ក្រុងប៉ារីស: បរិយាកាសខ្យល់រងការបំពុល គឺជាដើមចម ១ ក្នុងចំណោម ៧ ករណីនៃជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមការសិក្សាសហរដ្ឋអាមេរិក ដែលរកឃើញថា សូម្បីតែកម្រិតបំពុលបរិយាកាសតិចតួច ក៏អាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅរកជំងឺរ៉ាំរ៉ៃផងដែរ។
ជំងឺទឹកនោមផ្អែម ត្រូវបានគេដឹងថា ជាប់ពាក់ព័ន្ធនឹងកត្តាជីវភាពដូចជា របបអាហារ និងទម្លាប់រស់នៅគ្មានការហាត់ប្រាណ។ ប៉ុន្តែថ្មីៗនេះ ការសិក្សានៅសាកលវិទ្យាល័យផ្នែកវេជ្ជសាស្ត្រក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ការបំពុលបរិយាកាស ក៏ជាដើមចមនៃជំងឺនេះដែរ។
សារធាតុពុលអាចបន្ថយការផលិតជាតិអាំងស៊ូលីនក្នុងរាងកាយ។ ការសិក្សាបានប៉ាន់ប្រមាណថា ការបំពុលបរិយាកាសបានបង្កឲ្យមានជំងឺទឹកនោមផ្អែមចំនួន ៣,២ លានករណី ទូទាំងពិភពលោក ក្នុងឆ្នាំ ២០១៦ ឬប្រមាណជា ១៤ ភាគរយនៃករណីជំងឺទឹកនោមផ្អែមកើតឡើងក្នុងឆ្នាំនោះ។
ជំងឺទឹកនោមផ្អែមបានយាយីសុខភាពមនុស្ស ៤២០ លាននាក់ និងជាជំងឺដែលរីករាល ដាលខ្លាំងមួយក្នុងលោក។
អ្នកនិពន្ធការសិក្សា Ziyad Al-Aly បានលើកឡើងថា៖ «ការសិក្សារបស់យើងបង្ហាញពីទំនាក់ទំនងរវាងខ្យល់កខ្វក់ និងជំងឺទឹកនោមផ្អែមទូទាំងសកលលោក»។
ការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Lancet Planetary Health បានរកឃើញហានិភ័យនៅតែខ្ពស់ ទោះបីជាកម្រិតខ្យល់កខ្វក់ត្រូវបានភ្នាក់ងារការពារបរិស្ថានអាមេរិក និងអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថា មានសុវត្ថិភាព៕