ក្រុងម៉ៃអាមី: កាលពី ២០ ឆ្នាំមុន ឱសថពណ៌ខៀវឈ្មោះ វីយ៉ាក្រា (Viagra) បានផ្លាស់ប្ដូរវប្បធម៌អាមេរិក ដោយជួយស្រោចស្រង់ជីវិតសិចរបស់បុរសវ័យជ្រេរាប់លាននាក់ និងសម្រួលការសន្ទនាអំពីអសមត្ថភាពផ្លូវភេទ។
ខណៈវាអាចជួយបុរសឲ្យក្រោកឈរឡើងវិញ ស្ដ្រីនៅតែជួបបញ្ហាអសមត្ថភាព និងបាត់បង់ចំណង់នៅឡើយ។
វេជ្ជបញ្ជា ថ្នាំវីយ៉ាក្រា ចំនួន ៦៥ លានសន្លឹកត្រូវបានចេញឲ្យប្រើនៅទូទាំងពិភពលោកសម្រាប់ថ្នាំ ដែលបានអនុញ្ញាតដោយរដ្ឋបាលម្ហូបអាហារ និងឱសថអាមេរិក កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ១៩៩៨។
វីយ៉ាក្រា ឬ sildenafil citrate ត្រូវបានអភិវឌ្ឍដំបូងជាឱសថព្យាបាលសម្ពាធឈាម និងជំងឺបំពង់ក។ ប៉ុន្ដែនៅឆ្នាំ ១៩៩០ បុរសដែលប្រើថ្នាំនេះ មើលឃើញពីប្រសិទ្ធភាពងើបឡើងនៃប្រដាប់ភេទ ដោយការជំរុញលំហូរឈាមទៅកាន់លិង្គ។
វាជាឱសថដំបូងជួយបុរសៗឲ្យលិង្គក្រោកឈរឡើងវិញ។ វីយ៉ាក្រា មានប្រជាប្រិយភាពតំណាងនឹងអ៊ីនធឺណិតព្រមទាំងការកម្រើកឡើងនៃភាពយន្ដសិចតាមអនឡាញ។
ទន្ទឹមការពេញនិយមនេះថ្នាំជួយឲ្យលិង្គរឹង វីយ៉ាក្រា នៅតែត្រូវគេច្រឡំថាជាថ្នាំសម្រើប។ លោក Louis Kavoussi ប្រធានផ្នែកបស្សាវសាស្ដ្រនៅ Northwell Health ជាបណ្ដាញមន្ទីរពេទ្យមូលដ្ឋាននៅក្រុងញូវយ៉កបាននិយាយថា៖ «វាមិនមែនជាឱសថសម្រើបតណ្ហាឡើយ។ បុរសជាច្រើនដែលទិញវាបានលើកឡើងថា ភរិយាខ្ញុំមិនសូវពេញចិត្តនឹងទំនាក់ទំនងសិចនេះឡើយ។ តែខ្ញុំតបវិញថា វីយ៉ាក្រា មិនអាចផ្លាស់ប្ដូរបញ្ហាចំណង់សិចនេះទេ»។
ក្នុងឆ្នាំ ២០១៥ FDA បានអនុម័តឲ្យប្រើឱសថឈ្មោះ Addyi (flibanserin) ដែលត្រូវបានចាត់ទុកជា «វីយ៉ាក្រាសម្រាប់ស្ដ្រី» និងត្រូវបានលក់ជាឱសថបង្កើនចំណង់ផ្លូវភេទស្ដ្រីបាត់បង់កាមតម្រេក។
តែស្ដ្រីត្រូវបានព្រមានមិនឲ្យទទួលទានគ្រឿងស្រវឹងជាមួយឱសថនេះឡើយ។ វាក៏ធ្វើឲ្យអ្នកជំងឺចំណាយប្រាក់រាប់រយដុល្លារ និងបង្កហានិភ័យធំ ដូចជាវិលមុខ ធេងធោង ក្អួតចង្អោរ និងកើតចិត្ដគិតចង់សម្លាប់ខ្លួនជាដើម។
បញ្ហាចម្បងរបស់ស្ដ្រីវ័យចំណាស់ ពេលសំដៅលើជីវិតផ្លូវភេទគឺភាពស្ងួតនៃប្រដាប់ភេទ ដែលអាចធ្វើឲ្យសិចក្លាយជាអាការឈឺចាប់។ ដំណោះស្រាយ រួមទាំងការព្យាបាលអ័រម៉ូន ឬឡាស៊ែរ ដែលធ្វើឲ្យប្រដាប់ភេទស្ដ្រីសកម្មឡើងវិញ ក្នុងតម្លៃរាប់រយដុល្លារ។
អេលីហ្សាប៊ែត កាវ៉ាល័រ អ្នកជំនាញបស្សាវសាស្ដ្រនៅមន្ទីរពេទ្យ ឡេណុក ហ៊ីល ក្នុងក្រុងញូវយ៉ក ពោលថា៖ «យើង នារី ដើរតាមក្រោយបុរសៗយ៉ាងតិច ២០ ឆ្នាំ»៕