​ងាយៗ​ជាមួយ​ទឹកអំបិល​។

អ្នកជំងឺ​ដែល​ប្រើ​វិធី​នេះ​ទំនង​ជា​ត្រូវការ​ឱសថ​ក្រៅ​វេជ្ជបញ្ជា​តិចតួច និង​មិន​សូវ​ចម្លង​ដល់​សមាជិក​គ្រួសារ​ដទៃ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Edinburgh និង Lothians ផ្នែក​ស្រាវជ្រាវ​អន្ដរាគមន៍​មេរោគ (ELVIS) បាន​តាមដាន​អ្នក​ចូលរួម ៥៤ នាក់​ដែល​មាន​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​។

អ្នក​ប្រើ​វិធី​បណ្ដក់​ច្រមុះ និង​ខ្ពុរ​ទឹកអំបិល អាការ​ផ្ដាសាយ​របស់​ពួកគេ​ឆាប់​ជាសះស្បើយ​មុន​ជិត ២ ថ្ងៃ​ដោយ​ឈប់​តឹង​ច្រមុះ​ជិត ៣ ថ្ងៃ​មុន​ជាង​អ្នក​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ជំងឺ​ផ្ដាសាយ​ញាំញី​តាម​យថាកម្ម​។ អាការ​កណ្ដាស​បាន​ជាមួយ​ថ្ងៃ​កន្លះ​មុន​ព្រម​ទាំង​ក្អក​ជិត​ ២ ​ថ្ងៃ​កន្លះ​មុន​ផង​ដែរ​។

មេរោគ​ផ្ដាសាយ​បាន​សាយភាយ​តាម​ខ្យល់​តាមរយៈ​ការហាមាត់​និយាយ និង​ដកដង្ហើម ហើយ​លទ្ធភាព​ដែល​កើត​អាច​ត្រូវ​បាន​វាស់វែង​ដោយសារ «​កម្រិត​បរិមាណ​នៃ​មេរោគ​» លើ​នរណា​ម្នាក់​។

លោក​វេជ្ជបណ្ឌិត Sandeep Ramalingam អ្នក​ឯកទេស​សិក្សា​ពី​មេរោគ​ដែល​ដឹកនាំ​ការស្រាវជ្រាវ​បាន​និយាយ​ថា​៖ «​វា​ជា​វិធានការ​ដ៏សាមញ្ញ​បំផុត​សម្រាប់​នរណា​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក​នៃ​ជំងឺ​ផ្ដាសាយ​»​។

ជាទូទៅ​មនុស្ស​ពេញវ័យ​កើត​ជំងឺ​ផ្ដាសាយ​ជា​មធ្យម ៣ ដង​ក្នុង​ ១ ​ឆ្នាំ​ដែល​វា​គ្រប់គ្រាន់​ធ្វើឲ្យ​អារម្មណ៍​មួហ្មង តែ​ផ្ដាសាយ​ក៏​មាន​អានុភាព​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម ដូចជា រោគ​រលាក​សួត​ផង​ដែរ​៕ HR