ភ្នំពេញៈ ខណៈ​អ្នកជំងឺ​បាក់​ទឹកចិត្ត​អាច​ត្រូវ​បាន​គេ​គិត​ថា​ជា​មនុស្ស​ទន់ជ្រាយ​ដែល​គ្រាន់តែ​ជួប​បញ្ហា​ ឬ​បរាជ័យ​ក្នុង​កិច្ចការ​ណា​មួយ​ក៏​សម្រេចចិត្ត​បែប​ល្ងង់ខ្លៅ​ទៅ​ធ្វើ​អត្តឃាត​នោះ អ្នកជំនាញ​ខាង​ចិត្ត​វិទ្យា​បាន​លើកឡើង​ថា ជំងឺ​បាក់​ទឹកចិត្ត​មិន​ងាយ​កើតឡើង​ទៅ​លើ​មនុស្ស​ធម្មតា​នោះ​ទេ លុះត្រា​តែ​មនុស្ស​នោះ​មាន​វិបត្តិ​ជាច្រើន​កើតឡើង​ដំណាល​គ្នា ហើយ​ពុំ​មាន​នរណា​អាច​ផ្តល់​ជា​ការពិភាក្សា​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​ទូរស័ព្ទ​លោក ហឿ សេធុល អ្នកជំនាញ​ខាង​ចិត្ត​វិទ្យា​បាន​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​ជំងឺ​បាក់​ទឹកចិត្ត​ឡើង​ថា​៖ «​ខ្ញុំ​សុំ​លើក​ហេតុផល​ ២ ​យ៉ាង​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​កើតឡើង​ទី​​ ១ ​គឺ​អាច​កើតឡើង​មកពី​ភាពតានតឹង ឧបមា​ថា​បើ​សិន​យើង​ជា​អ្នក​ធ្វើការ​មួយ ហើយ​ការងារ​បាន​បរាជ័យ​ក្នុង​ការងារ​ដែល​យើង​បាន​ធ្វើឲ្យ​យើង​មាន​ភាពតានតឹង​នឹង​ស្មុគស្មាញ ប៉ុន្តែ​យើង​ក៏​នៅ​អាច​ទប់ទល់​បាន ចុះ​បើ​សិន​ស្រប​ពេល​ហ្នឹង​យើង​មាន​បញ្ហា​រឿង​គ្រួសារ បញ្ហា​នឹង​ការសិក្សា ឬ​មួយ​ដូចជា​យុវវ័យ​គាត់​មាន​វិបត្តិ​រឿង​ស្នេហា​មួយ​ទៀត​គ្រប់​យ៉ាង​វា​ប្រមូល​ផ្តុំគ្នា ទើប​ធ្វើឲ្យ​ភាព​តានតឹង​វា​កាន់តែ​កើនឡើង​»​។

ចិត្តវិទូ​ខ្មែរ​ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ចិត្តវិទ្យា​ពី​ប្រទេស​ហ្វីលីពីន និង​ជា​អតីត​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​ចិត្តសាស្ត្រ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក ហឿ សេធុល បាន​បន្ត​ទៀត​ថា​៖ «​ចំពោះ​មនុស្ស​ដែល​គាត់​បាន​ជួប​នឹង​បញ្ហា​ទី​ ១ ​នឹង​រួចហើយ ហើយ​ថែម​ទាំង​គ្មាន​អ្នក​ណា​ម្នាក់​យល់​ចិត្ត​គាត់ យល់​ពី​គាត់​ថែម​ទាំង​ស្តីបន្ទោស​ថែម​ទៀត វា​រឹតតែ​ធ្វើឲ្យ​បុគ្គល​ដែល​ជួប​បញ្ហា​កាន់តែ​មាន​អារម្មណ៍​ថា​ខ្លួន​អន់​ជាង​មនុស្ស​មិន​បាន​ការលែង​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក្រៅពី​ចង់​នៅ​តែ​ម្នាក់ឯង​»​។

លោក ហឿ សេធុល អ្នកជំនាញ​ចិត្តវិទ្យា​កម្ពុជា​។ រូបថត ហ្វេសប៊ុក

លោក ហឿ សេធុល ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​អាការ​របស់​មនុស្ស​ដែល​ធ្លាក់​ទៅក្នុង​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​គេ​សម្គាល់​ឃើញ​ថា អ្នក​នោះ​ចូលចិត្ត​នៅ​ម្នាក់ឯង​មាន​ភាពស្មុគស្មាញ​ច្រើន​គិត​ថា នៅក្នុង​ពិភពលោក​មាន​តែ​ខ្លួនឯង​មាន​តែ​ភាព​ឯកា​យល់​ថា​អ្នកដទៃ​ល្អ​ជាង​ខ្លួន មិន​ចង់​ចេញ​ទៅ​ណា មិន​ចង់​ជួប​អ្នកណា ពេល​ខ្លះ​គិត​ចង់​សម្លាប់​ខ្លួន ឬ​រត់​ទៅ​ឲ្យ​ឆ្ងាយ​ជាដើម​។

ចំពោះ​ការព្យាបាល​អ្នក​មាន​ជំងឺ​នេះ​លោក ហឿ សេធុល ក៏​បាន​បង្ហាញ​ផងដែរ​ថា​៖ «​មិន​ពិបាក​ក្នុង​ការព្យាបាល​ទេ គ្រាន់តែ​ព្យាយាម​យល់​ពី​អ្នកជំងឺ​ឲ្យ​បាន​ច្រើន​នៅ​ក្បែរ​អ្នកជំងឺ និង​លើក​ទឹកចិត្ត​ជានិច្ច ហាម​មិន​ឲ្យ​ស្តីបន្ទោស ឬ​ទូន្មាន វា​អាច​ធ្វើឲ្យ​អ្នកជំងឺ​គិត​កាន់តែ​ច្រើន​»​។

សម្រាប់​អ្នក​ចង់​ជួយ​អ្នក​ជំងឺ​បាក់​ទឹកចិត្ត លោក​បាន​ណែនាំ​ថា​៖ «​ព្យាយាម​ផ្តល់​ការពិភាក្សា​ជាមួយ​គាត់​ឲ្យ​ច្រើន​ដើម្បី​ឲ្យ​បុគ្គល​នោះ​គិត​ថា​នៅ​មាន​អ្នក​ដែល​យល់​ពី​ខ្លួន ហើយ​កុំ​ហាម​មិន​ឲ្យ​យំ​ជួនកាល​ការ​យំ​វា​បាន​ធ្វើឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ធូរស្រាល​។ ប៉ុន្តែ​បើសិន​ជា​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ គួរតែ​នាំ​គាត់​ទៅ​ជួប​ជាមួយ​អ្នក​ជំនាញ​ចិត្ត​វិកល ទើប​ជា​ការប្រសើរ​»​។

លោក ហឿ សេធុល អ្នក​ជំនាញ​ចិត្តវិទ្យា​ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​កំពុង​មាន​ជំងឺ និង​មិន​ទាន់​មាន​ជំងឺ​បាក់​ទឹកចិត្ត​នេះ​ថា​៖ «​សូមកុំ​ព្យាយាម​លាក់​អារម្មណ៍ បើក​ចិត្ត​ឲ្យ​ទូលាយ កុំ​យក​រឿង​ដែល​មាន​ភាពតានតឹង​មក​គិត​នាំ​ឲ្យ​កាន់តែ​យ៉ាប់ ដើរ​កម្សាន្ត​ឲ្យ​បាន​ច្រើន ហើយ​ក៏​កុំ​ព្យាយាម​គេចវេះ​ក្នុង​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ចិត្ត​វិកល​អី ព្រោះ​រឿង​នេះ​មិនមែន​ជា​រឿង​ត្រូវ​ខ្មាស​ទេ ចំពោះ​អ្នក​ដែល​ជា​សមាជិក​គ្រួសារ​ដែល​មាន​អ្នក​ជំងឺ​នេះ​សូម​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ច្រើន កុំ​គិត​ថា​ជា​រឿង​តូចតាច​»៕