ក្រុងឡុងដ៍: ទទួលទាន​ដំណេក ៩ ម៉ោង​ក្នុង​ ១ ​យប់​អាច​ប៉ះពាល់​ដល់​ការចងចាំ​ស្មើ​ដំណេក​ត្រឹម ៥ ម៉ោង​ដែរ​។ វា​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា អ្នក​ដែល​គេង​តិច​ជាង ៥ ម៉ោង​ក្នុង​ ១ ​យប់​អាច​ប៉ះពាល់​ដល់​អង្គ​ចងចាំ​នៃ​ខួរក្បាល​។ ប៉ុន្ដែ​ការសិក្សា​មួយ​នេះ​បាន​រកឃើញ​ថា ឥទ្ធិពល​អវិជ្ជមាន​ដូចគ្នា​បាន​ប៉ះពាល់​ដល់​អ្នក​ដែល​គេង​ដល់ ៩ ម៉ោង​ក្នុង​ ១ ​យប់​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​តាមដាន​ពី​ការធ្វើ​តេស្ដ​អង្គ​ចងចាំ​ចំពោះ​មនុស្ស​ជិត ៤០ ម៉ឺន​នាក់​ដែល​ត្រូវ​បាន​ស្នើឲ្យ​លេងល្បែង​ផ្គូផ្គង​សន្លឹក​បៀរ​ ៦ ​គូ​ក្រោយពី​បាន​មើល​ទីតាំង​សន្លឹក​បៀរ​នីមួយៗ​រួចហើយ​ចំណាំទុក​ខ្លួនឯង​។

ធៀប​ទៅ​នឹង​អ្នក​ទទួលទាន​ដំណេក ៧ ម៉ោង​អ្នក​គេង​បាន ៩ ម៉ោង​បាន​បង្កើត​កំហុសឆ្គង​ដូច​គ្នា​ចំពោះ​អ្នក​គេង​ត្រឹម​ ឬ​តិចជាង ៥ ម៉ោង​។ លទ្ធផល​បាន​បង្ហាញ​ថា​ការទទួលទាន​ដំណេក​លើស​កំណត់​ពេក​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​ការគិត​ពិចារណា មិន​ខុស​ពី​បញ្ហា​កង្វះ​ដំណេក​ឡើយ​។

ក្រុម​អ្នកជំនាញ​ជឿថា អ្នក​ដែល​គេង​ច្រើន​ម៉ោង​ពេក​បែរ​ជា​ទទួល​បាន​នូវ​គុណភាព​ដំណេក​ខ្សោយ​ទៅវិញ​ដែល​រារាំង​បន្ទុក​នៃ​ខួរក្បាល​ខ្លះ​ខ្វះ​ដំណើរការ​ត្រឹមត្រូវ និង​ប៉ះពាល់​ចំពោះ​ញាណ​ស្គាល់ ។

វេជ្ជបណ្ឌិត វីចតូរៀ ហ្គាហ្វៀល អ្នកនិពន្ធ​ជាន់​ខ្ពស់​នៃ​ការសិក្សា​មកពី University College London (UCL) បាន​និយាយ​ថា វា​មិន​ច្បាស់​ប្រាកដ​ថា ដំណេក​តិចតួច​ជះឥទ្ធិពល​អវិជ្ជមាន​ឡើយ តែ​បាន​ហៅ​ការរកឃើញ​នេះ​ថា​ជា​ភាព​មិន​ប្រក្រតី​។

អ្នកស្រី​បាន​បន្ដ​ថា​៖ «​អ្នកខ្លះ​គិត​ថា​ឆាប់​គេង និង​គេង​ច្រើន​ម៉ោង​តាម​ចិត្ដ​ចង់ ពិត​ជា​ល្អ តែ​លទ្ធផល​របស់​យើង​បង្ហាញ​ថា ដំណេក​ច្រើន​ម៉ោង​ពេក​អាច​ប៉ះពាល់​ដល់​អង្គ​ចងចាំ​»៕ HR