ភ្នំពេញៈ អង្គុយលើកៅអីក្នុងហាងក្បែរផ្សារអូរឫស្សីបុរសវ័យហាប្លាយបីនាក់បានលើកកែវស្រាថ្នាំជល់គ្នា។ វាជាស្រាពណ៌ក្រហមក្រមៅ ដែលគេដួសចេញពីក្រឡកែវធំៗតម្រៀបគ្នាក្នុងហាង។
ស្រាថ្នាំនេះត្រូវបានគេជឿថា អាចបំប៉នថាមពលនិងបង្កើនតណ្ហារបស់បុរស។
លោកទូចមករាអាជីវករលក់ស្រាថ្នាំពិសេសនេះបាននិយាយថា៖«ក្នុងហាងបៀរហ្គាដិន១០ មាន៤ហាងហើយដែលលក់ស្រាថ្នាំប៉ូវផ្លូវភេទទាំងនេះ»។
លោកបន្តទៀតថា៖ «កម្រឃើញបុរសណានាំសង្សារមកជាវស្រាថ្នាំពិសេសនេះណាស់ព្រោះខ្លាចខាងស្រីគាត់ខ្មាសគេ ហើយម៉្យាងទៀតវាឲ្យនាំអ្នកដទៃគិតថា អីយ៉ា មួយគូនេះច្បាស់ជាប៉ូវកម្លាំងត្រៀមឡើងគ្រែយប់ហ្នឹងហើយមើលទៅ?»។

ទោះបីជាប្រជាជនខ្មែរចាត់ទុកបញ្ហាផ្លូវភេទជាអាថ៌កំបាំងផ្ទាល់ខ្លួនក្ដី ក៏ទីផ្សារថ្នាំសម្រើបឱសថប៉ូវ និងកែរោគខ្សោយផ្លូវភេទបានដុះដាលច្រើនទាំងបែបបុរាណ និងវិទ្យាសាស្ត្រផងដែរ។
វេជ្ជបណ្ឌិតហៀងប៊ុនលីប្រធានផ្ដល់ប្រឹក្សាមកពីមជ្ឈមណ្ឌលស្រាវជ្រាវអង្គរនិងអង្គការអភិវឌ្ឍន៍ឱសថបុរាណ (ACRe DoHM) មានប្រសាសន៍ថា៖ «ទីផ្សារលក់ថ្នាំសម្រើបពិតជាធំទូលាយមែន»។
លោកបន្តថាអតិថិជនភាគច្រើនគឺជាបុរសវ័យ៤០ឆ្នាំប្លាយឡើងទៅតែម្តង។
ក្នុងជំនួបនៅការិយាល័យ ឯខណ្ឌមានជ័យជាយរាជធានីភ្នំពេញ លោកបានធ្វើការណែនាំទាក់ទិននឹងផលិតផលជំនួយផ្លូវភេទមួយចំនួនដែលមានលក់នៅតាមឱសថស្ថាន ផ្សារ និងផ្សារទំនើបនានា។ នោះគឺថ្នាំមកពីចិនឈ្មោះថា ប្លេកឃីង (Black King) ដែលមានរូបសត្វស្វាឪពណ៌ខ្មៅ និងនារីស្លៀករូបខ្លីពណ៌ក្រហមយ៉ាងសិចស៊ី។ នៅក្នុងកញ្ចប់ថ្នាំក៏មានរូបអាសអាភាស និងការផ្សព្វផ្សាយថា វាអាចបង្កើនបរិមាណទឹកកាម ធ្វើឲ្យលិង្គរឹង និងរួមភេទបានយូរ។
លោកវេជ្ជបណ្ឌិតពន្យល់ថា៖«យើងត្រូវប្រយ័ត្នព្រោះថ្នាំខ្លះគ្មានការអនុញ្ញាតត្រឹមត្រូវទេ ហើយវាអាចផ្ទុកសារធាតុគីមីដែលគ្រោះថ្នាក់ដល់សុខភាពផងដែរ»។
លោកបានដាស់តឿនថា ដើម្បីប្រាក់មានក្រុមហ៊ុនខ្លះផលិតថ្នាំក្លែងក្លាយដែលផ្ទុកសារធាតុគីមីផ្សេង។
យោងតាមទស្សនៈរបស់លោក បញ្ហាអ្វីៗអាចត្រូវបានពន្យល់តាមរយៈធាតុទាំង៤ គឺទឹកដី ភ្លើង និងខ្យល់។
លោកបានពន្យល់ថា៖«ការចុះខ្សោយផ្លូវភេទ ទាមទារធាតុភ្លើង។ សាច់ឆ្កែ និងពស់ អាចបង្កើនកម្ដៅរាងកាយ ហើយលិង្គសត្វជ្រូកពពែ គោ និងក្របី ក៏អាចប៉ូវសុខភាពផ្លូវភេទបានដែរ»។
តាមរូបមន្តពីបុរាណដែលគេជឿតៗគ្នាមកកុយរមាសក៏ត្រូវបានចាត់ទុកជាឱសថជំនួយផ្លូវភេទដ៏ពិសេសដែរ។
លោកវេជ្ជបណ្ឌិតបន្តថា៖«សត្វរមាសវាស៊ីអាហារដែលអាចឲ្យវាផលិតអ័រម៉ូនម៉្យាងជំនួយដល់ផ្លូវភេទ។ ថ្វីដ្បិតតែមិនមានការសិក្សាពីប្រសិទ្ធភាពកុយរមាសចំពោះសុខភាពផ្លូវភេទក៏ពិតមែន ប៉ុន្តែខ្ញុំជឿថាវាជាការពិត។ តែនេះមិនមែនមានន័យថា ខ្ញុំជំរុញឲ្យមានការចាប់រមាសយកមកធ្វើថ្នាំឡើយ»។
រីឯលោកប៉ែនស៊ុនណាប្រធានអង្គការACRe DoHM បានលើកឡើងថា៖ «បុរសៗដែលគាត់ស្គាល់ថ្នាំសម្រើបវីយ៉ាក្រា គាត់នឹងរកទិញវានៅឱសថស្ថាន។ គាត់មិនប្រើថ្នាំបុរាណទេ»។
ក្រៅពីហាងលក់ឱសថ នៅមានកន្លែងចាក់ម្ជុលវិទ្យាសាស្រ្តមួយចំនួន រាប់ទាំងហាងនៅម្ដុំស្ពានក្បាលថ្នល់ ដែលអះអាងថា អាចព្យាបាលបញ្ហាផ្លូវភេទ ដោយការប្រើម្ជុលតម្ពក់ចាក់ចូលជីពចរនៅចន្លោះពងស្វាសនិងរន្ធគូទគួរឲ្យព្រឺផងដែរ។
លោកតាកាដាតាដាណូរីបម្រើការងារនៅមូលនិធិNipponដែលជាអង្គការក្រៅរដ្ឋាភិបាលមួយសហការនឹងមជ្ឈមណ្ឌលជាតិផ្នែកឱសថបុរាណបាននិយាយថាម្ជុលវិទ្យាសាស្រ្តត្រូវបានប្រើប្រាស់ទូទៅដើម្បីព្យាបាលផ្លូវភេទ។
លោកបានថ្លែងថា៖«ខ្ញុំធ្លាប់ប្រើម្ជុលវិទ្យាសាស្ត្រព្យាបាលបញ្ហាផ្លូវភេទបុរសស្ត្រី ដែលភាគច្រើនកើតឡើងដោយសារស្ត្រេស និងអារម្មណ៍ភ័យខ្លាច»។
រូបលោកក៏ធ្លាប់ឮថា នៅប្រទេសកម្ពុជាមានកន្លែងព្យាបាលផ្លូវភេទ ដោយប្រើម្ជុលវិទ្យាសាស្ត្រមានតម្ពក់មកចាក់ទម្លុះស្បែកចន្លោះរន្ធគូទ និងពងស្វាសដែរ។
លោកបានបញ្ជាក់ថា៖«ការកាច់មុខម្ជុលឲ្យបាក់ ហើយទុកតម្ពក់ឲ្យកប់ចោលក្នុងសាច់ គឺជាទង្វើគ្រោះថ្នាក់ និងខុសច្បាប់នៅប្រទេសជប៉ុន»។
លោកពន្យល់ថា តម្ពក់ម្ជុលអាចរត់នៅក្នុងសាច់ ហើយចម្លងមេរោគ។ ចំពោះរូបលោក ការព្យាបាលផ្លូវភេទដោយម្ជុលវិទ្យាសាស្ត្រគឺធ្វើឡើងនៅលើខ្នង។ តែលោកសារភាពថា៖«វាមិនសូវជាជួយច្រើនណាស់ណាទេ»៕ PR