ក្រុងស៊ាងហៃ: យោង​តាម​ការសិក្សា​លើ​លទ្ធផល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ដ្រ​ជាច្រើន​បាន​បង្ហាញ​ថា បង្កើន​ចំនួន​បាក់តេរី​ពោះវៀន​អាច​ជួយ​ទប់ស្កាត់​អាការ​ទុក្ខព្រួយ​ស្រពាប់​ស្រពោន​។

បាក់តេរី​ល្អ ឬ​ប្រូបៃអូទិក និង​រក្សា​ទម្លាប់​របប​អាហារ​តុល្យភាព​ត្រូវ​បាន​ជឿថា វា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​រោគសញ្ញា​នានា​។ ការ​ទទួលទាន​ផ្លែឈើ និង​បន្លែ​ច្រើន​អាច​ជា​អន្ដរាគមន៍​ដ៏មាន​អត្ថប្រយោជន៍​ចំពោះ​ការបង្កើត «​បាក់តេរី​ល្អៗ​»​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកវិទ្យាសាស្ដ្រ​។

ការស្រាវជ្រាវ​របស់​ចិន​គឺជា​ការសិក្សា​ចុងក្រោយ​បំផុត​ក្នុង​ចំណោម​កិច្ចខិតខំ​ប្រឹង​ស្វែងរក​ភ័ស្ដុតាង​ជា​ហូរហែ​ដែល​បាន​ភ្ជាប់​សុខភាព​ផ្លូវចិត្ដ​ទៅនឹង​អតិសុខុមប្រាណ​ក្នុង​ពោះវៀន​។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាលា​វេជ្ជសាស្ដ្រ​នៃ​សាកលវិទ្យាល័យ Shanghai Jiao Tong បាន​វិភាគ​លើ​ការសិក្សា​ចំនួន ២១ ដែល​តាមដាន​មនុស្ស ១៥០៣ ​នាក់​រួម​គ្នា​។

ប្រូបៃអូទិក ត្រូវ​បាន​រកឃើញ​ក្នុង​ចំណី​អាហារ ដូចជា ទឹកដោះគោ​ខេហ្វើរ ទឹកដោះគោ​ជូរ ជ្រក់ស្ពៃ សណ្ដែក​ផ្អាប់​មីសួ និង​ជ្រក់​បន្លែ ហើយ​វា​ត្រូវ​បាន​ផលិត​ជា​អាហារ​បំប៉ន​។

ទំនាក់ទំនង​រវាង​រាងកាយ និង​សារធាតុគីមី​ទៅ​នឹង​ពោះវៀន និង​ខួរក្បាល រួមមាន​សរសៃប្រសាទ និង​កោសិកា​កាយប្បសាទ​រាប់លាន​ទៀត​មាន​ឥទ្ធិពល​សំខាន់​លើ​សព៌ាង្គកាយ​។

ជាទូទៅ​អ្នក​កើត​អាការ​ទុក្ខសោក​ជា​ប្រចាំ​រមែង​កើត​បញ្ហា​ស្លន់ស្លោ បែកញើស សង្គ្រឺត​ធ្មេញ ចង់​ក្អួតចង្អោរ ឬ​វិលមុខ​។ ជំងឺ​ទុក្ខព្រួយ​គឺជា​ប្រភេទ​ជំងឺ​ផ្លូវចិត្ដ​ដ៏ធម្មតា​បំផុត​មួយ​នៅ​អាមេរិក និង​អង់គ្លេស​៕ HR