ក្រុងហ្សឺណែវ: ក្រុម​អ្នកស្រាវជ្រាវ​ស្វ៊ី​ស និង​អាមេរិក​បាន​សិក្សា​យ៉ាង​ស៊ីជម្រៅ​ស្ដីពី​បញ្ហា​អវិជ្ជមាន​លើ​តុក្កតា​ទាជ័រ និង​តុក្កតា​ជ័រ​ទន់​ជាច្រើន​ទៀត​ដែល​ប្រើ​ក្នុង​បាសាំង​ទឹក។

សម្ភារ​ប្លា​ស្ទិ​ក​ដែល​ប្រើ​ក្នុង​អាងទឹក​បានផ្ដល់​ជា​ជម្រក​ដ៏​ស្ដុកស្ដម្ភ​សម្រាប់​បាក់តេរី និង​ពពួក​ផ្សិត​ដទៃ។ នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​រួម ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​រដ្ឋាភិបាល​ស្វ៊ីស។

សេចក្ដីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ស្វ៊ីស បាន​បង្ហាញថា៖ «កំណើន​បាក់តេរី និង​ផ្សិត​ដ៏​ច្រើន​សន្ធឹក​នៅ​បរិវេណ​ខាង​ក្នុង​ប្លាស្ទីក និង​ទឹក​ស្លែ នឹង​អណ្ដែត​ចេញ​មក​ក្រៅ​ពេល​វា​ត្រូវ​បាន​ក្មេងៗ​ចាប់​ច្របាច់​លេង»។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​សហព័ន្ធ​ស្វ៊ីស​ផ្នែក​វិទ្យាសាស្ដ្រ​ជលជាតិ និង​បច្ចេកវិទ្យា EAWAG សាលា​ពហុ​បច្ចេកទេស​សហព័ន្ធ​ស្វ៊ីស និង​សាកល​វិទ្យាល័យ អ៊ីល​លីណូស បាន​រក​ឃើញ​ថា កំណើន​អតិ​សុខុម​ប្រាណ​ដ៏​ក្រាស​នេះ​មិន​ត្រឹម​តោង​លើ​សម្ភារ​ប្លាស្ទិក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អ្នក​ងូត​ទឹក​អាង​ផង​ដែរ។

នៅពេល​កាត់​តុក្កតា ពួកគេ​រកឃើញ​កោសិការ​មេរោគ​ចន្លោះ​ពី ៥ លាន​ទៅ ៧៥ លាន​ក្បាល​ក្នុង​បរិមាណ​មួយ​សង់​ទីម៉ែត្រ​ការ៉េ ត្រូវ​បាន​រក​ឃើញ​លើ​ប្លាស្ទិក។ នេះ​បើ​យោង​តាម​របាយការណ៍​សង្ខេប។

អតិសុខុម​ជីវ​វិទូ លោក Frederik Hammes បាន​គូសបញ្ជាក់​លើ​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​អង្គារ​នេះ​ថា៖ «វា​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ស៊ាំ​ជំងឺ ដែល​អាច​ជា​ចំណុច​វិជ្ជមាន តែ​វា​ក៏​អាច​កើត​ជា​ជំងឺ​ឆ្លង ភ្នែក ត្រចៀក ឬ​ថែម​ទាំង​ក្រពះ និង​ពោះវៀន»៕